WeCom25631231-084407.png

មានពាក្យមួយឃ្លាដែលប្រជាជនខ្មែរតែងតែនាំគ្នានិយាយលែងគឺ “លុយមិនសំខាន់ តែសំខាន់គឺអត់លុយ”។ ជាការពិតណាស់លុយមិនអាចស្មើនិងសុភមង្គលបានទេ ប៉ុន្ដែនៅក្នុងរង្វង់គ្រួសារភាគច្រើនតែងតែឈ្លោះប្រកែកគ្នាដោយរឿងលុយ។ ដូច្នេះហើយកុំថាលុយមិនសំខាន់ វាក៏ជាផ្នែកមួយដែលជីវិតមនុស្សខ្វះវាមិនបានផងដែរ។ 

បច្ចុប្បន្នមនុស្សភាគច្រើនកំពុងជួបប្រទះនូវបញ្ហាលុយកាក់មិនថាយុវវ័យឬក៏អ្នកមានគ្រួសារហើយនោះទេ កំពុងតែជួបវិបត្ដិចំណាយធំជាងចំណូល ចាយលុយមិនដល់ដាច់ខែ។ បញ្ហាទាំងនេះត្រូវបានអ្នកជំនាញហិរញ្ញវត្ថុជាច្រើនបានឲ្យដឹងថាមកពីភាពកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ(គ្មានចំណេះដឹងទៅលើការគ្រប់គ្រងលុយ ចាយវាយខ្ជះខ្ជាយជាដើម)។ ដូច្នេះដើម្បីដោះស្រាយបញ្ហាលុយកាក់ដែលអ្នកជួបប្រទះ អ្នកត្រូវតែដឹងរឿងរបស់លុយក៏ដូចជាការគ្រប់គ្រងលុយ។ ខាងក្រោមនេះគឺជារឿង  ៥ នៃលុយដែលអ្នកត្រូវដឹង៖

១.រកលុយ

លោកអ្នកច្បាស់ជាគិតថាការរកលុយនណាក៏ចេះរកដែរ ប៉ុន្ដែការរកលុយនៅចំណុចនេះគឺសំដៅទៅលើការបង្កើនចំណូល។ ការបង្កើនចំណូលនោះទៀតសោតមិនចាំបាច់ទាល់តែមានការកើនឡើងច្រើនៗទើបហៅថាកើននោះទេ តែអ្នកត្រូវធ្វើការប្រៀបធៀបពីមួយខែទៅមួយខែថាតើចំណូលរបស់អ្នកកើនឡើងរហូតឬយ៉ាងណា ទោះតិចក្ដីច្រើនក្ដីឲ្យតែវាមានការកើនឡើង។ យូរៗទៅអ្នកនឹងមានទម្លាប់បង្កើនចំណូលរហូត។

២.ការចំណាយលុយ

អ្នកត្រូវចំណាយលុយទៅតាមខ្ទង់ ឲ្យត្រូវខ្ទង់។ ពិតណាស់របៀបនៃការកចំណូលរបស់យើងមិនអាចកំណត់ថាយើងជាអ្នកណាបានទេ ហើយរបៀបនៃការរកលុយមិនអាចកំណត់ថាអ្នកអាចជាអ្នកមានបានដែរ ប៉ុន្ដែរបៀបនៃការចាយវាយរបស់យើងអាចកំណត់ថាយើងជាអ្នកណា។ ដូច្នេះត្រូវចាយវាយឲ្យមានរបៀបក្នុងការចាយ រាល់ការចាយវាយទាំងអស់ត្រូវមានការកត់ត្រាទុកឬដែលហៅថាបញ្ជីចំណាយនោះឯង។

ការមានបញ្ជីចំណាយប្រចាំខែអាចឲ្យអ្នកដឹងថា តើអ្នកបានចំណាយទៅលើអ្វីខ្លះ ហើយរាល់ការចំណាយទាំងនោះមួយណាជាចំណាយបានការហើយអ្វីខ្លះជាចំណាយមិនបានការ។ ដូច្នេះអាចធ្វើការកាត់បន្ថយការចំណាយដែលមិនបានការឬគិតថាមិនបានប្រយោជន៍គួរតែបញ្ឈប់វា។ មួយវិញទៀតប្រសិនបើអ្នកមិនកត់ត្រារាល់ចំណាយរបស់អ្នក អ្នកប្រាកដជាមិនដឹងថាអ្នកបានចំណាយទៅអ្វីខ្លះនោះទេ ហើយចេះតែពោលថាលុយមិនដឹងទៅអស់ទេ មិនទាន់ដាច់ខែផងដាច់លុយបាត់។

៣.ការសន្សំលុយ

មនុស្សភាគច្រើនបានដាក់គោលដៅថានឹងសន្សំលុយ ប៉ុន្ដែជាក់ស្ដែងបានត្រឹមជាការកុហកខ្លួនឯងប៉ុណ្ណោះគឺពួកគាត់មិនអាចធ្វើបាននោះទេ។ ដោយសារពួកគាត់មានលេសមួយគឺថាចាំចាយសល់ចាំសន្សំ។ តាមការពិតក្បួននៃការសន្សំដើម្បីទទួលបានជោគជ័យគឺសន្សំមុនចំណាយ(ដកលុយសន្សំមុនហើយបានចំណាយ)។ ដើម្បីទទួលបានទម្លាប់ល្អក្នុងការសន្សំអ្នកត្រូវដក ១០ ភាគរយនៃប្រាក់ចំណូលជារៀងរាល់ខែដើម្បីសន្សំ ហើយត្រូវព្យាយាមធ្វើវាឲ្យបានជារៀងរាល់ខែ ពេលនោះអ្នកនឹងឃើញថាប្រាក់សន្សំរបស់អ្នកនឹងកើនឡើវាកម្លាំងចិត្ដមួយដែលជម្រុញឲ្យអ្នកបន្ថែមចំនួនសន្សំកាន់តែច្រើន។ ពិសេសជាងគេនេះអ្នកនឹងដឹងថានៅពេលដែលអ្នកដកសន្សំមុនចំណាយប្រាក់របស់អ្នកក៏នៅតែអាចចាយគ្រប់បានពេញមួយខែដូចកាលដែលមិនទាន់បានដកសន្សំ។

៤.ការវិនិយោគលុយ

លុយដែលយើងបានសន្សំគឺមិនមែនសម្រាប់ទិញរបស់ប្រេនៗទំនើបៗមកលំអខ្លួន ឬការកំសាន្ដផ្សេងៗនោះទេ។ លុយដែលយើងបានដកសន្សំទុកប្រចាំខែនោះគឺគេហៅថាជាលុយគ្រាប់ពូជ លុយសន្សំទុកសម្រាប់ពេលណាមួយដែលអ្នកគិតថាសាកសមហើយចាប់ផ្ដើមវិនិយោគ។ ចំណែកឯការវិនិយោគនោះគឺមានច្រើនប្រភេទគឺវិនិយោគទៅលើខ្លួនឯង វិនិយោគទៅលើជំនួញ វិនិយោគទៅលើមនុស្សនិងការវិនិយោគទៅលើអ្វីផ្សេងៗជាដើម។ 

ការវិនិយោគខាងលើគឺសំដៅទៅលើការវិនិយោគណាដែលផ្ដល់ផលវិជ្ជាមានក៏ដូចជាបង្កើតផលប្រយោជន៍ដល់អ្នក។ ជាទូទៅបើតាមអ្នកជំនាញកាលវិនិយោគដំបូងគេបង្អស់របស់អ្នកគឺវិនិយោគទៅខ្លួនឯង វិនិយោគដើម្បីបង្កើនសម្ថភាព ចំណេះដឹងជំនាញនិងអ្វីផ្សេងទៀតដែលអ្នកគិតថាអាចធ្វើឲ្យអ្នករីកចម្រើនជាងមុន។ លើសពីនេះទៅទៀតអ្នកអាចវិនិយោគទៅលើអាជីវកម្មណាដែលអ្នកទុកចិត្ដដើម្បីបង្កើនចំណូលបន្ថែម។

៥.ការបរិច្ចាគលុយ

អ្នកអាចភ្ញាក់ផ្អើម ហើយស្ដាប់ទៅរៀងឆ្គង នៅពេលអានដល់ចំនុចនេះ ប៉ុន្ដែតាមច្បាប់នៃលុយបានចែងថា”ប្រសិនបើយើងកាន់តែឲ្យ យើងកាន់តែទទួលបាន”។ លោកអ្នកបានដឹងហើយថាពួកមហាសេដ្ឋីជាច្រើនតែងតែធ្វើការបរិច្ចាគទ្រព្យសម្បត្ដិជាច្រើនរបស់ពួកគេទៅក្នុងកម្មវិធីសប្បុរសធម៍។ អ្នកច្បាស់ជាគិតថាមកពីពួកគេមានលុយចាយមិនអស់ហើយបានជាបរិច្ចាគ នេះអាចថាជាហេតុផលមួយ ប៉ុន្ដែហេតុផលសំខាន់មួយទៀតនោះគឺពួកគាត់ជឿថាកាលណាពួកគាត់ឲ្យកាន់តែច្រើនពួកគាត់និងបានផលតបស្នងកាត់តែច្រើនមកវិញ៕


ប្រភព: Business Cambodia

上一篇:新增1例治愈,柬埔寨现有患者仅剩3例 下一篇:One month on and no longer ‘the world’s loneliest elephant’