[J-Tao Report] ញុំមានស្រះធ្លាប់ចិញ្ចឹមត្រី ហើយឥលូវចង់ផ្លាស់ប្ដូរទៅចិញ្ចឹមអ្វីផ្សេ ប៉ុន្ដែមិនដឹងថាគួរចិញ្ចឹមអ្វីទើបល្អ?នេះជាសំណួរដ៏ពេញនិយមមួយដែលបងប្អូនតែងតែសួរមកកាន់ក្រុមការងារBusiness Cambodia។តាមរយៈសំណួរខាងលើនេះ បើឲ្យពួកខ្ញុំឆ្លើយឲ្យជាក់លាក់ថាបងប្អូនគួរតែចិញ្ចឹមសត្វនេះឬសត្វនោះឲ្យច្បាស់តែម្ដងគឺមិនអាចនោះទេ ព្រោះស្ថានភាពជាក់ស្ដែងរបស់បងប្អូនគឺខុសគ្នា។ដូច្នេះពួកខ្ញុំអាចដើរតួរតែជាអ្នកបង្ហាញផ្លូវប៉ុណ្ណោះ ហើយការសម្រេចចិត្ដគឺស្ថិតលើបងប្អូន ស្រឡាញ់មួយណាអាចសាកល្បួងមួយនោះចុះ។

ខាងក្រោមនេះជាអាជីវកម្មទំនើប ២ ប្រភេទ ល្អបំផុសសម្រាប់បងប្អូនដែលធ្លាប់មានស្រះចិញ្ចឹមត្រី ហើយផ្លាស់ប្ដូរទៅចិញ្ចឹមសត្វផ្សេង។ ហើយមូលហេតុដែលខ្ញុំថារបរនេះទំនើប ព្រោះវាជារបរដែលមិនសូវមានអ្នកធ្វើច្រើនប៉ុន្មានទេ ហើយតម្រូវការទីផ្សារក៏ខ្ពស់ និងលក់បានថ្លៃថែមទៀតផង។ របរទាំងនោះមានដូចជា៖

១. អាជីវកម្មចិញ្ចឹមក្ដាមថ្ម

លោកស្រីអ៊ុង ពុធមល្លិកា គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេបំផុតនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ឃុំទឹកថ្លា ភូមិព្រៃទាល់ ខេត្តព្រះសីហនុ លោកស្រីចាប់ផ្ដើមរបរចិញ្ចឹមក្ដាមថ្មតាំងពីដើមឆ្នាំ ២០០៣ មកម្ល៉េះ។

មូលហេតុដែលបណ្ដាលឱ្យលោកស្រីចាប់យករបរចិញ្ចឹមក្ដាមថ្មនេះ ដោយសារតែតម្រូវការទីផ្សារក្ដាមចាប់ផ្ដើមកើនឡើងខ្លាំង មានតម្លៃថ្លៃ ស្របពេលដែលក្ដាមធម្មជាតិខ្សត់ខ្សោយទៅៗ ។ លោកស្រីមានប្រសាសន៍បន្ថែមថា ចាប់ផ្ដើមចិញ្ចឹមក្ដាមដំបូងគឺមានតែ ៧ ស្រះប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះមានរហូតដល់ ២០ស្រះ នៅលើផ្ទៃដីប្រមាណ ១០ហិចតា  ។
រវាងក្ដាមថ្ម និងត្រី លោកស្រីបន្ថែមថា ក្ដាមថ្មជាសត្វដែលងាយស្រួលចិញ្ចឹមជាងត្រី ចំណាយតិច និងចំណេញច្រើនជាង ៥០% ប្រសិនបើយើងមានបច្ចេកទេសចិញ្ចឹម ត្រឹមត្រូវ និងច្បាស់លាស់ ។ លើសពីនេះទៅទៀតនោះវាប្រើរយៈពេលខ្លីក្នុងការចិញ្ចឹមគឺត្រឹមតែ ៣ខែប៉ុណ្ណោះគឺអាចប្រមូលផលលក់បានហើយ ។ ជាក់ស្ដែងត្រីឆ្ពុង ប្រើរយៈពេល ៦ខែទើបអាចប្រមូលផលបាន ហើយចំពោះត្រីតុកកែវិញនោះគឺប្រើរយៈពេលជិត ១ឆ្នាំឯណ្ណោះ ។

លោកស្រី ពុធមល្លិកា ប្រាប់ឱ្យដឹងទៀតថា កត្ដាដែលសំខាន់បំផុតក្នុងការចិញ្ចឹមក្ដាមឱ្យជោគជ័យគឺ ប្រភពទឹក ពីព្រោះក្ដាមជាសត្វដែលរស់នៅក្នុងទឹក ដូច្នេះវាត្រូវការទឹកដែលមានជីវិត ហើយទឹកដែលល្អបំផុតសម្រាប់ចិញ្ចឹមក្ដាមថ្ម ទី ១ ទឹកប្រៃ ទី ២ ទឹកដែលមានជាតិរ៉ែគ្រប់គ្រាន់ និងទី ៣ទឹកដែលមានកម្រិត PH ល្អ ( ពេលព្រឹក PH ពី ៧ ទៅ ៧,៥ និងពេលល្ងាច ពី ៨ ទៅ ៨,៥ ) ។

គួររំលឹកផងដែរថា លោកស្រីគឺជាស្ត្រីដំបូងគេបំផុតដែលទទួលបានជោគជ័យលើរបរចិញ្ចឹមក្ដាមថ្ម និងជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមធំជាងគេនៅស្រុកខ្មែរ  ជាពិសេសជាងនេះទៅទៀត លោកស្រីមានបទពិសោធន៍ជាមួយរបរ ១ នេះជិត ២០ ឆ្នាំមកហើយ ដែលធ្វើឱ្យលោកស្រីមានបច្ចេកទេសច្បាស់លាស់ក្នុងរបរនេះ ។ គួរបញ្ជាក់ផងដែរថា ក្ដាមថ្មនេះក្រៅពីតំបន់នៅជាប់សមុទ្រ នៅតាមបណ្ដាលខេត្តផ្សេងៗក៏អាចចិញ្ចឹមក្ដាមបានដែលឱ្យតែមានបច្ចេកទេស និងចេះលាយទឹកត្រឹមត្រូវតាមស្ដង់ដា។

២. អាជីវម្មចិញ្ចឹមបង្កងដៃវែង

ការចិញ្ចឹមបង្កងដៃវែងគឺជាប្រភេទរបរដែលមានសក្ដានុពលទីផ្សារគ្រប់ទីកន្លែងមិនថាតែនៅក្រុងស្រុកឬនៅក្រៅស្រុកឡើយ។ ប៉ុន្តែ បើមើលមកទីផ្សារកម្ពុជាវិញបង្កងដៃវែងនេះគឺនៅខ្វះយ៉ាងច្រើនមិនអាចទាន់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានទេគ្រប់ជ្រុងជ្រោយនៅឡើយទេ។ កត្តាទាំងនេះហើយ ដែលបងប្អូនគួរសាកល្បងប្រកបរបរចិញ្ចឹមបង្កងដៃវែងនេះ។

ជាក់ស្ដែងកាលថ្មីៗនេះក្រុមការងារBusiness Cambodia បានចុះទៅដល់កសិដ្ឋានចិញ្ចឹមបង្កងដៃវែងមួយកន្លែងដែលមានឈ្មោះថា កសិដ្ឋានH.M.S ស្ថិតនៅភូមិស្ទឹងកំបុត្រ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្ដតាកែវ។ លោក ឡា អះម៉ាត់ គឺជាថៅកែនៃកសិដ្ឋាននេះបានប្រាប់ក្រុមការងារថា ការចិញ្ចឹមបង្កងដៃវែងទឹកសាបនេះជិតបីឆ្នាំមក ហើយការចាប់ផ្ដើមដំបូងគឺលោកមានតែមួយស្រះតែប៉ុណ្ណោះ ទំហំ ២៥*៣៥ ម៉ែត្រ និងដាក់បានជិត២ម៉ឺនក្បាល។

ម្ចាស់កសិដា្ឋនរូបនេះបានបង្ហើបទៀតថា លោកអាចចិញ្ចឹមបង្កងបានជោគជ័យដូចថ្ងៃនេះគឺលោកបានត្រៀមនូវកត្តាមួយចំនួនមុនសម្រេចចិត្តចិញ្ចឹមរួមមាន៖ ទី១.ផ្ទៃដីខ្លួនឯងអាចចិញ្ចឹមបាន និងទី២.រៀនពីបច្ចេកទេសចិញ្ចឹម។ លោកបានបន្ថែមថាបើមិនដឹងរឿងទាំងពីរនេះទេ ការចិញ្ចឹមបង្កងដៃវែងនេះនឹងជួយបញ្ហាច្រើននិងខាងបងច្រើនមិនខាន។ ដោយឃើញពីការកើនឡើងនៃតម្រូវការទិញពីភ្លៀវកាន់តែច្រើនឡើងផងនោះ លោក ឡា អះម៉ាត់ បានសម្រេចចិត្តពង្រីកស្រះបន្ថែមទៀតដែលរហូតមកដល់ពេលនេះលោកពង្រីកបាន ៦ស្រះទៅហើយ៕


ប្រភព: Business Cambodia

上一篇:【5个国外理财法】 16岁赚一辆车!!! 下一篇:5 Biggest Business Mistakes That Every Entrepreneur Should Avoid