[J-Tao Report] បើនិយាយដល់សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការលេងកីឡា អ្នកប្រហែលជានឹកឃើញដល់ប្រេនមួយដែលមានឈ្មោះថា Nike ជាក់ជាមិនខាន ដោយប្រេនមួយនេះត្រូវបានគេចាត់ទុកថាជាប្រេនលេខ ១ លើលោកក្នុងវិស័យសម្ភារៈកីឡា។ ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Nike មានតម្លៃខ្ពស់រហូតដល់ទៅ ៣៧ ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញ អ្នកប្រហែលជាកំពុងមានអារម្មណ៍ថាអស្ចារ្យ ខណៈដែលអ្នកបានឃើញពីភាពជោគជ័យនិងភាពរីកចម្រើនរបស់ Nike ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្ដែបើអ្នកបានដឹងរឿងរ៉ាវនៅពីក្រោយភាពជោគជ័យនិងការខំប្រឹងរបស់ស្ថាបនិកប្រេនលេខ១លើលោកមួយនេះទៀតនោះ អ្នកក៏ប្រហែលជាកាន់តែមានអារម្មណ៍ថាអស្ចារ្យទ្វេរដងជាក់ជាមិនខាន។

ដោយស្ថាបនិកក្រុមហ៊ុន Nike មានឈ្មោះថា Phil Knight ដែលលោកកើតនៅក្នុងឆ្នាំ១៩៣៨ ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ១៩៦៤ លោក Phil Knight បានជិះយន្ដហោះទៅប្រទេសជប៉ុនទៅរកមើលផលិតផលស្បែកជើងកីឡាដើម្បីយកមកលក់នៅអាមេរិក។ ហើយក្រោយមកលោកក៏បានទៅជួបនឹងផលិតផលប្រេនស្បែកជើង Onitsuka Tiger ដែលជាប្រេនដ៏ល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន ហើយដើម្បីជួបម្ចាស់ក្រុមហ៊ុនស្បែកជើងជប៉ុនមួយនេះបាន លោក Phil Knight បានកុហកថា លោកគឺជាម្ចាស់ក្រុមហ៊ុនBlue Ribbon Sports ដែលជាក្រុមហ៊ុននាំចូលសម្ភារៈកីឡាដ៏ធំមួយនៅអាមេរិក ហើយក្រោយមកលោកក៏បានសុំទិញ Sample ស្បែកជើង១២គូរពីសិន។

ពេលត្រឡប់មកពីជប៉ុនវិញ Phil Knight បានរង់ចាំរហូតដល់ទៅមួយឆ្នាំឯណោះទម្រាំតែបានស្បែកជើងមកពីជប៉ុន។ ក្រោយពីទទួលបានស្បែកជើងភ្លាម Phil Knight បានយកស្បែកជើងឱ្យគ្រូបង្វិកកីឡារបស់គេដែលមានឈ្មោះថា លោក Bill Bowerman ដើម្បីឱ្យគាត់ពិនិត្យមើលនិងសុំយោបល់ពីគាត់ ហើយក្រោយពីបានពិនិត្យស្បែកជើងនោះហើយ លោក Bill បានជាសុំចូលហ៊ុនរកស៊ីជាមួយ Phil Knight ដែរ។ 

គ្រូនិងសិស្សពីរូបនេះ បានចូលហ៊ុនគ្នាម្នាក់៥០០ដុល្លារ ហើយពួកគេបានបង្កើតក្រុមហ៊ុនមួយដោយដាក់ឈ្មោះថា Blue Ribbon Sports បន្ទាប់មកពួកគេបានធ្វើការនាំចូលស្បែកជើងពីក្រុមហ៊ុនជប៉ុន Onitsuka Tiger ចំនួន៣០០គូរយកមកលក់។ ដោយស្បែកជើងនាំចូលមួយគូរមានតម្លៃ៣.៣៣ដុល្លារ ហើយលក់ចេញវិញ ៦.១៥ដុល្លារ ដែលធ្វើឱ្យពួកគេអាចចំណេញលុយជាច្រើន។ ហើយត្រឹមពេលតែ១ឆ្នាំ ប៉ុណ្ណោះពួកគេអាចរកចំណូលបានពីការលក់រហូតដលទៅជាង ២០,០០០ដុល្លារឯណោះ។ ដោយសារតែការលក់មានការកើនឡើង នៅក្នុងឆ្នាំ១៩៦៦ ពួកគេបានបើកហាងលក់រាយដំបូងគេមួយនៅក្នុងទីក្រុង Santa Monica រដ្ឋ California និងក្នុងឆ្នាំ១៩៦៧ គេបានបើកហាងលក់រាយមួយទៀតនៅក្នុងទីក្រុង Wellesley រដ្ឋ Massachusetts។

រហូតដល់ឆ្នាំ១៩៧១ ជាពេលចប់កុងត្រានាំចូលផ្ដាច់មុខជាមួយនឹងក្រុមហ៊ុនជប៉ុន Onitsuka Tiger ហើយក្នុងឆ្នាំដដែលនេះពួកគេបានសម្រេចចិត្តថាមិនបន្ដកុងត្រាជាមួយ Onitsuka Tiger នាំចូលទៀតទេ។ បន្ទាប់មកពួកគេបានប្ដូរឈ្មោះក្រុមហ៊ុនពី Blue Ribbon Sports ទៅជា Nike វិញ ហើយពួកគេក៏បានសហការជាមួយរោងចក្រថ្មីមួយដើម្បីផលិតស្បែកជើងកីឡាដោយខ្លួនឯងវិញ។ ដោយសារតែមានបទពិសោធន៍លក់និងដឹងពីតម្រូវការដែលអតិថិជននោះ ជាហេតុធ្វើឱ្យពួកគេអាចលក់ផលិតស្បែកជើងថ្មីបានយ៉ាងល្អ មិនចាញ់ស្បែកជើងដែលនាំចូលពីជប៉ុនដែលខ្លួនធ្លាប់នាំចូលប៉ុន្មាននោះទេ។ ហើយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៧១ ស្បែកជើងកីឡា Nike ក៏បានផលិតចេញមកជាលើកដំបូងក្នុងប្រវិត្តិសាស្រ្ត Nike។ 

ដោយសារតែធ្លាប់មានបទពិសោធន៍ក្នុងការលក់ស្បែកជើងនាំចូលផងនោះ ជាហេតុធ្វើឱ្យលោកមិនខ្វះគំនិតក្នុងការធ្វើទីផ្សារដើម្បីលក់នោះទេ។ រហូតដល់ឆ្នាំ ១៩៨១ លោក Phil Knight និងលោក Bill Bowerman បានសម្រេចឈានជើងទៅមុខមួយជំហ៊ានទៀត ដោយពួកគេបានងាកមកផលិតស្បែកជើងប៉ាត់តាធម្មតានិងសម្ភារៈកីឡាផ្សេងៗជាបន្ដបន្ទាប់ផងដែរ។


ប្រភព៖ Business Cambodia

上一篇:创业赚钱8大法,快看哪个适合你 下一篇:Employee Engagement Is Essential to Success – How to Achieve It