[J-Tao Report] មានអ្នករកស៊ីមិនតិចអ្នកទេ ដែលមានការស្តាយក្រោយដោយសារតែកំហុសចេញរកស៊ីទាំងក្មេងខ្ចីរបស់ខ្លួន បញ្ហានេះកើតឡើងដោយសារតែបុគ្គលម្នាក់ៗមិនបានសិក្សាស្វែងយល់ឱ្យបានច្បាស់ជាមុនថា តើការចេញរកស៊ីត្រូវបានការប្តេជ្ញា និងការតស៊ូរបៀបណាជាដើម។ហើយដើម្បីជៀសវាងនូវរាល់បញ្ហាទាំងអស់នេះ ថ្ងៃនេះ Business Cambodia សូមលើកយកចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯង មុនពេលសម្រេចចេញរកស៊ីលើរបរណាមួយ។ 

ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ជា សុខលាង ដែលជាស្ថាបនិកក្រុមហ៊ុន Eco Great Mekong Solutions Co., Ltd បានលើកឡើងថា មានមនុស្សមិនតិចទេដែលចេញរកស៊ីតាមការរនឹកឃើញនិងឃើញតែពីប្រយោជន៍ពីអាជីវកម្ម ដោយមិនបានសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ពីការធ្វើអាជីវកម្មនោះឡើយ។អ្នកស្រីបានបន្តថា មុននឹងចេញរកស៊ីតាមចិត្តចង់ សហគ្រិនថ្មីថ្មោងគួរតែសិក្សាពីចំណុចទាំងនេះជាមុនសិនដើម្បីជៀសវាងហានិភ័យទៅថ្ងៃមុខ ចំណុចទាំងនោះរួមាមាន ៖

១.ស្គាល់ខ្លួនឯងប្រាកដ

ការស្គាល់ខ្លួនឯង គឺចង់សំដៅថា ត្រូវដឹងថាខ្លួនឯងមានសមត្ថភាពអាចតស៊ូជាមួយការងារនោះបានកម្រិតណា មានគំនិតក្នុងការដោះស្រាយបញ្ហាបានកម្រិតណា មានវិន័យលើខ្លួនឯងឬនៅ ច្បាស់លាស់ជាមួយអ្វីដែលខ្លួនត្រូវធ្វើឬនៅ មានការរៀបចំខ្លួនបានល្អគ្រប់គ្រាន់ហើយនៅ ជាពិសេសមានសីលធម៌ក្នុងខ្លួន និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃហើយឬនៅ។ បើមិនទាន់ច្បាស់លាស់លើចំណុចទាំងនេះទេ កុំទាន់ចង់ចេញរកស៊ីអី ព្រោះវានាំឲ្យខាតពេល ខាតលុយចោលឥតប្រយោជន៍តែប៉ុណ្ណោះ។

២.មានជំនាញ

“មុននិងចេញរកស៊ីទៅតាមចិត្តចង់ គឺយើងត្រូវតែមានជំនាញមួយឲ្យបានច្បាស់លាស់សម្រាប់ខ្លួនឯង ហើយជំនាញនោះទៀតសោតគឺត្រូវតែទាក់ទងទៅនឹងអាជីវកម្មដែលយើងចង់បើកនោះ” ក្រៅពីមានគំនិត ចិត្តចង់ និងមានដើមទុនសម្រាប់រកស៊ីហើយនោះ សហគ្រិនថ្មីថ្មោងគួរតែធ្វើការឲ្យគេយកបទពិសោធន៍៍សម្រាប់ពង្រឹងខ្លួនឯងជាមុនសិន ទើបពេលដំណើរការអាជីវកម្មទៅវាមិនសូវជួបបញ្ហា។

៣.មានចិត្តចង់ជាក់លាក់

សហគ្រិនស្រ្តីរូបនេះបានលើកឡើងថា “ ធ្វើអ្វីក៏ដោយត្រូវតែមានចំណង់ បើគ្មានចំណង់បើទោះជាជម្រុញយ៉ាងណាក៏មិនអាចដើរទៅមុខបានងាយស្រួលនោះឡើយ ហើយយើងត្រូវធ្វើដោយចិត្តចង់ កុំធ្វើព្រោះតែឃើញគេរកស៊ីជោគជ័យ ឬចេញរកស៊ីតាមតែការនឹកឃើញ”។

៤.អត់ធ្មត់

នៅពេលដែលយើងចាប់ផ្តើមអាជីវកម្មអ្វីមួយ វាមិនមែនសុទ្ធតែទទួលបានភាពជោគជ័យបានគង់វង់យូរអង្វែង ឬគ្មានបញ្ហារហូតនោះឡើយ គឺវាត្រូវតែមាននៅពេលណាមួយជាមិនខាន ជាពិសេសនៅពេលអាជីវកម្មទើបតែបើកដំបូងៗគឺតែងតែខាតមិនមែនបើកភ្លាមជោគជ័យភ្លាម ឬ រីកចម្រើនភ្លាមៗនោះទេ វាត្រូវការភាពអត់ធ្មត់យ៉ាងខ្លាំងនៅពេលចាប់ផ្តើម ដាច់ខាតគឺកុំបោះបង់វាចោលឲ្យសោះ។ “បញ្ហាគឺជាឱកាស បញ្ហាកាន់តែច្រើន ឱកាសក្នុងការរីកចម្រើនក៏មានច្រើនដូចគ្នា” ។

៥.តាំងចិត្តខ្ពស់

ក្នុងនាមជាសហគ្រិនគឺត្រូវមានការតាំងចិត្ត ត្រៀមចិត្តទុកជាស្រេចសម្រាប់បញ្ហា ហ៊ានប្រឈមមុខជាមួយបញ្ហា។ អ្នកស្រី ជា សុខលាង ក៏បានលើកឡើងផងដែរថា“ ត្រូវតាំងចិត្តឲ្យបានរឹងមាំ កុំខ្លាចបញ្ហា ត្រូវចាំថារាល់បញ្ហាគឺសុទ្ធតែមានដំណោះស្រាយ សំខាន់ត្រូវមានទំនុកចិត្តខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង”។

សហគ្រិនឆ្នើមមួយរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា“បើចង់ចេញរកស៊ី ត្រូវតែដាក់ចិត្តធ្វើឲ្យអស់សមត្ថភាព ដួលត្រូវក្រោក ជួបបញ្ហាមួយដោះស្រាយមួយ រាល់បញ្ហាគឺសុទ្ធតែមានដំណោះស្រាយ សំខាន់ត្រូវប្រឹងដើរទៅមុខ កុំបោះបង់ឲ្យសោះ ហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលមើលឃើញពីបញ្ហា” ៕


ប្រភព: Business Cambodia

上一篇:柬埔寨开什么店比较有市场? 下一篇:Starting a Business With No Money? Here's How to Do It.