[J-TAO Report] ពាក្យថា ជាអ្នករកស៊ី ឬជាសហគ្រិន នរណាក៏អាចធ្វើបានដែរ ប៉ុន្តែបើចង់ក្លាយខ្លួនជាអ្នករកស៊ី ដែលមានទ្រព្យជាប់ខ្លួន ឬមានលុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មិនមែននរណាក៏អាចធ្វើបាននោះទេ។ ដូចយើងបានឃើញហើយ អ្នកខ្លះចេញរកស៊ីយូរឆ្នាំហើយ មិនកើនចំណូល មិនកើនទ្រព្យទេ កើនតែបំណុល កើនតែស្រ្តេសតែប៉ុណ្ណោះ។ ហេតុនេះ មុននឹងយើងសម្រេចចិត្តឈប់ធ្វើការឱ្យគេ រួចលោតចូលសង្វៀនអ្នករកស៊ីនោះ យើងគួរដុសខាត់ជំនាញសំខាន់ៗខាងក្រោមនេះ ឱ្យខ្លាំងពូកែជាមុនសិន៖

១. ជំនាញដឹកនាំក្រុម៖ ត្បិដថា ការចេញរកស៊ីដំបូងៗ យើងអាចចេញរកស៊ីម្នាក់ឯងបានមែន ប៉ុន្តែមិនយូរមិនឆាប់ យើងនៅតែត្រូវការមនុស្សមួយក្រុម មកជួយការងាររបស់យើងដោយអត់មិនបានឡើយ។ ហើយបើយើងចេញរកស៊ីភ្លាម មានសមាជិកច្រើនភ្លាមនោះ ជំនាញដឹកនាំក្រុមនេះ រឹតតែសំខាន់ថែមទៀតសម្រាប់យើង។ ពីព្រោះ នៅពេលយើងចេញរកស៊ីជាក្រុម យើងនឹងប្រឈមបញ្ហាបែងចែកការងារមិនច្បាស់លាស់ ដោយមិនដឹងថា គួរដាក់ការងារនេះ ឱ្យអ្នកណាធ្វើ ការងារនោះ ឱ្យអ្នកណាទទួលខុសត្រូវជាដើម។ ដូច្នេះ មុនពេលចេញរកស៊ី យើងគួរមានជំនាញដឹកនាំក្រុមខ្លះៗ ទើបជាការប្រសើរ។ 

២. ជំនាញរៀបចំផែនការ៖ មានមនុស្សជាច្រើន មិនអាចដឹកនាំអាជីវកម្ម គ្រួសារ ឬជីវិតផ្ទាល់ខ្លួនបានល្អ ដោយសារតែពួកគាត់ខ្វះនូវជំនាញរៀបចំផែនការនេះឯង។ ចង់ចេញរកស៊ី យើងត្រូវចេះកំណត់ក្តីស្រមៃ ឬក៏គោលដៅឱ្យបានច្បាស់លាស់ ទើបយើងអាចចេញដំណើរដោយមិនមានហានិភ័យខ្ពស់ ព្រោះយើងដឹងផ្លូវត្រូវដើរ។ ការរៀបចំផែនការ ចាត់ទុកថា ជារឿងសំខាន់ មិនអាចខ្វះបានឡើយ នៅការរកស៊ី។ 

៣. ជំនាញធ្វើទីផ្សារ៖ មានជំនាញទៅលើអាជីវកម្ម ដែលខ្លួនកំពុងធ្វើហើយ ប៉ុន្តែបើមិនចេះធ្វើទីផ្សារទេនោះ ទោះបីជាផលិតផល ឬសេវាកម្មដែលខ្លួនបានបង្កើតនោះល្អយ៉ាងណា ក៏គ្មានបានការអ្វីដែរ ព្រោះគ្មានភ្ញៀវមកសាកប្រើផងនោះ។ ដូច្នេះ មុននឹងសម្រេចចិត្តលោតចូលសង្វៀនអ្នករកស៊ី អ្នកគួរតែចេះជំនាញខ្លះៗ ទៅលើការធ្វើទីផ្សារ ហើយនឹងការលក់ផងដែរ។ សម័យនេះ ការធ្វើទីផ្សារអាចថាងាយស្រួលដែរ ដោយសារយើងមានបណ្តាញសង្គមដែលអាចឱ្យមនុស្សជាច្រើនបានឃើញអាជីវកម្មយើង។ 

៤. ជំនាញទំនាក់ទំនង៖ ការមានទំនាក់ទំនងល្អ ជាមួយមនុស្សខាងក្រៅ អាចជួយឱ្យអាជីវកម្មយើងរីកចម្រើនលឿនលើសពី ៣០ភាគរយ។ ជាក់ស្តែង ដូចម្ចាស់យីហោម្ជូរវត្តភ្នំ១៦៨ លោកស្រី លាភ ដាណេ ជាដើម។ សហគ្រិនរូបនេះ ពូកែទំនាក់ទំនងខ្លាំងណាស់ មិនថាតែអ្នកសម្តែង ដារ៉ាចម្រៀង អ្នកដែលមានភាពល្បីល្បាញនៅលើបណ្តាញសង្គម សុទ្ធតែចូលចិត្តគាត់ទាំងអស់ ហេតុនេះ នៅពេលគាត់ចង់ប្រម៉ូតអ្វីមួយឱ្យគេចាប់អារម្មណ៍ គឺងាយស្រួលដូចបកចែកអ៊ីចឹង ហើយមិនចាំបាច់ចំណាយលុយច្រើនថែមទៀត ព្រោះមានគេចាំជួយគាត់ដោយឥតគិតថ្លៃ។ ដូច្នេះ អ្នកគួរពង្រឹងជំនាញទាក់ទំនងឱ្យបានច្រើន។

៥. ជំនាញប្រើលុយ៖ ជំនាញមួយនេះ ត្បិដថា ដាក់នៅលេខរៀងទី៥ក៏ដោយ ប៉ុន្តែជំនាញមួយនេះ សំខាន់ជាងអ្វីៗទៅទៀត ពីព្រោះបើអ្នកមិនចេះប្រើលុយទេ ទោះអ្នកមានលុយច្រើនយ៉ាងណា ក៏កុំសង្ឃឹមថា អាចរកស៊ីជោគជ័យដូចគេឱ្យសោះ។ ដូចអ្នកឃើញហើយ មនុស្សភាគច្រើន រកចំណូលបានច្រើនណាស់ ប៉ុន្តែពួកគេនៅតែចាយមិនគ្រប់ ព្រោះតែហេតុអ្វីទៅ? គឺដោយសារមិនចេះប្រើលុយនេះឯង។ ហេតុនេះ ពេលធ្វើការឱ្យគេ មានប្រាក់ខែសមរម្យ គួររៀនពីរបៀបគ្រប់គ្រងលុយឱ្យបានល្អ ។

ជាចុងក្រោយ សង្ឃឹមថា អ្នកទាំងអស់ នឹងបានចំណេះដឹងខ្លះៗ ទៅលើជំនាញដែលអ្នកត្រូវមានអំឡុងពេលធ្វើការឱ្យគេ ហើយបន្តអភិវឌ្ឍន៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ តាមពិតទៅ ជំនាញខាងលើនេះ មិនពិបាករៀននោះទេ គ្រាន់តែអ្នកទាំងអស់គ្នាត្រូវលះបង់ពេលដើរលេង ពេលកម្សាន្តខ្លះ ដើម្បីអភិវឌ្ឍវាតែប៉ុណ្ណោះ តាមរយៈការអានសៀវភៅ ការស្តាប់អូឌីយូ និងការចូលរួមសិក្ខាផ្សេងៗ ជាដើម ៕ 


ប្រភព: Business Cambodia

上一篇:老板必看:这样建班子,企业发展才能长远 下一篇:Don't Waste Time On A Startup Business Plan -- Do These 5 Things Instead