[J-TAO Report] បុគ្គលជោគជ័យឬមហាសេដ្ឋីដែលកំពុងតែក្ដោបក្ដាប់ជំនួញធំៗ ក៏ដូចជាបុគ្គលដែលមានកេរ្ដិ៍ឈ្មោះមុខមាត់នៅក្នុងសង្គមដែលយើងឃើញនៅក្នុងពេលបច្ចុប្បន្ន ទម្រាំតែមានថ្ងៃនេះពួកគាត់សុទ្ធតែពុះពារនិងឆ្លងកាត់នូវឧបសគ្គជាច្រើនរាប់មិនអស់ទម្រាំតែអាចបង្កើតសមិទ្ធផលអស្ចារ្យដូចសព្វថ្ងៃនេះ។

ហើយថ្ងៃនេះផងដែរ យើងនឹងលើកយកនៅមហាសេដ្ឋីចិនកាត់អាមេរិកវ័យ ៣៦ឆ្នាំមួយរូប ដែលលោកមានឈ្មោះថា Tony Xu។ ហើយគ្រប់គ្នាបានកោតសសើរលោកថា ជាមនុស្សម្នាក់ដែលបានតស៊ូនៅក្នុងជីវិតនិងមានការតាំងចិត្តខ្ពស់ ដោយវិវត្តន៍ខ្លួនពីក្មេងក្រីក្រដើរលាងចានតាមហាង រហូតក្លាយជាមហាសេដ្ឋីមានទ្រព្យ ៣.១ពាន់លានដុល្លារ និងមានក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ល្បីល្បាញមួយនៅអាមេរិកដែល បច្ចុប្បន្ននេះមានបុគ្គលិកសរុបរហូតដល់ទៅ ១លាននាក់ឯណោះ។

ក្រឡេកទៅមើលប្រវត្តិរបស់លោក Tony Xu វិញម្ដង លោកកើតក្នុងឆ្នាំ ១៩៨៥ នៅក្នុងគ្រួសារមួយក្នុងប្រទេសចិន។ នៅពេលដែលលោក Tony Xu មានវ័យ ៤ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ១៩៨៩ ឱពុកនិងម្ដាយរបស់លោកបានសម្រេចចិត្តផ្ដាស់ប្ដូរទីតាំងដើម្បីមកកសាងជីវិតថ្មីនៅលើទឹកដីប្រទេសអាមេរិក ហើយកាលនោះឪពុកម្ដាយរបស់លោកមានលុយជាប់ខ្លួនតែប៉ុន្មានរយដុល្លារប៉ុណ្ណោះ។

នៅពេលទៅដល់ប្រទេសអាមេរិកឪពុកម្ដាយរបស់លោក Tony Xu មិនអាចរកការងារល្អដែលមានប្រាក់ខែខ្ពស់ធ្វើបាននោះទេ ដោយសារតែគេមិនទទួលស្គាល់សញ្ញាប័ត្ររបស់ពួកគាត់ឡើយដែលរៀនចប់ពីប្រទេសចិននោះឡើយ។ ដែលជាហេតុធ្វើឱ្យឪពុកម្ដាយរបស់លោកត្រូវអត់ធ្មត់ធ្វើការលំបាកៗជាច្រើន ដើម្បីទទួលប្រាក់សម្រាប់យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ យ៉ាងណាមិញ បើទោះបីជារវល់នឹងការងារយ៉ាងណាក្ដីម្ដាយរបស់លោក Tony Xu នៅតែឆ្លៀតប្រឹងរៀនបន្ថែមដដែល ហើយក្រោយពីឆ្លៀតធ្វើការផងរៀនផង ១២ឆ្នាំក្រោយមកម្ដាយរបស់លោកក៏អាចទទួលបានសញ្ញាប័ត្រវេជ្ជសាស្រ្តនៅអាមេរិក ហើយគាត់ក៏បានបង្កើតកន្លែងពិនិត្យសុខភាពមួយផងដែរ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់ល្អប្រសើរជាងមុន។

ដោយឡែកបើយើងក្រឡេកទៅមើល លោកTony Xu វិញ នៅក្នុងវ័យ៩ឆ្នាំ ដោយសារតែមើលឃើញគ្រួសារលំបាក លោកធ្លាប់ជួយលាងចាននៅក្នុងហាងដែលម្ដាយនិងឪពុករបស់លោកធ្វើការ ហើយលោកក៏បានដើរស៊ីឈ្នួលកាត់ស្មៅឱ្យគេតាមផ្ទះផងដែរ ដើម្បីបានលុយខ្លះជួយដល់គ្រួសារ។

យ៉ាងណាមិញ បើទោះបីជាមើលទៅជីវិតហាក់រវល់នឹងការងារក៏ពិតមែនប៉ុន្ដែម្ដាយរបស់លោក Tony Xu នៅតែខំប្រឹងរកលុយនិងជំរុញឱ្យលោកខំប្រឹងរៀនសូត្រដដែល។ ហើយក្រោយពីចប់ថ្នាក់ទី១២ ម្ដាយរបស់លោកបានបញ្ជូនលោកឱ្យទៅរៀននៅសាកលវិទ្យាល័យ Stanford ជំនាញគ្រាប់គ្រងពាណិជ្ជកម្ម។

នៅក្នុងឆ្នាំ២០១២ លោក Tony Xu និងមិត្តភក្ដិ ៣នាក់ផ្សេងទៀត គឺលោក Stanley Tang លោក Andy Fang និងលោក Evan Moore បានសហការគ្នាបង្កើតក្រុមហ៊ុនដឹកជញ្ជូនមួយ និងបានបង្កើតកម្មវិធី (App) និងវេបសាយអនឡាញមួយដែលមានឈ្មោះថា PaloAltoDelivery.com។

ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០១៣ ពួកគេបានយកគំនិតអាជីវកម្មរបស់ពួកគេទៅប្រគួត នៅក្នុងកម្មវិធីមួយ Y Combinator ហើយក្រោយមកពួកគេក៏ទទួលបានលុយវិនិយោគរហូតដល់ទៅ ១២ម៉ឺនដុល្លារឯណោះ។ ហើយក្នុងឆ្នាំនោះដដែលពួកគេបានសម្រេចសម្រួលគ្នាដូរឈ្មោះក្រុមហ៊ុនរបស់ពួកគេទៅជា DoorDash និងបានយកលុយដែលបានមកពីវិនិយោគគិនប្រើដើម្បីពង្រីកអាជីវកម្មបានយ៉ាងចំគោលដៅ។

ហើយនៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន DoorDash ហាក់មានការរីកដុះដាលយ៉ាងឆាប់រហ័ស រហូតមានគេវិនិយោគលុយបន្ថែមរហូតដល់ទៅ ២០លានដុល្លារឯណោះ។ ដោយសារតែមានលុយវិនិយោគគិននិងអាជីវកម្មដើរស្រាប់ផងនោះ ជាហេតុធ្វើឱ្យពួកគេធ្វើឱ្យពួកគេបានព្រីកអាជីវកម្មនិងយ៉ាងឆាប់រហ័សរហូតក្លាយជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយដែលឈរជើងលើទីផ្សារប្រទេសអាមេរិក និងមានបុគ្គលិកដឹកជញ្ជូនរហូតដល់ទៅ១លាននាក់ឯណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន DoorDash របស់លោក Tony Xu ធ្លាប់ទទួលលុយពីវិនិយោគិនមកប្រើចំនួន ២.៥ ពាន់លានដុល្លារ ក្នុងនោះក៏មានការវិនិយោគពីខាង SoftBank ផងដែរ។ ដោយឡែក បើយើងក្រឡេកទៅមើលភាពរីកចម្រើនរបស់ក្រុមហ៊ុន DoorDash វិញ បច្ចុប្បន្នក្រុមហ៊ុន DoorDash មានបុគ្គលិករហូតដល់ទៅ១លាននាក់ ហើយនេះក៏បានឡើង IPO យ៉ាងជោគជ័យជាហេតុធ្វើឱ្យក្រុមហ៊ុនមានតម្លៃខ្ពស់រហូតដល់ទៅ ៣២ ពាន់លានដុល្លារអាមេរិកឯណោះ៕


ប្រភព៖ Business Cambodia

上一篇:三种人永远不适合做老板 下一篇:4 Ways Companies Fail – and How to Fight Them