linaonlineshop.png

បច្ចុប្បន្នរបររកស៊ីនៅលើអនឡាញពិតជាមានច្រើនមែនទែន ដែលក្នុងនោះមានអ្នករកស៊ីទាំងខាងគ្រឿងសម្អាង ទាំងគ្រឿងអេឡិចត្រូនិច និងរបស់របរផ្សេងទៀតជាច្រើន។ហើយមូលហេតុដែលធ្វើឱ្យមានកំណើនកើនឡើងដូច្នេះគឺដោយសារតែ របរដែលរកស៊ីពឹងពាក់តាមប្រព័ន្ធអនឡាញ មានភាពងាយស្រួល មិនតែប៉ុណ្ណោះថែមទាំង អាចជួយឱ្យការលក់មានភាពចំណេញជាងការជួលទីតាំងសម្រាប់រកស៊ីទៅទៀត។

តែទន្ទឹមនឹងកំណើនឥតឈប់ឈរនេះដែរ អ្នករកស៊ីអនឡាញក៏មិនគួរភ្លេចនូវចំណុចមួយចំនួន ដែលអាចធ្វើឱ្យការលក់ធ្លាក់ចុះផងដែរ។ព្រោះបច្ចុប្បន្ន អ្នករកស៊ីអនឡាញមួយចំនួន មានការលក់ដាច់ពេកយូរៗទៅបែរជា លែងយកចិត្តទុកដាក់លើភ្ញៀវដូចពីមុន ឬអាចនិយាយបានថាពាក្យសម្តីមានការខុសពីមុន មិនតែប៉ុណ្ណោះអាចឈានដល់ការតម្លើងរឹកថែមទៀតផង។តែក្នុងនោះក៏មានអ្នករកស៊ីមួយចំនួននៅតែអាចរក្សាលំនឹងនៃការលក់បានល្អរហូតដែរ ហើយក៏មានអ្នកពូកែលក់ ពូកែរកស៊ីដូចគ្នាដែរ។

ហើយថ្ងៃនេះ Business Cambodia សូមលើកយកចំណុចមួយចំនួន ដែលអ្នករកស៊ី មិនគួរភ្លាំងភ្លាត់ឡើយប្រយ័ត្នរកស៊ីយូរទៅបាត់ភ្ញៀវអស់។ចំណុចទាំងនោះរួមមាន៖

១.ការឆ្លើយតបមានភាពយឺតយ៉ាវ

នៅពេលលក់ដាច់ការយឺតយ៉ាវនៅក្នុងការឆ្លើយតបតែងតែកើតមានជានិច្ច ហើយចំណុចនេះអ្នកទិញក៏អាចអធ្យាស្រ័យទៅកាន់អ្នកលក់បានផងដែរ ក្នុងករណីដែលយឺតត្រឹម ៣០ នាទី ឬ ១ម៉ោង។តែក្នុងរកណីឆ្លើយតបយឺតដល់ទៅ ៤ ទៅ ៥ ម៉ោង ឬឈានដល់ ១ មួយថ្ងៃ ២ ថ្ងៃគឺមិនល្អឡើយ។ព្រោះវាធ្វើឱ្យអារម្មណ៍អតិថិជនមិនល្អបាន ដូច្នេះអ្នកលក់អាចគិតគូរពីចំណុចនេះបាន ប្រសិនបើអ្នកទាំងអស់យល់ថាអ្នកមានភាពយឺតយ៉ាវមែននោះ ដំណោះស្រាយគឺ រកអ្នកជួយឆ្លើយតប ឬដាក់ការតបសារអូតូដែលឱ្យអតិថិជន ខលទៅដោយផ្ទាល់បាន។

២.និយាយមិនគោរពអ្នកទិញ

មិនឆ្ងាយគ្នាប៉ុន្មានពីចំណុចខាងលើឡើយ ព្រោះតែករណីលក់ដាច់ច្រើនករណីនៃការតំឡើងរឹកតែងមានជានិច្ច ហើយក៏មានអ្នកលក់ដែលនិយាយសម្តីមិនសមរម្យដាក់អ្នកទិញផងដែរ។សម្រាប់អ្នកលក់ប្រសិនបើមានកំហឹងណាមួយកើតឡើងគួរតែទប់ខ្លះជៀសវាងមានបញ្ហា ព្រោះក្នុងនាមជាអ្នកលក់បើសម្តីអាក្រក់អ្នកទិញក៏មិនចូលចិត្តដែរ។តែជាមួយគ្នានេះ អ្នកទិញក៏មានការគោរពខ្លះទៅកាន់អ្នកលក់ដូចគ្នា ដើម្បីឱ្យការចរចាមានភាពល្អប្រសើរ ប្រសិនបើមានការយោគយលទៅវិញទៅមកនោះភាគីទាំងសងខាងនិងទទួលបានផលចំណេញរាងខ្លួនដែរ។

៣.លក់ផលិតផលដែលមិនល្អគ្រប់គ្រាន់

អ្វីដែលត្រូវចាំបាច់នោះទៀតគឺ ការលក់ផលិតផលខុសពីអ្វីដែលបានិយាយ បច្ចុប្បន្នសម្រាប់ករណីនេះក៏មានមិនតិចដែរ ព្រោះមានអ្នករកស៊ីខ្លះពេលនិយាយផ្សេង តែពេលទិញយកមកប្រើផ្សេងមិនថាផលិតផលអ្វីឡើយ។ក្នុងនាមជាអ្នករកស៊ីគួរមានការស្មោះត្រង់ ព្រោះនេះជាចំណុចស្នូលដែលធ្វើឱ្យអ្នកទិញរបស់អ្នកអាចណែលនាំពីផលិតផលដែលលក់ទៅអ្នកផ្សេងបាន ហើយក៏គ្មានការផ្សព្វផ្សាយណាល្អជាការប្រាប់តៗគ្នាឡើយ។តែបើអ្នកលក់ផលិតផលមិនល្អវិញនោះ ហាក់ដូចជាអ្នកបិតផ្លូវខ្លួនឯងយ៉ាងដូច្នេះដែរ៕


ប្រភព: Business Cambodia

上一篇:柬埔寨4大投资守则 下一篇:Top 4 Ways to Predict Market Movements