WeCom25631228-085015.png

មែនទែនទៅនៅក្នុងប្រទេសយើង នៅតាមជនបទ ឬជាយក្រុង គឺតែងតែមានដីទំនេរចោលជាច្រើន ដោយអ្នកខ្លះលើកឡើងថាមិនដឹងប្រកបរបរអ្វីទើបបានចំណូល ខ្លះទៀតដឹងរកស៊ីអ្វី ខ្លះមិនហ៊ានដាំអ្វីខ្លាចគ្មានទីផ្សារ ខ្លាចគ្មានអ្នកទិញ ដោយសារតែហេតុនេះហើយ ទើបថ្ងៃនេះក្រុមការងារ Business Cambodia និងលើកយកនៅដំណាំមិនរើសដី ២ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ងាយស្រួលថែទាំ លើសពីនេះគឺជាដំណាំដែលកំពុងមានតម្រូវការទីផ្សារល្អនៅកម្ពុជា ។ ហើយអ្វីដែលកាន់តែពិសេសសម្រាប់ដំណាំ ពីរប្រភេទនេះ គឺអាចប្រមូលផលបានរាល់ថ្ងៃ ក្នុងរយៈពេលជាច្រើនឆ្នាំ។

១. ដំណាំទំពាំងបារាំង ៖ ដំណាំទំពាំងបារាំង គឺជាបន្លែដែលកំពុងពេញនិយម និងមានតម្រូវការខ្ពស់នៅលើទីផ្សារ មានតម្លៃថ្លៃ មួយវិញទៀតនោះវាត្រូវបានគេចាត់ទុកថាគឺជាបន្លែស្អាត គ្មានជាតិគីមី ពីព្រោះក្នុងមួយយប់វាលូតបានដល់ទៅ ១៥សង់ទីម៉ែត្រ ។ ដំណាំនេះប្រើរយៈពេលដាំដុះ និងថែទាំត្រឹមតែ ៤ខែប៉ុណ្ណោះ គឺអាចប្រមូលបានជារៀងរាល់ថ្ងៃ គ្រប់រដូវ ( ពេញមួយឆ្នាំ ) និងអាចប្រមូលផលបានរយៈពេល ចន្លោះពី ២០ ទៅ ២៥ឆ្នាំ និយាយជារួមដាំតែម្ដង អាចចិញ្ចឹមគ្រួសារបានជាង ២០ឆ្នាំឯណ្ណោះ ។

ដំណាំទំពាំងបារាំង អាចប្រមូលផលបានគ្រប់រដូវ សំខាន់ការប្រើប្រាស់ជីធម្មជាតិ មានដូចជា ជីកំប៉ុស ជីអង្កាម ឬជីលាមកសត្វ រួមនឹងការថែទាំ ការស្រោចស្រពឲ្យបានជាប់ជាប្រចាំ ដោយប្រើរយៈពេលដាំប្រហែល ៤ខែប៉ុណ្ណោះ អាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ ហេតុដូចនេះ មន្ទីរតែងតែចុះណែនាំ ឲ្យប្រជាកសិករដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំបន្លែទំពាំងបារំាងនេះឲ្យបានច្រើន ព្រោះមានតម្លៃខ្ពស់ណាស់ និងមិនពិបាករកទីផ្សារឡើយ ។

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា« ទំពាំងបារាំងជាដំណាំមួយប្រភេទងាយស្រួលដាំ មានទីផ្សារល្អ ដោយសារការដាំដុះមិនប្រើប្រាស់ថ្នាំពុលឬសារធាតុគីមីឡើយ ចំណាយដើមទន់តិចទទួលផលបានខ្ពស់ និងមានរយៈពេលយូក្នុងការទទួលផល ទើបប្រជាកសិករបាននាំគ្នាងាកមកដាំដំណាំប្រភេទនេះច្រើន ហើយការនិយមរបស់ទីផ្សារក៏ច្រើន ជាពិសេសមានអ្នកចាំទទួលទិញដល់កន្លែងតែម្តង ដែលពួកគាត់បានចុះកិច្ចសន្យាទិញលក់ និងមានទីផ្សារទំនើបនៅទីក្រុងភ្នំពេញបើគេត្រូវការយើងបោះដុំឲ្យគេ ហេតុដូចនេះប្រជាកសិករមើលឃើញថាមានទីផ្សារគាត់ក៏នាំគ្នានាំជាបណ្តើរៗ »

២. ដំណាំទំពាំងផ្អែម ៖ ចាយពេល ៧ទៅ ៨ខែ លើដំណាំទំពាំងផ្អែម អាចប្រមូលផលទាញចំណូលរាល់ថ្ងៃ ចិញ្ចឹមគ្រួសារ១ជីវិត ។ របរដាំទំពាំងឬស្សីផ្អែមទើបតែមានមនុស្សចាប់អារម្មណ៍ក្នុងរយៈពេលប្រមាណជា ៣ ទៅ ៤ មុននេះទេ ។ បច្ចុប្បន្ននេះដំណាំឬស្សីផ្អែមកំពុងមានតម្រូវការទីផ្សារ ចំពោះតម្លៃវិញនោះគឺថ្លៃគួរសម ប៉ុន្ដែជាក់ស្ដែងរបរនេះមិនសូវមានកសិករចាប់អារម្មណ៍ដាំប៉ុន្មានទេ អ្វីដែលកាន់តែពិសេសនោះដំណាំនេះងាយស្រួលដាំ ឆាប់ទទួលផល បើគិតចាប់ពីពេលចាប់ផ្ដើមដាំរហូតដល់ពេលទទួលផលគឺមានរយៈពេលចន្លោះពី ៧ ទៅ ៨ ខែ គឺអាចប្រមូលផលបានហើយ មួយវិញទៀតដំណាំនេះមានរយៈពេលវែងជាងទំពាំងបារាំង វាអាចមានអាយុរហូតដល់រយឆ្នាំ អាស្រ័យលើការមើលថែ ។

លើសពីនេះទៅទៀតនោះដំណាំទំពាំងផ្អែម ជាដំណាំដែលមិនរើសដី ងាយស្រួលដាំដុះ អាចដាំដុះបាននៅលើដីស្ទើរគ្រប់ប្រភេទ គ្រប់តំបន់ លើកលែងតែដីលិចទឹកប៉ុណ្ណោះ ។ មួយវិញទៀតនោះដំណាំនេះគឺយើងអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ពេញមួយជីវិត និងអាចរកចំណូល តកូនតចៅបានទៀតផង។ ឬស្សីទំពាំងផ្អែមជាដំណាំមួយប្រភេទដែលធន់នឹងអាកាសធាតុ អាចប្រមូលផលបានទាំង ២ រដូវ រដូវប្រាំង និងរដូវវស្សា ប៉ុន្ដែរដូវប្រាំងចាំបាច់ត្រូវការឱ្យមានទឹក និងជីគ្រប់គ្រាន់ ។

ឬស្សីផ្អែម ឬ ទំពាំងផ្អែមជារបរចិញ្ចឹមជីវិតដែលងាយស្រួលជាងគេ សាកសមបំផុតសម្រាប់មនុស្សចាស់ដែលចូលនិវត្ត៍ ឬគ្រួសារដែលត្រូវចំណូលសម្រាប់ចិញ្ចឹមគ្រួសារជាប្រចាំថ្ងៃ ។ ចំពោះទីផ្សារវិញនោះ បើយោងទៅតាមកសិករដាំទំពាំងផ្អែមខេត្តបាត់ដំបងបានឱ្យដឹងថា ទីផ្សារទំពាំងផ្អែមគឺមានទីផ្សារល្អ ឱ្យតែមានគឺមានគេមកទិញដល់ៗផ្ទះ មិនពិបាកលក់ទេ មួយវិញទៀតនោះទំពាំងផ្អែមទើបតែមានការពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដោយសារតែវាមានរស់ជាតិឆ្ងាញ់ខុសប្លែកពីទំពាំងធម្មតាទើបមានការគាំទ្រខ្លាំង ។ 

មែនទែនទំពាំងឬស្សីផ្អែមប្រើរយៈពេលដាំដុះខ្លី ឆាប់ទទួលផល ដំណាំឬស្សីផ្អែម ងាយស្រួលដាំនិងថែទាំជាងដំណាំផ្សេងៗ ហើយអាចរកចំណូលបានរាល់ថ្ងៃ ក្នុងមួយគីឡូលក់បានតម្លៃចន្លោះពី ៤០០០ ទៅ ១០០០០រៀល/គីឡូទៅតាមរដូវ និងទីផ្សារជាក់ស្ដែង នៅរដូវប្រាំងអាចមានតម្លៃចន្លោះពី ៨០០០ ទៅ ១០០០០រៀល ក្នុងរដូវវស្សាអាចមានតម្លៃ ៤០០០រៀល/គីឡូ ដោយសារតែរដូវវស្សាមានទំពាំងច្រើនមកពីគ្រប់ទិសទី ។

បើតាមការប្រៀបធៀបទំពាំងផ្អែម និងទំពំាងស្រុក ទំពាំងផ្អែមអាចប្រមូលផលបានគ្រប់រដូវកាល ហើយទំពាំងស្រុកអាចប្រមូលផលបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ។ ជាងនេះទៅទៀតវាមានអត្ថប្រយោជន៍ច្រើនយ៉ាង ពេលទំពាំចាស់ក្លាយជាឬស្សីអាចលក់ដើមបាន ពេលទំពាំងខ្ចីអាចលក់សម្រាប់ធ្វើជាអាហារបានទៀត និយាយជារួមវាមានប្រយោជន៍ទាំងអស់ ។

ប្រជាកសិករដែលមានដីទំនេរចោលត្រឹម ១ហិចតា ឬកន្លះហិចតា ឬច្រើនជាងនេះ តិចជាងនេះ អាចងាកមកដាំទំពាំងឫស្សីផ្អែម ឬទំពាំងបារាំងបាន ដែលដំណាំទាំងនេះជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុកាលវែង បានផលទាំងដើម និងកូនទៀតផង ដែលដំណាំប្រភេទនេះ ជួយបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករបានល្អប្រសើរ ដោយមិនចាំបាច់ធ្វើការចំណាក់ស្រុកនោះឡើយ ៕


ប្រភព: Cambodia Business

上一篇:新增1例治愈,柬埔寨现有患者仅剩8例 下一篇:Restrictions lifted: Health Ministry allows businesses involved in the ‘November 28 community incide