[J-TAO Report] បច្ចុប្បន្នយើងសង្កេតឃើញថា បងប្អូនប្រជាកសិករកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើរបរចិញ្ចឹមមាន់ ហើយចំពោះការចិញ្ចឹមមាន់គឺអាចរកប្រាក់ចំណូលបានច្រើនប្រភពដូចជា លក់មាន់សាច់ លក់ពងមាន់ នឹងភ្ញាស់កូនលក់ជាដើម។  ចំណែកឯ ទីផ្សារវិញឃើញថាមាន់មានតម្លៃថ្លៃគួរសមគឺ មាន់ស្រែមានតម្លៃចាប់ពី ១៧.០០០ ដល់ ២០.០០០ រៀលក្នុងមួយគីឡូក្រាម រីឯកូនមាន់ដែលភ្ញាស់បានវិញគឺលក់ក្នុងតម្លៃ ៦.០០០ រៀលក្នុងមួយកូន។ 

បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រយលអាកាសធាតុ(Aspire) បានឲ្យដឹងថា ក្រោយពី លោក ដា ស៊ីណា ជាកសិករចិញ្ចឹមមាន់រស់នៅ ភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានចូលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែមក គាត់សន្សំប្រាក់បានមួយចំនួន និងបានទិញទូរភ្ញាស់អគ្គិសនីមួយគ្រឿង ដែលមានសមត្ថភាពដាក់បានពង ១០៥០ គ្រាប់។

តាមការបញ្ជាក់របស់ លោក ដា ស៊ីណា បានឲ្យដឹងថា ក្នុងមួយសប្តាហ៍គាត់អាចភ្ញាស់កូនមាន់លក់បានចំនួន ២០០ កូន ហើយក្នុងនោះដែរកូនមាន់ដែលភ្ញាស់បានគាត់លក់ក្នុងតម្លៃ ៦.០០០រៀលក្នុងមួយកូន។ បើគិតជាទឹកប្រាក់ក្នុងមួយសប្តាហ៍កសិករចិញ្ចឹមមាន់រូបនេះ អាចរកចំណូលបាន៣០០ដុល្លារ ហើយក្នុងមួយខែគាត់អាចរកប្រាក់ចំណូលបានប្រមាណ ១២០០ ដុល្លារ។

ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់រូបនេះបានបន្ថែមទៀតថា គាត់មិនត្រឹមតែភ្ញាស់ពងមាន់ដែលគាត់មាននោះទេ តែគាត់បានទៅទិញពងមាន់បន្ថែមពីកសិករដែលនៅក្នុងសមាជិកបណ្តុំអាជីកម្មជាមួយគ្នាមកភ្ញាស់បន្ថែមដើម្បីបំពេញនូវតម្រូវការទីផ្សារ ទាំងមាន់សាច់ ពងមាន់ នឹងភ្ញាស់កូនជាដើម ។ លើសពីនេះទៅទៀត សព្វថ្ងៃកសិកររូបនេះកំពុងតែចិញ្ចឹមបន្ថែមមាន់ពូជឲ្យកាន់តែច្រើន ដើម្បីមានសម្ថភាពអាចផលិតពងបានច្រើន នឹងលក់ជាមាន់សាច់ផងដែរ។

គួរបញ្ជាក់ផងដែរថា របរចិញ្ចឹមមាន់ជារបរមួយដែលសាមញ្ញធម្មតាដែលបងប្អូនប្រជាកសិករនៅតាមជនបទស្រុកស្រែមានចិញ្ចឹមស្ទើរតែគ្រប់គ្រួសារ ប៉ុន្តែពួកគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារតិចតួច ដោយមិនបានដឹងពីប្រភពរកប្រាក់ចំណូលពីការចិញ្ចឹម។ របរមួយនេះបើបងប្អូនយកចិត្តទុកដាក់ក្នុងការធ្វើ គឺវាហុចផលបានល្អមែនទែន ព្រោះបងប្អូនអាចរកប្រាក់ចំណូលបានប្រចាំថ្ងៃ នឹងប្រចាំខែបានយ៉ាងងាយ៕

 

   ប្រភព: Business Cambodia

上一篇:生意淡、生意差,看看这个 下一篇:How to Run a Family Business Smoothly