[J-Tao Report] មានបងប្អូនជាច្រើនដែលមានបំណងចង់បង្កើតប្រភពចំណូលឲ្យបានកាន់តែច្រើន ក្រៅតែពីប្រាក់ខែដែលជាចំណូលគោលតែមួយមុខ។ អាស្រ័យនេះហើយ ថ្ងៃនេះ Business Cambodia នឹងនាំបងប្អូនទៅស្គាល់មុខរបរ ៣ ប្រភេទដែលជាប្រភពចំណូលបន្ថែមពីលើប្រាក់ខែ ដែលបងប្អូនគួរតែសាកល្បងធ្វើ ប្រសិនបើមានដីទំនេរនៅក្រោយផ្ទះ ឬដីទិញនៅទំនេរមិនបានធ្វើអ្វី សូមកុំទុកចោលគួរច្នៃវាបង្កើតលុយ។

១.របរចិញ្ចឹមមាន់ស្រែ

ជាអតីតពលករកូរ៉េម្នាក់ ដែលធ្លាប់បានធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ អស់រយៈពេលជាច្រើនឆ្នាំ លោក ឡេង ស៊ីវុទ្ធី បានស្ពាយជំនាញដែលខ្លួនបានរៀន កាលនៅធ្វើការឱ្យគេនោះ យកមកបង្កើតជាកសិដ្ឋានចិញ្ចឹមមាន់ស្រែ រហូតអាចរកចំណូលបានជាង ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

លោក ឡេង ស៊ីវុទ្ធី បានរំលឹកឱ្យដឹងថា លោកបានចាប់ផ្តើមបង្កើតកសិដ្ឋានចិញ្ចឹមមាន់ស្រែ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយលោកបានយកបទពិសោធន៍មួយចំនួនពីប្រទេសកូរ៉េខាងត្បូងយកមកចិញ្ចឹមមាន់នៅក្នុងកសិដ្ឋានរបស់ខ្លួន។ លើសពីនេះ លោកក៏មានការជ្រោមជ្រែងពីមន្ទីរកសិកម្មផងដែរ។

បច្ចុប្បន្ននេះ កសិដ្ឋានរបស់លោក មានការវិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមានមេពូជចំនួន ៣០០ក្បាល ទុកបង្កាត់ ភ្ញាស់យកកូនលក់ និងសម្រាប់ចិញ្ចឹមមាន់សាច់។ លោកបានបញ្ជាក់ថា របរចិញ្ចឹមមាន់ស្រែនេះ គឺមានទីផ្សារល្អមែនទែន ហើយរបរនេះ ក៏មិនមានការពិបាកខ្លាំង នៅក្នុងការចិញ្ចឹមនោះដែរ។ លោក ឡេង ស៊ីវុទ្ធី បានបង្ហើបឱ្យដឹងដែរថា សព្វថ្ងៃនេះ លោកអាចលក់កូនមាន់បានក្នុងមួយក្បាលចន្លោះពី ៤៥០០-៥០០០រៀល។ រីឯ មាន់សាច់លោកអាចលក់បានក្នុងមួយគីឡូ ចន្លោះពី ១៦០០០ ទៅ ១៧០០០រៀល។ ដូច្នេះ ក្នុងមួយខែៗ លោកអាចរកចំណូលបានមិនតិចជាង ១ពាន់ដុល្លារនោះទេ។

សូមបញ្ជាក់ថា លោក ឡេង ស៊ីវុទ្ធី បច្ចុប្បន្នគឺជាម្ចាស់កសិដ្ឋានតាអ៊ី ៦១៩ មាន់ស្រែ ដែលមានទីតាំងស្ថិតនៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែក សម្រាប់បងប្អូនដែលមានបំណងចង់សិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម ភ្ញាស់ ឬសួរនាំអំពីតម្លៃស៊ុតមាន់ មាន់សាច់ និងជាវទូភ្ញាស់ សូមអញ្ជើញទាក់ទងដោយផ្ទាល់ តាមរយ:លេខ 012 837 619 / 015 619 075 ៕

២.ចិញ្ចឹមត្រីតាមប្រព័ន្ធបែបថ្មី

លោក រ៉ានី បានបញ្ជាក់ថា កសិដ្ឋាន C.A.N Farm របស់លោកមានជាកញ្ចប់គម្រោងច្រើនដែលមានតម្លៃចាប់ពី ៣០០០ ដុល្លារ ឡើងទៅ។ ជាក់ស្ដែងនៅក្នុងកញ្ចប់គម្រោង ៣០០០ ដុល្លារ ខាងលោកនឹងផ្ដល់ជូនអាងចំនួន ៨ អាងដែលអាងនីមួយមានទំហំ ៤X៨ ម៉ែត្រ ផ្ដល់កូនត្រីពូជ ចំណី ៦០ ការ៉ុង ថ្នាំ និងសម្ភារៈផ្សេងៗទៀត។ ពិសេសជាងនេះទៀតនោះគឺកសិដ្ឋានលោកនឹងកុងត្រាចាំទទួលទិញត្រីធំវិញ ដូច្នេះកសិករដែលចិញ្ចឹមហើយនឹងមិនចាំបាច់ពិបាករកទីផ្សារលក់ចេញនៅពេលត្រីធំនោះទេ។

ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះបានបន្ដថា ក្នុងគម្រោងនេះខាងគាត់នឹងចុះទៅរៀបចំធ្វើអាងឲ្យទាំងអស់និងបង្រៀនបច្ចេកទេសថែមទៀតផង។ ក្រោយពេលចាប់ផ្ដើមចិញ្ចឹមដំបូងបាន ៩០ ថ្ងៃ គឺអាចប្រមូលផងបានហើយ ប៉ុន្ដែការប្រមូលផលនេះ គឺខាងកសិដ្ឋានរបស់លោកនឹងធ្វើឲ្យកសិករជាលក្ខណៈវិលជុំ ៣ ដងក្នុងមួយខែ ហើយ ១០ថ្ងៃប្រមូលផលបានម្ដង ដោយការប្រមូលម្ដង ៣ អាង។

ទន្ទឹងការប្រមូលផលត្រី ១០ ថ្ងៃម្ដងនេះ គឺបញ្ចេញលក់ម្ដង ៣ អាង កសិករអាចរកផលចំណេញបានប្រមាណ ១,០០០,០០០ រៀលឬច្រើនជាងនេះទៅតាមហាងឆេងត្រីឡើង-ចុះ ដូច្នេះមានន័យថា ក្នុងមួយខែ កសិករអាចរកផលចំណេញពីចិញ្ចឹមត្រីនេះបានពី ៣,០០០,០០០រៀល ឡើងទៅ។

គួរបញ្ជាក់ផងដែរថា កសិដ្ឋាន C.A.N Farm មានលក់ពូជត្រីគ្រប់ប្រភេទ ខ្ចៅ ខ្យង និងអន្ទង់ជាដើម។ ក្នុងកសិដ្ឋាននេះក៏មានបច្ចេកទេសនៃការចិញ្ចឹមសត្វទាំងនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទិននឹងការទិញគម្រោងចិញ្ចឹមត្រីនេះ បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់កសិដ្ឋាន Canfarm លោក ផន រ៉ានី ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៤៤ ៧៧ ៤៩៩។

៣.ភ្ញាស់កូនត្រីលក់

លោកពូ ហង់ ហ៊ាង ដែលជាម្ចាស់កសិដ្ឋានផលិតពូជត្រី ហង់ ហ៊ាងដែលបច្ចុប្បន្ននេះរស់នៅភូមិចក ឃុំសង្កាតរកាក្នុង ខេត្តតាកែវ លោកពូប្រកបរបរចិញ្ចឹមត្រីអស់រយៈពេល ១៨ ឆ្នាំមកហើយ ។ មុនចាប់របរភ្ញាស់កូនត្រី លោកពូគ្រាន់តែចិញ្ចឹមត្រីធម្មតាប៉ុណ្ណោះ ប៉ុន្ដែដោយសារមើលឃើញពីតម្រូវការកូនត្រីនៅក្នុងស្រុកខ្មែរយើងច្រើន លោកពូក៏សម្រេចចិត្តរៀនភ្ញាស់កូនត្រីវិញ ដោយមានការណែនាំ និងជម្រុញពីរដ្ឋបាលជលផលខេត្តផងដែរ។

មូលហេតុដែលធ្វើឱ្យលោកពូចាប់យករបរភ្ញាស់កូនត្រី ដោយសារតែនៅពេលដែលលោកពូទៅទិញពូជត្រីពីគេ ភាគច្រើនមានតែអ្នកចិញ្ចឹមយកសាច់ និងមិនសូវមានមានគេភ្ញាស់កូន ដូច្នេះលោកពូក៏បានសុំគេរៀនពីបច្ចេកទេសភ្ញាស់កូនត្រីរហូតដល់ពេលបច្ចុប្បន្ននេះ។

កាលពីពេលដែលលោកចិញ្ចឹមត្រីត្រឹមតែលក្ខណៈគ្រួសារ ជីវភាពរបស់លោកគ្រាន់តែប្រសើរឡើង បន្តែបន្ទាប់ពីបានអភិវឌ្ឍន៍មកជាកសិដ្ឋានភ្ញាស់កូនត្រី លោកពូ អាចផលិតកូនត្រីបានចន្លោះពី ៦ ទៅ ៧លានកូន និងអាចរកប្រាក់ចំណូលបានច្រើនរហូតដល់ ១២ម៉ឺនដុល្លារក្នុងមួយឆ្នាំ នេះបើមិនទាន់កាត់កងថ្លៃចំណាយ ។

ម្ចាស់កសិដ្ឋានផលិតពូជត្រី ហង់ ហ៊ាង បានប្រាប់ឱ្យដឹងទៀតថាបើទូទាត់ថ្លៃចំណាយរួច លោកពូអាចចំណេញចន្លោះពី ៤ ទៅ ៥ម៉ឺនប៉ុណ្ណោះក្នុងឆ្នាំ ។ ចំពោះកសិករដែលចិញ្ចឹមត្រីក៏ប្រាប់ផងដែរថា របរចិញ្ចឹមត្រីគឺងាយស្រួលចិញ្ចឹមជាងសត្វផ្សេងៗទៀត ជាពិសេសគឺចំណាយពេលតិច ហើយអ្នកដែលកំពុងតែធ្វើការឱ្យគេក៏អាចចិញ្ចឹមបានដែរ វាប្រៀបដូចជាការងារក្រៅម៉ោង៕


ប្រភព: Business Cambodia 

上一篇:中国新冠疫苗获批上市!保护率为79.34% 下一篇:COVID-19 infection crosses 86.7 million globally as deaths cross more than 1.87 million. Here is the