[J-TAO Report] តាមពិតការចេញរកស៊ីដំបូងមិនតម្រូវឲ្យអ្នកទាល់តែមានដើមទុនច្រើន ទើបអាចចាប់ផ្តើមបាននោះទេ។ មានអាជីវកម្មច្រើនណាស់ដែលកើតឡើងពីដើមទុនតិច តែអាចពង្រីកខ្លួនកាន់តែធំ រួមទាំងអាចលក់ចេញហ្វ្រេនឆាយថែមទៀត។ ក្នុងនោះ ដើមទុនដ៏តិចតួចស្តួចស្តើងនៅពេលនេះ បើអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ស្គាល់កាលៈទេសៈ ចេះចាប់ឱកាស តស៊ូក្រាញ់ននៀលហ៊ានពុះពារការលំបាកឆ្លងផុតដំណាក់កាលដ៏ល្វីងជូរចត់ខ្សត់បាយខ្វះទឹក ធ្វើការតាំងពីព្រលឹមដល់ប្រលប់យប់អាទ្រាធ ដេកមិនគ្រប់សម្រាកមិនគ្រាន់ ត្រលាន់ជាមួយពាក្យបំបាក់ទឹកចិត្ត ព្រោះស្អិតជាប់ជាមួយក្តីសង្ឃឹមដែលខ្លួនមាន និងភាពច្បាស់លាស់លើគោលដៅ មានចក្ខុវិស័យ និងទស្សនៈវិស័យវែងឆ្ងាយអមដោយភាពច្បាស់លាស់ អ្នកនឹងអាចកែប្រែអាជីវកម្មមួយនេះឲ្យមានតម្លៃខ្ពស់ហួសនឹកស្មានមិនដល់។

ជាក់ស្តែង លោក Chase Fisher បានក្លាយទៅជាសេដ្ឋីកាន់កាប់អាជីវកម្មក្នុងដៃមានតម្លៃជាង ៩០លានដុល្លារ ដែលដើមទុនដំបូងរបស់លោកកើតចេញពីលុយ ២០០០ដុល្លារ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើរជាងនេះទៅទៀតនោះគឺ ទុនដំបូងនេះជាលុយដែលលោកបានខ្ចីពីមិត្តរួមបន្ទប់កាលលោកនៅជានិស្សិតជ្រកក្រោមការបណ្តុះបណ្តាលរបស់មហាវិទ្យាល័យ San Diego State។ 

នៅក្នុងបទសម្ភាសន៍មួយរវាងលោក Chase Fisher ជាមួយសារព័ត៌មាន CNBC កាលពីពេលកន្លងទៅនេះ លោកបានថ្លែងថា “ ខ្ញុំធ្លាប់ជាគ្រូបង្វឹកម្នាក់ ហើយខ្ញុំបានចំណាយពេល ៩ ម៉ោងក្នុងមួយថ្ងៃនៅឯឆ្នេរសមុទ្រដោយគ្រាន់តែកត់សំគាល់មនុស្សនិងវ៉ែនតាថ្លៃៗដែលពួកគេបានពាក់។ ខ្ញុំបានទិញវ៉ែនមួយម៉ាក Target ពីព្រោះខ្ញុំមិនមានលទ្ធភាពទិញម៉ាកប្រែនៗថ្លៃៗដូចជា GucciOakley ឬ Ray-Ban ទេបើទោះបីជាខ្ញុំស្រលាញ់ពួកវាខ្លាំងយ៉ាងណាក៏ដោយ ព្រោះវាថ្លៃណាស់អាចតម្លៃដល់ទៅរាប់រយដុល្លារឯណោះ។“

ការបន្តស្វែងយល់ និងសិក្សាកាន់តែស៊ីជម្រៅ គិតវិភាគវែកញែក លោកក៏រកឃើញថា គ្មានគូប្រកួតប្រជែងណាដែលស្ថិតនៅចន្លោះនៃការផ្តល់វ៉ែនតាបែបឡូយៗ នៅចំណុចតម្លៃសមរម្យ មានគុណភាពល្អនិងផាសុខភាពនោះទេ។ ដោយមើលឃើញដូចនេះ លោកក៏សម្រេចចិត្តទៅក្រៅហើយបង្កើតវាចេញជារបស់ខ្លួនឯងផ្ទាល់តែម្តង។

ក្នុងឆ្នាំ ២០១១ Chase Fisher បានចាប់ដៃគូជាមួយអ្នកជិតខាងរបស់គាត់គឺលោក Blake Jensen ជាអ្នករចនាក្រាហ្វិច។ Blake Jensen បានបង្កើតវ៉ែនតាបែបកំប្លុកកំប្លែងពីរបីម៉ូត ហើយអ្នកទាំងពីរក៏បានចែករំលែកវានៅលើហ្វេសប៊ុកដើម្បីស្វែងរកយោបល់ផ្សេងៗពីមិត្ត ឬអ្នកលេងបណ្តាញសង្គមមួយនេះ។ Chase Fisher បាននិយាយពីវត្តមាននៅក្នុងបណ្តាញសង្គមដំបូងរបស់ក្រុមហ៊ុនដែលបានប្រមូលផ្តុំអ្នកតាមដានចំនួន ១៥០០ នាក់ក្នុងរយៈពេលពីរបីខែ។ ពេលនោះលោកដឹងថា មានការចូលចិត្ត (Like) រាប់រយ និងមនុស្សជាច្រើនពោលពាក្យសរសើរពីវ៉ែនតារបស់លោក។

ប្រតិកម្មវិជ្ជមានទាំងនោះធ្វើឱ្យគំនិតរបស់ Chase Fisher អាចប្រើការបានហើយផ្តល់ទំនុកចិត្តដល់គាត់ដើម្បីសុំមិត្តរួមបន្ទប់របស់គាត់ខ្ចីប្រាក់ ២,០០០ ដុល្លារដោយសន្យាថានឹងសងប្រាក់កម្ចីវិញជាមួយការប្រាក់ ២៥% (ឬសរុប ២៥០០ ដុល្លារ) ក្នុងរយៈពេល ៦ ខែ។ បន្ទាប់មកលោកបានចំណាយពេល ៨ ខែដើម្បីព្យាយាមរចនាម៉ូដ ស្រាវជ្រាវតាមអ៊ិនធរណេត និងស្វែងរកជំនួយដូចជា“ របៀបរកអ្នកផលិត” និងរៀនសូត្រពីគន្លឹះក្នុងការចរចាជាដើម។ នៅពេលគាត់រកឃើញក្រុមហ៊ុនផលិតការបញ្ជាទិញដំបូងរបស់គាត់គឺសម្រាប់វ៉ែនតាចំនួន ៣០០ គូដែលចំណាយប្រាក់កម្ចីទាំងអស់ចំនួន ២,០០០ ដុល្លារដែលតម្លៃនេះបូករួមបញ្ចូលទាំងការច្នៃម៉ូតផងដែរ។

ពេលនោះអាជីវកម្មរបស់លោកចាប់ផ្តើមដំណើរការពេញលេញ ដោយបានដាក់ឈ្មោះក្រុមហ៊ុននេះថា  Blenders Eyewear។ ការលក់ចេះតែបន្តរីកចម្រើន និងទទួលបានការគាំទ្រជាលំដាប់ រហូតអាចកសាងក្រុមហ៊ុនតម្លៃ ២០០០ដុល្លារ ឲ្យក្លាយទៅជាតម្លៃជាង ៩០លានដុល្លារនាពេលបច្ចុប្បន្ន៕

ប្រភព៖ Business Cambodia

上一篇:为什么规矩人反而挣不了大钱?而富人挣钱靠的是这些 下一篇:12 Best Ways to Use Business Texting