WeCom25631216-083727.png

សព្វថ្ងៃនេះ មនុស្សជាច្រើនបានចេញបើកអាជីវកម្មផ្ទាល់ខ្លួន ព្រោះចង់ស្វែងរកភាពមានបាន ហើយអ្នកខ្លះក៏បានទទួលជោគជ័យ ព្រោះចេះក្រឡែកមើលឆ្វេងស្ដាំមុខក្រោយបានល្អ និងអ្នកខ្លះក៏មិនបានដូចបំណង បានត្រឹមតែរស់ ក្នុងពេលមិនទាន់មានវិបត្តិណាមួយកើតឡើង ព្រោះនៅតែគិតថាអ្វីៗវាមិនផ្លាស់ប្ដូរ និងមិនបានសិក្សាពីទីផ្សារពិភពលោក គឺពួកគេនៅតែប្រកបមុខរបរភ្លើងចំបើង និងមុខរបរបុរាណដដែល។ ដូច្នេះតើលោកអ្នកគួរត្រូវធ្វើដូចម្ដេចទើបអាចបើកមុខរបរត្រូវ និងនៅគង់វង្សបាន? ខាងក្រោមនេះ ជាគន្លឹះ ៥ យ៉ាង ជួយឲ្យលោកអ្នកចាប់មុខរបរត្រូវ មិនងាយដួលរលំ ដែលអាចឈានដល់ការបង្កើតជាហ្រ្វេនឆាយ នឹងក្លាយជាប្រភពចំណូលដ៏រឹងមាំ រហូតបន្តដល់កូនចៅជំនាន់ក្រោយ៖
១. ចេះមើលចំណុចពិសេស

ការចេះមើលចំណុចពិសេសក្នុងមុខរបរគឺ ជាកត្តាសំខាន់មួយ ដែលជួយឲ្យលោកអ្នកជោគជ័យក្នុងការប្រកបមុខរបរកាន់តែខ្លាំងឡើង។ ជាការពិតណាស់ មុខរបរណាក៏មានចំណុចពិសេសដែរ ប៉ុន្តែអាស្រ័យលើលោកអ្នកអាចចាប់យកចំណុចពិសេសនោះមកបង្កើតជាប្រាក់ចំណូលបានដែរឬទេ? ម្យ៉ាងវិញទៀត ចំណុចពិសេសនៃមុខរបរ គឺជាមុខរបរដែលមិនសូវមានអ្នកចេះធ្វើវា ប៉ុន្តែវាមានតម្រូវការខ្ពស់ រហូតដល់មិនអាចបំពេញតម្រូវការបាន។ ជាក់ស្ដែង សព្វថ្ងៃនេះ ប្រទេសកម្ពុជាយើងមានអ្នកនិយមទទួលទានបង្គា សាច់គោច្រើន  ប៉ុន្តែមិនសូវមានអ្នកប្រកបមុខរបរទាំងនេះទេ ដូចនេះតម្រូវការទីផ្សារមានកម្រិតខ្ពស់។

២. ដោះស្រាយបញ្ហាធំរបស់មនុស្ស

មុខរបរដែលអាចដោះស្រាយបញ្ហារបស់មនុស្សបាននោះ គឺជាមុខរបរអាចផលិតបានទាំងទំនិញ  ទាំងគុណភាព ទាំងតម្លៃ ទាំងមនោសញ្ជេតនា ទាំងភាពសប្បាយរីករាយ ទាំងដំណោះស្រាយផ្លូវអារម្មណ៍ និងភាពលំបាកផ្សេងៗរបស់អតិថិជន ហើយពេលដែលអ្នកមានផលិតផលដែលអាចដោះស្រាយបញ្ហាមនុស្សបាន នោះមុខរបររបស់អ្នកនឹងនៅគង់វង្សបានយូរ និងអាចបង្កើតចំណូលឲ្យលោកអ្នកកាន់តែច្រើន ព្រោះមនុស្សគ្រប់គ្នាត្រូវការរហូត លើកលែងតែអ្នកចង់ឈប់ផលិតដោយខ្លួនឯង។ យ៉ាងណាមិញ សូម្បីមុខរបរធុនតូចរបស់លោកអ្នកដូចជា លក់ទឹកក្រឡុក លក់ចេកចៀន លក់ចេកអាំង ជាដើម ក៏អាចដោះស្រាយបញ្ហាមនុស្សបាន។

៣. មុខរបរស្រួលពង្រីក

ការប្រកបមុខរបរត្រូវមានក្ដីស្រមៃធំ និងគោលដៅជាក់លាក់ ទើបមុខរបររបស់លោកអ្នកមានភាពរីកចម្រើន និងរឹងមាំបាន ហើយក្ដីស្រមៃដ៏ល្អមួយ គឺលោកអ្នកត្រូវបង្កើតហ្វ្រេនឆាយមួយឲ្យបាន ព្រោះពេលដែលលោកអ្នកមានហ្រ្វេនឆាយហើយ លោកអ្នកអាចពង្រីកមុខរបររបស់អ្នកបានយ៉ាងស្រួល។

ប្រសិនបើលោកអ្នកចង់ស្វេងយល់ពីហ្វ្រេនឆាយបន្ថែម លោកអ្នកអាចចុចចូលហ្វេកប៊ុកថា SK Franchiseឬ https://www.facebook.com/bizcambo/នោះលោកអ្នកនឹងឃើញគំរូហ្រ្វេនឆាយជាច្រើនបង្ហាញជូនលោកអ្នក។

៤. មិនលួចយីហោគេ

ពេលដែលអ្នកមិនទាន់មានហ្វ្រេនឆាយផ្ទាល់ខ្លួនឯងនោះឡើយទេ លោកអ្នកគួរសិក្សាពីហ្រ្វេនឆាយឲ្យច្បាស់សិន ឬទៅសិក្សាគំរូហ្រ្វេនឆាយពីគេ ដោយទិញហ្រ្វេនឆាយពីគេក្ដី ឬទៅធ្វើការយកពិសោធន៍ពីគេក្ដី ដើម្បីអាចបង្កើតហ្រ្វេនឆាយដោយខ្លួនឯងចាប់តាំងពីបើកអាជីវកម្មលើកដំបូង ហើយជៀសវាងការយកគំរូហ្រេ្វនឆាយពីគេដោយមិនមានបានកម្មសិទ្ធិបញ្ញាពីគេ ឬលួចយកមកធ្វើជារបស់ខ្លួន ព្រោះវាអាចខុសច្បាប់ និងមិនអាចរីកចម្រើនបានទេ។

៥. មុខរបរនាំចេញ

ប្រសិនបើលោកអ្នកមានលទ្ធភាពផលិតអ្វីមួយដែលអាចបំពេញតម្រូវការទីផ្សារក្នុងស្រុកហើយ លោកអ្នកគួរចាប់ផ្ដើមធ្វើវាចុះ ព្រោះវាជារឿងល្អខ្លាំងណាស់ ដែលនាំមកនូវប្រាក់ចំណូលខ្ពស់ ក៏ដូចជាការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងកាត់បន្ថមការនាំចូល។ ម្យ៉ាងទៀត ការនាំចេញច្រើនមានគុណសម្បត្តិជាងការនាំចូល ហើយប្រជាពលរដ្ឋក្នុងស្រុកយើងក៏មានការងារច្រើនផងដែរ ប្រសិនបើយើងជួយបង្កើតផលិតផលក្នុងស្រុកច្រើន។ 

ដូច្នេះ មុននឹងលោកចាប់ផ្ដើមប្រកបមុខរបរណាមួយ លោកអ្នកគួរសិក្សាពីរបរនោះឲ្យបានច្បាស់ថា តើមានចំណុចពិសេសត្រង់ណាខ្លះ? ដោះស្រាយបញ្ហាធំមនុស្សបានទេ? ងាយស្រួលពង្រីកទេ? អាចបង្កើតហ្រ្វេនឆាយដោយរបៀបណា? និងអាចនាំចេញទៅក្រៅប្រទេសបាន ប្រសិនបើលោកអ្នកមាន ៥ ចំនុចនេះហើយ មុខរបរលោកអ្នកមិនងាយដួលងាយទេ៕ 

ប្រភព: Business Cambodia

上一篇:拉达那基里省计划开发“人工岛”吸引游客 下一篇:柬埔寨互联网创业终于起步了:青年们拿到一万美元投资都很开心