WeCom25631224-083612.png

សម័យនេះហើយមិនពិបាកដូចកាលពីមុនទេ ទោះមានដីតិចតួចក៏អាចច្នៃបង្កើតចំណូលបានដែរ។ សម្រាប់់បងប្អូនដែលមានដីតិចតួចត្រឹមកន្លះហិចតា ឬតិចជាងនេះ ច្បាស់ណាស់ថាជួបបញ្ហាមិនដឹងថាគួរធ្វើអ្វីទើបបង្កើតចំណូលបាន ថ្ងៃនេះ Business Cambodia នឹងនាំបងប្អូនទៅស្គាល់បច្ចេកទេសដាំបន្លែមួយប្រភេទ ទោះបងប្អូនមានដីតូចក៏អាចរកចំណូលបានរាប់លានរៀលក្នុងមួយខែដែរ។ 

តាមរយៈបទពិសោធន៍ដាំបន្លែសុវត្ថិភាពលើទឹកដែលគេនិយមហៅថាការដាំដោយប្រើបច្ចេកទេស Hydro ជិត ៧ ឆ្នាំមកនេះ លោក ពុច វៃ បានមានប្រសាសន៍ថា លោកបានចាប់ផ្ដើមដាំដំណាំលើទឹកនេះតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយលោកដាំវាលើដីទំហំ ៣០X ៤០ ម៉ែត្រការេប៉ុណ្ណោះ ប៉ុន្ដែជារៀងរាល់ខែលោកអាចប្រមូលផល ស្ពៃនិងសាឡាត់របស់លោកបានទាបបំផុតក៏ជាង១តោនដែរ។

ម្ចាស់កសិដ្ឋានបន្លែសុវត្ថិភាព Hydro Farm ខាងឲ្យដឹងទៀតថា ការដាំបន្លែលើទឹកនេះ ជាបច្ចេកទេសមួយនេះ គឺវាទាមទារឲ្យកសិករចំណាយដើមច្រើនបន្ដិចក្នុងដំណាក់កាលដំបូង គឺត្រូវចំណាយទៅលើការទិញសម្ភារៈនិងការរៀបចំទុយោ និងប្រព័ន្ធទឹកជាដើម។ 

ត្បិតថាការចំណាយនៅពេលចាប់ផ្ដើមរាងច្រើនបន្ដិចក៏ពិតមែន ប៉ុន្ដែសម្ភារៈដែលយើងបានរៀបចំហើយគឺអាចប្រើប្រាស់បានរហូតដល់ទៅពី ១០ទៅ ២០ឆ្នាំឯណោះ។ មានន័យថាចំណាយដើមទុនតែម្ដង ចាំប្រមូលផលបានរាប់សិបឆ្នាំ ប៉ុន្ដែការដាំន្លែតាមរៀបនេះ វាទាមទារឲ្យម្ចាស់ចំការត្រូវតែជាមនុស្សឧស្សាហ៍ព្យាយាមបន្ដិច ព្រោះការដាំលើទឹកនេះ យើងត្រូវមើលថែទាំវា ទាំងព្រឹកទាំងល្ងាច ទើបវាដុះលូតលាស់ល្អ ហើយអាចផ្គត់ផ្គង់ឲ្យម៉ូយបានទាន់ពេល និងគ្រប់តាមតម្រូវការ។

ពិសេសជាងនេះទៀត លោក ពុច វៃ បានសង្កត់ធ្ងន់ថា  ការដាំបន្លែលើទឹកតាមប្រព័ន្ធ Hydroponic (ហាយដ្រូផូនិច) មានផលចំណេញជាងការដាំតាមលក្ខណៈធម្មតាច្រើនណាស់ ដោយហេតុថាការរៀបចំដាំតាមប្រព័ន្ធHydroponic នេះ រៀបចំតែម្ដងអាចដាំបានរហូតដល់ ១០ ឬ ២០ ឆ្នាំ អាស្រ័យទៅលើគុណភាពទុយោ។ មួយវិញទៀតបន្លែដែលយើងដាំបានក៏មានគុណភាពល្អថែមទៀត។ ផ្ទុយពីការដាំដុះលើដីដែលដាំបានម្ដង ត្រូវភ្ជួររាស់ដីម្ដង ហើយត្រូវចំណាយដើមទុនរហូត ពេលដាំគឺជាពេលដែលត្រូវចំណាយដើមទុនដ ដូច្នេះដាំន្លែលើទឹកគឺចំណេញជាង។

គូសញ្ជាក់ថា នៅក្នុងចំការបន្លែសុវត្ថិភាព Hydro Farmរបស់មាន ពុច វៃ ផ្ដោតដាំតែស្ពៃនិងសាឡាត់ប៉ុណ្ណោះ។ ប៉ុន្ដែក្នុងនោះមានសាឡាត់និងស្ពៃជាច្រើនប្រភេទដូចជា សាឡាត់អុីតាលី សាឡាត់ស្វានិងក្រហម សាឡាត់ប៉ាត់តារីយ៉ា សាឡាត់ស្វាយនិងសាឡាត់ខ្មែរ។ ចំណែកឯពូជស្ពៃវិញមានដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃក្ងោក ស្ពៃពូជឡូឡូ និងពូជត្រីចង្កឹះជាដើម។

គួររំលឹកផងដែរថា ស្ពៃនិងសាឡាត់ក្នុងចំការ Hydro Farmជារៀងរាល់ថ្ងៃត្រូវបានកម្មង់ទិញពីបណ្ដាផ្សារទំនើបធំៗ ផ្សារឡាក់គី ផ្សារទូលទំពូន និងផ្សារផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ ដោយស្ពៃមួយគីឡូតម្លៃ ៦០០០ រៀល និងសាឡាត់តម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូ ហើយតម្លៃបន្លែក្នុងចំការរបស់លោកគឺមានតម្លៃថេរជានិច្ច មិនថាស្ថិតក្នុងខែប្រាំងឬវស្សានោះទេ ព្រោះលោកបានចុះត្រាជាងភាគីអ្នកទិញ៕


ប្រភព: Business Cambodia

上一篇:中方援柬大批绿色低碳设备完成交接 下一篇:OPINION: Women’s financial inclusion can help tackle “bride trafficking” from Cambodia to China