[J-Tao Report] ដីត្រឹមមួយហិចតា តើអាចធ្វើអ្វីបានក្រៅពីធ្វើស្រែ? តាមពិតទៅដីត្រឹមមួយហិចតា បើពឹងលើការធ្វើស្រែចំការគឺមិនអាចរកប្រាក់ចំណូលបានច្រើននោះទេ ហើយត្រូវចំណាយពេលយូរថែមទៀតផង។ មែនទែនទៅមានរបរជាច្រើនដែលអាចឲ្យបងបងប្អូនរកចំណូលបានខ្ពស់ជាងការធ្វើស្រែ មួយក្នុងចំណោមរបរជាច្រើននោះគឺ របរចិញ្ចឹមបង្កងលក់សាច់ឬលក់កូន។ 
ជាក់ស្ដែងបើតាមប្រសាសន៍របស់លោក សំ ពិសី ដែលជាម្ចាស់កសិដ្ឋានបង្កងដំណាក់កី បានមានប្រសាសន៍ប្រាប់ក្រុមការងារ Business Cambodia ថា របរចិញ្ចឹមបង្កងជារបរចំណូលខ្ពស់ ព្រោះបង្កងមានតម្លៃថ្លៃនិងមានតម្រូវការទីផ្សារខ្លាំងក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះប្រសិនបើបងប្អូនកសិករសិក្សាស្វែងយល់ឲ្យលំអិតពីរបរមួយនេះ បងប្អូននឹងដឹងថាវាពិតជាមានសក្ដានុពលខ្លាំងណាស់ទាំងពេលបច្ចុប្បន្ននិងនាពេលអនាគត។

ម្ចាស់កសិដ្ឋានបង្កងរូបនេះបានឲ្យដឹងទៀតថា ប្រសិនបើបងប្អូនកសិករមានដីត្រឹមមួយហិចតា បងប្អូនអាចចិញ្ចឹមបង្កងបានរហូតដល់ទៅ ៤ ស្រះឯណោះ ដែលស្រះនីមួយៗមានទំហំ ២០X៣០ ម៉ែត្រ ហើយស្រះមួយទៀតគឺសម្រាប់ផ្ទុកទឹក។ ហើយការចិញ្ចឹមបង្កងនេះ បងប្អូនអាចចិញ្ចឹមជាលក្ខណៈកូនក៏បាន ឬចិញ្ចឹមលក់សាច់ក៏បាន។ 

សំណួរសួរថា តើការចិញ្ចឹមបង្កងលើដីមួយហិចតា ក្នុងស្រះ ៤ នេះ តើត្រូវចំណាយដើមទុនប៉ុន្មានទើបអាចធ្វើបាន? 

ត្រង់ចំណុចនេះដែរ លោក សំ ពិសី បានលើកឡើងថា ប្រសិនបងប្អូនមានលទ្ធភាព អាចចិញ្ចឹមបាន ៤ ស្រះ គឺត្រូវចំណាយដើមទុនប្រមាណ ៣០.០០០ ដុល្លារ គិតទាំងទុនសម្រាប់ជីកស្រះនិងដើមទុនអាជីវកម្ម។ ករណីបងប្អូនមិនមានលទ្ធភាពចិញ្ចឹមទាំង ៤ ស្រះទេ បងប្អូនអាចចាប់ផ្ដើមចិញ្ចឹមត្រឹម ១ ស្រះក៏បាន។ ដោយស្រះនោះគឺមានទំហំ ២.០០០ ម៉ែត្រការ៉េ ហើយដើមទុនដែលត្រូវការសម្រាប់ជីកស្រះគឺប្រមាណជាង ២.០០០ ដុល្លារ និងដើមទុនសម្រាប់ការចិញ្ចឹមក្នុងស្រះមួយវគ្គគឺប្រមាណ ៥.០០០ ដុល្លារ។ អាចនិយាយបានថា ចិញ្ចឹមបង្កងក្នុងស្រះមួយគឺត្រូវចំណាយដើមទុនទាំងអស់ប្រមាណជាង ៧.០០០ដុល្លារ សម្រាប់ការចិញ្ចឹមជាលើកដំបូង។ ប៉ុន្ដេនៅលើកទី ២ បងប្អូនចំណាយទុនត្រឹមតែ ៥.០០០ ដុល្លារប៉ុណ្ណោះ ព្រោះបងប្អូនមិនត្រូវចំណាយទុនលើស្រះទៀតឡើយ។ 

លោក សំ ពីសី បានបញ្ជាក់ទៀតថា ក្នុងការចិញ្ចឹមក្នុងស្រះមួយនេះ បងប្អូនអាចរកចំណូលបានប្រមាណជាង ១០.០០០ដុល្លារ ក្នុងមួយលើកៗ ដោយក្នុងមួយឆ្នាំបងប្អូនអាចប្រមូលផលបាន ៣ លើក។ ម្ចាស់កសិដ្ឋានបង្កង ខាងលើបានបន្ដទៀតថា របរចិញ្ចឹមបង្កងនេះ សម្រាប់បងប្អូនកសិករគឺមានចំណេញច្រើនមែនទែន ព្រោះវាជារបរចំណូលខ្ពស់ ប៉ុន្ដែវាត្រូវការកម្លាំងពលកម្មតិចមែន សឹងតែថាបើនៅផ្ទះមានតែយាយតាពីរនាក់ក៏អាចចិញ្ចឹមចិញ្ចឹមបានដែរ។ ព្រោះបើចិញ្ចឹមកូនបង្កង ២០.០០០ ក្បាលអី គឺត្រូវដាក់ចំណីតែ ២ គីឡូក្រាមប៉ុណ្ណោះក្នុងមួយួថ្ងៃ។

គួរជម្រាបផងដែរថា លោក សំ ពិសី ដែលជាម្ចាស់កសិដ្ឋានបង្កងដំណាក់កី កំពុងប្រកាសស្វែងរកដៃគូរក្នុងសហការក្នុងការចិញ្ចឹមបង្កង ដោយលោកនឹងផ្ដល់ពូជរួមជាមួយបច្ចេកទេសក្នុងការចិញ្ចឹមនិងការធ្វើកន្លែងចិញ្ចឹមជាដើម។ទន្ទឹមនឹងនោះលោកក៏នឹងទទួលទិញបង្កងសាច់ដែលលោកអ្នកផលិតបានវិញផងដែរ៕


ប្រភព: Business Cambodia

上一篇:在柬埔寨创业前要弄懂的6件大小事 下一篇:Self-employment Setting up a business in Cambodia