[J-TAO Report] ក្នុងអាជីវកម្មនីមួយៗដែលរីកចម្រើនគង់វង្សយូរអង្វែងភាគច្រើនជាអាជីវកម្មមានលាក់ដោយចំណុចពិសេសនៅក្នុងនោះ ដូចជាការគ្រប់គ្រង់បុគ្គលិកល្អ ការគ្រប់គ្រង់ ចាត់ចែងហិរញ្ញវត្ថុល្អ ឬសេវាកម្មល្អជាដើម។ដោយឡែកទាក់ទងជាមួយចំណុចពិសេសក្នុងការរកស៊ីនេះផងដែរ ខ្លាចាស់ក្នុងវិស័យរកស៊ី លោកជំទាវ កែវ មុំ នាយិការក្រុមហ៊ុននំស្រួយលីលីបានបង្ហើបផងដែរថា អាជីវកម្មក្រុមហ៊ុននំស្រួយលីលីរបស់អ្នកស្រី អាចរីកចម្រើនមកដល់បច្ចុប្បន្ន គឺដោយសារតែគិតពីគុណភាពជាជាងប្រាក់ចំណេញ។

វាជាការពិត ការរកស៊ីមិនមែនធ្វើឡើងដើម្បីតែប្រាក់ចំណេញមួយមុខឡើយ តែវាត្រូវគួបផ្សំជាមួយនិងការគិតគូរឱ្យបានវែងឆ្ងាយ ព្រោះបើផ្តោតតែប្រាក់ចំណេញខ្លាំងពេក រហូតមើលរំលងគុណភាពរបស់ផលិតផល វាមិនខុសពីការបិទផ្លូវខ្លួនឯងនោះទេ។ជាក់ស្តែង បើងាកមកមើលក្រុមហ៊ុននំស្រួយលីលីវិញ សុខចិត្តផ្តោតទៅលើគុណភាព ជាជាងមើលឃើញតែប្រាក់ចំណេញហើយផលិតនូវរបស់ដែលគ្មានគុណភាពឱ្យប្រជាជនខ្មែរយើងទទួលទាន។

ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុនផលិតនំស្រួយលីលី ចាប់កំណើតឡើងមានអាយុកាលជិត ២០ឆ្នាំមកហើយ។ ក្រុមហ៊ុននំស្រួយលីលីចាប់កំណើតឡើងក្នុងឆ្នាំ ២០០២ ដែលមានលោកជំទាវឧកញ៉ា កែវ មុំ ជានាយិកា ហើយដើមទុនដើម្បីចាប់ផ្ដើមអាជីវកម្មនេះ គឺកើតចេញពីការលក់ផ្ទះរបស់ខ្លួនដោយសារតែការជឿជាក់លើអាជីវកម្មមួយនេះ គួបផ្សំជាមួយការផ្តេជ្ញាយ៉ាងមុតមាំបានធ្វើជម្រុញឱ្យយីហោខ្មែរមួយនេះ អាចទទួលបានជោគជ័យមកដល់បច្ចុប្បន្ននេះ។

ប៉ុន្តែទម្រាំឈានមកដល់ចំណុចជោគជ័យដូចបច្ចុប្បន្ន អ្នកជំនួញចិត្តសឿងរូបនេះក៏ធ្លាប់បានឆ្លងកាត់នូវភាពបរាជ័យ និងឧបសគ្គជាច្រើនស្ទើរតែរាប់មិនអស់ផងដែរ។ដោយ លោកជំទាវធ្លាប់ប្រឡូកនូវមុខរបរជាច្រើនមុខមកហើយតាំងពីការលក់ខោអាវជជុះ ការលក់ដូរចាប់ហួយតូចតាចអស់ជាច្រើន ទម្រាំតែឈានដល់ដំណាក់កាលមួយដែលអ្នកស្រីដាច់ចិត្តលក់ផ្ទះយកលុយមកបង្កើតអាជីវកម្មនំស្រួយលីលីនេះ តែគ្រប់យ៉ាងក៏មានការចូលរួមចំណែកពីជនជាតិសិង្ហបូរីម្នាក់ដែលបានបំផុសគំនិតឱ្យលោកជំទាវចេញរកស៊ីបែបនេះ។

បន្ថែមពីនោះ លោកជំទាវក៏បានចែករំលែកនូវកត្តាសំខាន់ៗមួយចំនួនដែលធ្វើឱ្យអាជីវកម្មមួយចំនួនទទួលរងនូវការបរាជ័យលឿនបំផុតគឺមានដូចជា៖ ការបើកអាជីវកម្មច្រើនក្នុងពេលតែមួយ មិនមានជំនឿចិត្តលើខ្លួនឯង លក់កាន់តែដាច់កាន់តែបន្ធូរដៃ មិនមានគំនិតក្នុងការពង្រឹងលើអាជីវកម្ម មិនចេះធ្វើបច្ចុប្បន្នភាពផលិតផលថ្មីជាដើម។

ក្រៅពីនោះ មេរៀនដ៏មានតម្លៃ ដែលយើងអាចរៀនសូត្របានពីលោកជំទាវឧកញ៉ា កែវ មុំ គឺ បើយើងមានក្ដីស្រមៃហើយ យើងគួរតែរិះរកវិធីគ្រប់បែបយ៉ាងដើម្បីសម្រេចវា បើទោះបីជាពេលខ្លះយើងត្រូវលះបង់នូវរបស់ដ៏មានតម្លៃណាមួយដែលយើងកំពុងមានក៏ដោយ។ កុំឆាប់បោះបង់ចោលងាយៗខ្លាំងពេកពេលដែលជួបឧបសគ្គ ប៉ុន្តែត្រូវព្យាយាមប្រឈមមុខដោះស្រាយវាម្ដងមួយៗរហូតអាចសម្រេចគោលដៅ៕


ប្រភព: Business Cambodia 

上一篇:金边到底有什么魅力?东南亚房产为什么只选择他 下一篇:How To Be A Role Model In Your Business