[J-TAO Report] គ្រាន់តែនឹកគិតទៅដល់ឈ្មោះរបស់ ឧកញ៉ា ម៉ុង ឫទ្ធី គ្រប់គ្នាប្រាកដជាបានស្គាល់គាត់ច្បាស់ណាស់ ដោយសារតែគាត់គឺជា បិតាកសិកម្មមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលមានអាជីវកម្មជាច្រើនក្នុងដៃ ជាពិសេសទាក់ទងជាមួយកសិកម្មតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង បានរៀបចំផែនការដាំស្វាយចំនួន(២លានដើម)បន្ថែមទៀតនៅលើផ្ទៃដី២.០០០ហិកតា ក្នុងឆ្នាំ២០២១នេះ ដែលផែនការនេះនឹងបង្កើតបានការងារធ្វើ ជូនកម្មករស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅ ក្នុងសម័យកូវីដ-១៩ ។

ក្នុងសកម្មភាពថែទាំស្វាយនៅក្រុមហ៊ុន(ម៉ុងឬទ្ធីគ្រុប)ស្ទឹងត្រែង ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ-ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២១ លោក សុង គ័រឈៀង ជនជាតិចិនជាប្រធានផ្នែកបច្ចេកទេសដាំដុះនិងថែទាំ ដំណាំស្វាយបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំដំណាំកៅស៊ូ មកដាំដំណាំស្វាយវិញចាប់តាំងពីឆ្នាំ២០១៥មក ទទួលបានផលល្អ ។ ដំណាំស្វាយនៅក្រុមហ៊ុននេះដាំបាន១.២០០ហិកតាហើយ ក្នុងនោះ៨០០ហិកតាកំពុងទទួលផល និង នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយនៅឆ្នាំ២០២១នេះនិងបន្តដាំលើផ្ទៃដី២០០០ហិកតាទៀត ដើម្បីបង្កើនការងារធ្វើជូនកម្មករផងដែរ។

លោកស្រី ឆឹង ដានេ កម្មករថែទាំស្វាយមកពីភូមិព្រែកគូ ឃុំ- ស្រុកព្រែកប្រសប់ខេត្តក្រចេះបានអះអាងថា៖ បងប្អូនកម្មករមក ធ្វើការនៅក្រុមហ៊ុននេះ មានផ្ទះស្នាក់នៅ មានទឹក ភ្លើងប្រើប្រាស់ គ្រប់គ្រាន់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី៧៥ម៉ឺន ដល់១៥០ម៉ឺន ទៅតាមការងារជំនាញផ្សេងៗពីគ្នា ហើយនៅពេលឈឺថ្កាត់ក៏មានពេទ្យជួយព្យាបាលផងដែរ។លោកស្រី បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងរកការងារធ្វើសូមមកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ស្ទឹងត្រែង ដែលកំពុងត្រូវការកម្មករដាំស្វាយបន្តប្រមាណ២លានដើមទៀតនៅឆ្នាំ២០២១នេះ។

លោកស្រីថាបានមានប្រសាសន៍ថា ភាពមានការងារធ្វើនៅក្នុងប្រទេសរបស់យើង មិនព្រួយបារម្ភពីការឆ្លងជម្ងីកូវីដ-១៩ ដូចកម្មករយើងមួយ ចំនួនទៅធ្វើការនៅប្រទេសថៃនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបស្ទឹងត្រែងបានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាង៩០០០ ហិកតានៅឆ្នាំ២០០១សម្រាប់ដាំកៅស៊ូ តែដោយសារផ្ទៃដីនេះ មិនអំណោយផល ទើបចាប់ពីឆ្នាំ ២០១៥ មក បានប្តូរមក ដាំដំណាំដាំស្វាយវិញ។ បច្ចុប្បន្នដំណាំស្វាយ៨០០ហិកតា បានទទួលផលនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ៕


ប្រភព: Business Cambodia

上一篇:柬埔寨财经部推出两个政策支持中小企业发展 下一篇:How Can Small Businesses Cultivate Resilience During the COVID-19 Crisis?