[J-Tao Report] ពាក្យមួយឃ្លាបានលើកឡើងថា «មេដឹកនាំខ្លាំងកូនចៅហ៊ានក្លា មេដឹកនាំអស្ចារ្យកូនចៅរឹងម៉ាំ» ជាក់ស្តែង Li Ying គឺជាស្ត្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន ជាពិសេសប្រជាជនចិនទៅលើសមត្ថភាព ចំណេះដឹង ភាពលេចធ្លោក្នុងការធ្វើជំនួញ និងសមត្ថភាពឆ្លាតវៃលើការវិនិយោគរហូតគេឲ្យរហ័សនាមថា «Warren Buffett នៃប្រទេសចិន» ថែមទៀតផង ហើយនាងក៏ជាមនុស្សជំនិតដៃស្តាំរបស់មហាសេដ្ឋីមាឌល្អិត Jack Ma ផងដែរ។

ក្នុងនោះមិនត្រឹមតែមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងការបំពេញកិច្ចការងារនោះទេ នាងក៏ត្រូវបានគេចាត់ទុកថា ជាស្ត្រីមួយរូបក្នុងចំណោម ស្ត្រីនៅលីវ ដែលមានភាពទាក់ទាញបំផុតក្នុងប្រទេសចិន ទាំងរូបសម្រស់ និងទ្រព្យសម្បត្តិ។ ប៉ុន្តែព័ត៌មានរបស់ Li Ying ហាក់មិនសូវមានភាពទូលំទូលាយប៉ុន្មានទេ ព្រោះនាងមិនសូវមានវត្តមានចេញមុខមាត់នៅលើបណ្ដាញព័ត៌មានធំៗរបស់ពិភពលោក។

WeCom25631230-083600.png



អ្នកនាង Li Yingត្រូវបានគេដឹងថា បានធំដឹងក្ដីឡើងនៅក្នុងក្រុងស៊ិនជិន ប្រទេសចិន រហូតដល់ឆ្នាំទី២ នៃមធ្យមសិក្សា នាងត្រូវបានឪពុកម្ដាយឲ្យបន្ដការសិក្សានៅសហរដ្ឋអាមេរិក។ នាងពិតជាមានសមត្ថភាពលេចធ្លោជាងមិត្តភក្ដិក្នុងការដាក់ពាក្យទៅរៀននៅក្រៅប្រទេសនោះ ដោយនាងត្រូវបានវិទ្យាស្ថាន MIT, សាកលវិទ្យាល័យ Yale និង Stanford ទទួលយកឲ្យចូលរៀន ខណៈដែលកាលនោះ នាងមានវ័យត្រឹមតែ ១៧ឆ្នាំ។ នាងបានជ្រើសរើសរៀននៅវិទ្យាស្ថាន MIT ហើយបានបញ្ចប់ការសិក្សាត្រឹមតែរយៈពេល៣ឆ្នាំ។ នៅគ្រានោះ នាងមានវ័យ២០ ឆ្នាំ នាងទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិត ផ្នែកវិស្វករអេឡិចត្រូនិក និងវិទ្យាសាស្ត្រកុំព្យូទ័រ។

តាមរយៈសារព័ត៌មាន South China Morning Post  បានឲ្យដឹងថា រហូតមកដល់ឆ្នាំ ២០១០ នៅក្នុងវ័យ ២៩ឆ្នាំ អ្នកនាង Li Ying ត្រូវបានមហាសេដ្ឋី Jack Ma និយាយអូសទាញនាងដល់ទៅ ៣លើកទម្រាំតែនាងសម្រេចចិត្តយល់ព្រមដើរចេញពី Silicon Valley មកបើកក្រុមហ៊ុន Yunfeng Capital ដែលជាក្រុមហ៊ុនមូលនិធិទុនឯកជនរបស់លោកក្នុងនាមជាសហស្ថាបនិក ដោយរួមមានលោក Jack Ma លោក David Yu និង អ្នកនាង Li Ying ផ្ទាល់តែម្តងក្នុងក្រុមហ៊ុននេះ។

ជាមួយគ្នានេះដែរ បើទោះបីជាមិនសូវជាមានព័ត៌មានចុះផ្សាយច្រើនពីស្ត្រីខ្លាំងដៃស្តាំរបស់លោក Jack Ma រូបនេះក៏ដោយ ប៉ុន្ដែអ្នកនាងត្រូវបានគេដឹងថា នាពេលបច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ និងមិនទាន់មានគ្រួសារនៅឡើយទេ (នៅលីវ) ហើយនាងក៏ជាអ្នកនិយមប្រើប្រាស់រថយន្ដទំនើបៗ ដូចជា Bentley, Mercerdes-Maybach និង Rolls-Royce ជាដើម។ ស្របពេលដែលទ្រព្យសម្បត្តិរបស់អ្នកនាងត្រូវបានគេប៉ាន់ប្រមាណថា អាចមានដល់ទៅជាង ១,៤ ពាន់លានដុល្លារអាមេរិក និងជាស្ត្រីដែលកំពុងប្រជែងតំណែងស្ត្រីមានជាងគេបង្អស់នៅក្នុងប្រទេសចិនជាមួយនឹងអ្នកស្រី Yang Huiyan ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បី។

ប្រភព: Business Cambodia



上一篇:连续2天无确诊,柬埔寨现有患者仅4例 下一篇:Cambodia arrests seven illegal Vietnamese entrants amid Covid-19 fears