[J-Tao Report] ដោយហេតុថាដូងក្រអូបជាដំណាំមួយប្រភេទដែលងាយស្រួលដាំ ដាំតែម្ដងអាចប្រមូលផលបានរាប់ឆ្នាំ ហើយវាសម្បូរទីផ្សារ លក់បានតម្លៃថ្លៃ វាមិនត្រឹមតែលក់បានតែផ្លែខ្ចីតែមួយមុខនោះទេ នៅពេលវាទុំអាចច្នៃបណ្ដុះកូនលក់ពូជបាន។ មួយវិញទៀតមានឈ្មួញមួយចំនួន ក៏បានចំាទទួលទិញដើមដូងដែលមានអាយុ ២-៣ ឆ្នាំ ដើម្បីយកទៅដាំបន្ដនៅតាមបុរី ផ្ទះសំណាក់ និងសណ្ឋាគារក៏មាន ហើយនៅក្នុងចំការអាចច្នៃជាកន្លែងទេសចរណ៍បានទៀត។ ដូច្នេះវាបានទាក់ទាញចិត្ដបងប្អូនដែលមានដីនៅទំនេរមិនដឹងដាំអ្វី ឲ្យងាកមកចាប់អារម្មណ៍របរដាំដូងក្រអូបនេះ។

ប៉ុន្ដែអ្វីដែលជាបញ្ហាចោទចំពោះបងប្អូនដែលចង់ប្រឡូកក្នុងអាជីវកម្មដាំដូងក្រអូប ច្បាស់ជាចង់ដឹងហើយថា ដាំដូងក្រអូបលើដីមួយហិចតា តើត្រូវចំណាយដើមទុនប៉ុន្មាន ហើយទទួលបានប្រាប់ចំណូលប៉ុន្មានក្នុងមួយឆ្នាំ?

តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្នុងការដាំដូងក្រអូបនេះ លោក បុត្រ គីមឆាយ ម្ចាស់ចំការដូងក្រអូបខ្មែរ បានមានប្រសាសន៍ថា លោកបានប្រឡូកក្នុងការដាំដូងក្រអូបនេះ រយៈពេលប្រមាណជិត ១០ ឆ្នាំមកហើយ ដោយដាំលើផ្ទៃដីជាង ៤០ ហិចតា ដោយក្នុងមួយហិចតា ត្រូវចំណាយដើមទុនប្រមាណ ១,៥០០ ដុល្លារ។ លោកបានបញ្ជាក់ទៀតថា ការចំណាយទុន ១៥០០ ដុល្លារនេះ គឺត្រូវចំណាយទៅលើ ការទិញកូនពូជដូងក្រអូប និងការរៀបចំប្រព័ន្ធដោយប្រើទុយោ ឬប្រសិនបើដីបងប្អូននៅជាប់តំបន់ប្រភពទឹក បងប្អូនអាចជីកជាប្រឡាយនៅចន្លោះរងដាំដូងក្រអូបក៏បាន។

WeCom25640121-084900.png

បងប្អូនច្បាស់ជាឆ្ងល់ហើយថា តើការដាំដូងក្រអូបតាមរយៈការជីកជាប្រឡាយនិងដាំជាលក្ខណៈរៀបចំជាប្រព័ន្ធទុយោទឹក តើមួយណាចំណាយតិចជាង ហើយមួយណាផ្ដល់ទិន្នផលបានខ្ពស់ជាង?

ត្រង់ចំណុចនេះលោក បុត្រ គឹមឆាយ បានសង្កត់ធ្ងន់ថា សំណួរនេះជាសំណួរដ៏ពេញនិយមមួយដែលបងប្អូនកសិករតែងតែសួរមកកាន់រូបលោក។ មែនទែនទៅ ការដាំជាលក្ខណៈជីកប្រឡាយ និងដាំដោយរៀបចំជាប្រព័ន្ធទុយោ គឺចំណាយដើមទុនប្រហាក់ប្រហែលគ្នាទេ ហើយទិន្នផលវិញគឺអាស្រ័យទៅលើការផ្គត់ផ្គង់ទឹករបស់បងប្អូន។ ប្រសិនបើរបស់បងប្អូននៅឆ្ងាយពីប្រភពទឹកមិនអាចដាំលក្ខណៈជីកប្រឡាយបាន បងប្អូនអាចដាំដោយរៀបជាប្រព័ន្ធទុយោ ហើយធ្វើការស្រោចទឹកឲ្យគ្រាន់គ្រាន់តាមតម្រូវការរបស់វា នោះដូងផ្លែមិនចាញ់គ្នាឡើយ។

WeCom25640121-085031.png

ក្នុងនោះដែរ លោក គីមឆាយ បានបន្ថែមទៀតថា ដូងក្រអូបគិតចាប់ពីពេលដាក់ដាំរហូតដល់មានអាយុប្រមាណជាង ៣ ឆ្នាំ គឺអាចប្រមូលផលបានបណ្ដើរៗហើយ។ ប៉ុន្ដែឆ្នាំដែលចាប់ផ្ដើមឲ្យផលច្រើនគឺឆ្នាំទី ៤ និងទី ៥ ដោយក្នុងនោះលើដីមួយហិចតា អាចរកចំណូលបានប្រមាណ ៧០០០ ដុល្លារ នេះគ្រាន់តែគិតការប្រមូលផលក្នុងរដូវប្រាំង មិនបានរួមផ្សំទាំងការប្រមូលផលបន្ថែមទៀតនៅរដូវវស្សានោះទេ។ ដូច្នេះបើគិតឲ្យពេញមួយឆ្នាំនៃការប្រមូលផលគឺអាចរកចំណូលបានច្រើនជាង ៧០០០ ដុល្លារ។ មួយវិញទៀត ដូងក្រអូបជាដំណាំមួយប្រភេទ ដែលកាន់តែចាស់ដើម ផ្លែកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយដាំតែម្ដងរកចមណូលបានរាប់សិបឆ្នាំឯណោះ។


Source: Business Cambodia

上一篇:赚钱和让自己变得更值钱,到底哪个更重要? 下一篇:10 Things Successful People Do Every Day