រយៈពេលប្រមាណ ២-៣ ឆ្នាំចុងក្រោយមកនេះ អាជីវកម្មចិញ្ចឹមបង្កងទឹកសាបហាក់មានសន្ទុះកាន់តែខ្លាំងឡើង អត្រាអ្នកចង់ប្រកបរបរនេះក៏កាន់តែច្រើនឡើងណាស់ដែរ។ ក្នុងនោះដែរ អ្វីដែលជាចម្ងល់មុនគេបង្អស់សម្រាប់បងប្អូនដែលចង់ប្រឡូកក្នុងការចិញ្ចឹមបង្កងនេះ គឺទាក់ទិនទៅនឹងដើមទុន“តើត្រូវចំណាយដើមទុនប៉ុន្មានទើបអាចចិញ្ចឹមបង្កងបាន?”

មែនទែនទៅអាជីវកម្មចិញ្ចឹមបង្កងទឹកសាប ត្បិតថាវាមានសក្ដានុពលខ្លាំង សម្បូរទីផ្សារ ចំណាយពេលខ្លី និងលក់បានតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្ដែរបរនេះគឺចំណាយទុនតិចតួចខ្លាំងណាស់។ ប្រសិនបើបងប្អូនមានដើមទុនតិច សូមចាប់ផ្ដើមពីតិចហ្នឹងទៅ ហើយទោះក៏ជាមានដើមទុនច្រើនក៏មិនត្រូវចាប់ផ្ដើមធំទាំងម្ដងដែរ។ ការចាប់ផ្ដើមប្រឡូកពីតូចទៅ ហានិភ័យនៃការខាតបង់គឺមានកម្រិតទាប ព្រោះបងប្អូនងាយគ្រប់គ្រង ហើយអាចសិក្សាពីវាបានច្បាស់។

ជាក់ស្ដែង លោក ផឹង លីថាវ៉ន អតីតជាងសំណង់បានងាកមកចាប់របរចិញ្ចឹមបង្កង ហើយធ្វើឲ្យជីវភាពរបស់គ្រួសារលោកបានធូរធាជាងមុនឆ្ងាយណាស់។ ចាប់ផ្ដើមដំបូងលោក បានយកដីដែលនៅទំនេរជុំវិញផ្ទះធ្វើជាអាងដើម្បីចិញ្ចឹមបង្កង។ លោកចំណាយដើមទុនអស់ ២០០ ដុល្លារ ដើម្បីរៀបចំអាងដាក់បង្កង និងទិញសម្ភារៈផ្គត់ផ្គង់ផ្សេងៗ។ ដំបូងលោកបានរៀបចំអាង ២ ដាក់កូនបង្កងបាន ១០០០ក្បាល ដែលអាងមួយមានបណ្ដោយ ១០ម៉ែត្រ និងទទឹង ៧ម៉ែត្រ។ ហើយលោកក៏បានពង្រីកការចិញ្ចឹមបង្កងរបស់ខ្លួន ដោយបន្ថែមអាងចិញ្ចឹមបង្កងដល់ទៅ ២៥ អាង នាំឲ្យចំណូលរបស់លោកកាន់តែប្រសើរជាងមុនកាន់តែច្រើន។

លោក ផឹង លីថាវ៉ន បានបញ្ជាក់ថា បង្កងរបស់លោក ភាគច្រើនគេមកទិញដល់កន្លែង ដើម្បីយកទៅចិញ្ចឹមបន្ត ហើយផ្សារជិតៗនោះក៏មកទាក់ទងលោកច្រើនគួរសមដែរ។ ម្យ៉ាងទៀត ក៏មានប្រជាពលរដ្ឋគ្រប់ទិសទីតែងតែមកសាកសួរលោកជាច្រើន។ រីឯតម្លៃលក់បង្កងវិញ បើបង្កងមានអាយុ ១ខែ ១ក្បាល លក់បាន ២០០០រៀល ហើយបង្កងធំ (សាច់រឹង) ១គីឡូក្រាម តម្លៃ ១២ ម៉ឺនរៀល។

ដោយឡែក ប្រសិនបើបងប្អូនចង់ចិញ្ចឹមជាលក្ខណៈស្រះ គឺចំណាយច្រើនគួរសមដែរ។ តាមសម្ដីរបស់លោក តាំង លៀងឆាយ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយរូប រស់នៅទីរួមខេត្តបាត់ដំបង បានអោយដឹងថា ក្នុងការចាប់ផ្តើមរបរមួយនេះបែបអាជីវកម្មខ្នាតតូច ដំបូងអ្នកអាចចាប់ផ្តើមដើមទុនប្រមាណជា ២ ពាន់ដុល្លារសម្រាប់ការចំណាយទៅលើស្រះទឹក និងការទិញពូជ ឫការទិញកូនមកចិញ្ចឹម តួយ៉ាងអ្នកក៏អាចចិញ្ចឹមនៅក្នុងអាងក៏បាន ហើយអ្នកក៏មិនចាំបាច់ទៅទិញចំណីមកពីគេនោះទេ ដែលយើងអាចរកចំណីអោយវាបានយ៉ាងងាយ។

ជារួម ប្រសិនបើបងប្អូនមានបំណងចង់ប្រកបរបរនេះ បងប្អូនអាចចាប់ផ្ដើមវាពីដើមទុនតិចតួចទៅតាមលទ្ធភាព ហើយពេលដែលទទួលជោគជ័យ និងសិក្សាស្វែងយល់ពីរបរនេះឲ្យកាន់តែច្បាស់ ហើយចាំពង្រីកបន្ថែមទើបអត្រាខាតបង់មានកម្រិតទាប៕

ប្រភព :Business Cambodia   

上一篇:柬埔寨连续4天无确诊病例,新增4例治愈 下一篇:Cambodia tightens measures at borders with Thailand to prevent Covid-19 spread