[J-TAO Report] លោក Masayoshi Son ត្រូវបានគេដាក់រហ័សនាមថា ជាកំពូលបិតាវិនិយោគ ដ៏ខ្លាំងពូកែនិងល្បីល្បាញមួយរូបលើលោក។ ហើយបើក្រឡេកទៅមើលទ្រព្យសម្បត្តិយដែលលោករកបានពីការវិនិយោគរកស៊ីនោះ បច្ចុប្បន្ននេះលោកមានរហូតដល់ទៅជាង ៣១.៩ ពាន់លានដុល្លារឯណោះ ដែលធ្វើឱ្យលោកក្លាយជាមហសេដ្ឋីមានបំផុតលេខ២នៅប្រទេសជប៉ុន។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាសរសើរលោកថា ជាបិតាកំពូលវិនិយោគ ពូកែវិភាគមើលឆ្ងាយដល់ជើងមេឃ ដាក់លុយវិនិយោគមិនដែលខុសយ៉ាងណាក៏ដោយ ប៉ុន្ដែមហាសេដ្ឋីលេខ២នៃជប៉ុនរូបនេះ ក៏ធ្លាប់បានបង្ហើបពីកំហុសធំៗបំផុត២ ក្នុងការវិនិយោគផង ដោយបច្ចុប្បន្ននេះ កំហុសទាំងនោះបានតាមលងបន្លាចលោក ដែលធ្វើឱ្យលោកមានអារម្មណ៍ថាស្ដាយក្រោយចង់បោកក្បាល។

លែងនៅក្នុងកម្មវិធី “The New York Times DealBook” កាលពីពេលថ្មីៗកន្លងទៅថ្មីៗនេះ លោក Masayoshi Son បានបើកចិត្តបង្ហើបកំហុសដែលធ្វើឱ្យលោកស្ដាយក្រោយបំផុត២ គឺលោកមានឱកាសក្នុងការដាក់លុយវិនិយោគជាមួយក្រុមហ៊ុន Amazon របស់មហាសេដ្ឋីលេខ២ អាមេរិក Jeff Bezos និងក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលេខ១ Elon Musk ប៉ុន្ដែចុងក្រោយលោកបែរជាសម្រេចចិត្តមិនវិនិយោគទៅវិញ។ 

មិនបញ្ជាក់ពីពេលវេលាថាប៉ុន្មានឆ្នាំមុនឱ្យពិតប្រកដ បិតាវិនិយោគ Masayoshi Son បានបង្ហើបថា លោកធ្លាប់មានឱកាសជួបចរចាគ្នាជាមួយនឹងលោក Jeff Bezos ស្ថាបនិកម្ចាស់ Amazon នៅក្នុងសណ្ឋាគារមួយ ដោយលោក Son បានសុំវិនិយោគ ១០០លានដុល្លារ ហើយសុំភាគហ៊ុន ៣០% ប៉ុន្ដែលោក Jeff Bezos មិនបានយល់ព្រមនោះទេ ដោយសារតែលោកគិតថា ៣០% គឺច្រើនពេក។ ក្រោយមកការចរចារវាងអ្នកទាំងពីរត្រូវបានបញ្ចប់ ហើយជាលទ្ធផង លោក Son មិនបានដាក់លុយវិនិយោគជាមួយលោក Jeff Bezos នោះទេ។
លោកបានឱ្យដឹងទៀតថា កាលណោះក្រុមហ៊ុន Amazon មិនទាន់ឡើងផ្សារហ៊ុន និងទើបតែមានតម្លៃខ្លួនប្រមាណ ៣០០ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្ដែរំលងទៅជាច្រើនឆ្នាំ ការខកខានឱកាសមិនបានចរចាវិនិយោគឱ្យត្រូវគ្នាជាមួយនឹងលោក Jeff Bezos វាបានក្លាយជាកំហុសដ៏ធំមួយ ដែលធ្វើឱ្យលោកស្ដាយក្រោយចង់បោកក្បាលគឺ ក្រុមហ៊ុន Amazon បានវិវត្តិន៍ខ្លួនពីក្រុមហ៊ុនតម្លៃ៣០០លានដុល្លារ មកជាក្រុមហ៊ុនតម្លៃ១.៥ពាន់ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ននេះ។ ហើយប្រសិនបើកាលណោះ លោកវិនិយោគ១០០លានដុល្លារ ហើយលោក Bezos ឱ្យហ៊ុនតែ១០% បច្ចុប្បននេះ លោកមានហ៊ុនតម្លៃ១៥០ពាន់លានដុល្លារក្នុងដៃបាត់ទៅហើយ។

ជាមួយគ្នានេះដែរ លោក MasayoshiSon ក៏បានបង្ហើបពីកំហុសក្នុងការវិនិយោគមួយផ្សេងទៀតដែលធ្វើឱ្យលោកមានអារម្មណ៍ថាស្ដោយក្រោយរហូតមកដល់សព្វថ្ងៃនោះ គឺការខកខានមិនបានធ្វើការវិនិយោគលុយជាមួយនឹងក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្ដ Tesla កំពុងតែឡើងកូដយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ ដោយនៅក្នុងឆ្នាំ២០២០កន្លងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងរហូតដល់ទៅ៧០០%ឯណោះ ដែលធ្វើឱ្យលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន បានកើនទ្រព្យសម្បត្តិដល់ទៅ១៩៥ពាន់លានដុល្លារនិងបានឡើងទៅជាមហាសេដ្ឋីលេខ១ នៅលើពិភពលោក។ ហើយបើលោក Masayoshi Son បានវិនិយោគតែ១០%ចូលក្រុមហ៊ុន Tesla បច្ចុប្បន្ននេះហ៊ុនលោកប្រហែលជាឡើងកប់ក្ដោងជាក់ជាមិនខាន៕


ប្រភព: Business Cambodia 

上一篇:10条准则告诉你:创业起家成为百万富翁,就是这么个套路 下一篇:Wise Words Before Starting A Business