c1_752336_151103063117.jpg

[J-TAO Report] បច្ចុប្បន្ននេះ វិស័យម៉ាតនៅក្នុងប្រទេសកម្ពុជាហាក់មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត យើងក៏សង្កេតឃើញថា មានម៉ាតថ្មីៗជាច្រើនបានកើតឡើងជាបន្ដបន្ទាប់ ហើយក៏មានម៉ាតខ្លះអាចលក់ដាច់យ៉ាងខ្លាំងនិងអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ។

ជុំវិញការរកស៊ីវិស័យម៉ាតនេះផងដែរ Business Cambodia នឹងលើកយកក្បួនសំខាន់ៗ៦ ដែលអ្នកត្រូវធ្វើដើម្បីបើកម៉ាតរកស៊ីឱ្យជោគជ័យ។ ដោយក្បួនទាំង៦នោះមានដូចខាងក្រោម៖

១.ការជ្រើសរើសទីតាំង៖ បើតាមលោក ហេង ចំរើន អ្នកជំនាញផ្នែកផ្ដល់សេវារៀបចំម៉ាត បានឱ្យដឹងថា ការជ្រើសរើសទីតាំងម៉ាតគឺជាការកំណត់វាសនាទៅលើអាជីវកម្មម៉ាតរបស់យើងថា តើវាអាចនឹងជោគជ័យឬក៏បរាជ័យ។ ដូច្នេះមុននឹងសម្រេចយកទីតាំងណាមួយមកធ្វើជាទីតាំងដើម្បីបើកម៉ាតរកស៊ីអ្នកត្រូវតែមើលថាតើទីតាំងនោះជាកន្លែងទីប្រជុំជន មានមនុស្សរស់នៅឆ្លងកាត់ច្រើន មានអតិថិជនគោលដៅច្រើន។

២.ការរៀបចំតុបតែងម៉ាត៖ ការរៀបចំតុបតែងម៉ាតគឺជាចំណុចសំខាន់មួយដែលធ្វើឱ្យអតិថិជនចូលមកម្ដងហើយចង់មកម្ដងទៀតផងដែរ។ ដោយអ្នកត្រូវរៀបចំដេគ័រម៉ាតឱ្យបានស្អាតនិងទាក់ទាញ ហើយចំណែកឯទំនិញវិញ ត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់ចែកជាផ្នែកៗនៃទំនិញនីមួយៗ និងងាយស្រួលរកផងដែរ។

៣.ការទិញដុំពីកន្លែងដែលថោក៖ ទំនិញដែលបានបញ្ជាទិញត្រូវតែជាទំនិញដែលទទួលមកពីកន្លែងបោះដុំដែលថោក ព្រោះថានៅពេលដែលយើងទទួលបានទំនិញពីកន្លែងដែលថោក យើងអាចលក់ចេញបានក្នុងតម្លៃធូរថ្លៃទៅតាមនោះដែល។ នៅពេលទំនិញថោក អតិថិជនប្រាកដជាមានភាពពេញចិត្តជាក់ជាមិនខានឡើយ ព្រោះអតិថិជនម្នាក់ៗសុទ្ធតែចូលចិត្តទិញទំនិញថោកៗគ្រប់គ្នា។តែទំនិញដែលហាងលក់ថោកត្រូវតែជាទំនិញដែលមានគុណភាពមិនមែនជាទំនិញដែលថោកហើយគ្មានគុណភាពនោះទេ បើយើងលក់ទំនិញដែលគ្មានគុណភាពប្រៀបដូចយើងរកស៊ីបិទផ្លូវខ្លួនឯងដូច្នេះដែរ។

៤.ប្រព័ន្ធគ្រប់គ្រង៖ បើតាម លោក ហេង ចំរើនបានឱ្យដឹងទៀតថា ដើម្បីបើកម៉ាត១ឱ្យជោគជ័យប្រព័ន្ធគ្រប់គ្រងម៉ាតនិងបុគ្គលិកគឺជាចំណុចសំខាន់ៗដែលអ្នកត្រូវគិត ពោលគឺត្រូវជ្រើសរើសក្រុមហ៊ុនដែលមានទំនុកចិត្តនិងមានសមត្ថភាពគ្រប់គ្រាន់ឱ្យជួយរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឱ្យយើងបាន។

៥.បុគ្គលិកជំនាញ៖ អ្នកគួរតែជ្រើសរើសបុគ្គលិកណាដែលចេះគ្រប់គ្រងរៀបចំនិងជ្រេទំនិញ បើរើសបានបុគ្គលិកមិនចេះកិច្ចការងាររៀបចំនិងដឹងអាយុកាលទំនិញទេ ជួនកាលទំនិញខ្លះហួសពេលកំណត់ហើយលក់ឱ្យភ្ញៀវប្រាកដជាមានបញ្ហាខូចឈ្មោះជាក់ជាមិនខាន។

៦.ក្បួនចំណេញទាំងអស់គ្នា៖ ក្បួនទី៥នេះគឺជាក្បួនសំខាន់មែនទែន ដែលអ្នកចង់រកស៊ីវិស័យម៉ាតគួរតែដឹង ដោយអ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងម្ចាស់ផលិតផល (អ្នកផលិត ឬអ្នកនាំចូល) ដោយអ្នកអាចជួលកន្លែងឱ្យម្ចាស់ផលិតផលណាដែលចង់ដាក់លក់ទំនិញរបស់ពួកគេនៅក្នុងហាងរបស់អ្នក ឬក៏គេអាចដាក់លក់ទំនិញក្នុងម៉ាតរបស់អ្នកហើយចែកភាគរយគ្នា។ ធ្វើបែបនេះ នឹងធ្វើឱ្យអ្នកអាចចំណេញច្រើន ហើយអ្នកមិនចាំបាច់ចំណាយលុយទិញទំនិញស្តុកទុកច្រើននោះទេ ពោលគឺចំណេញទាំងអស់គ្នា៕


ប្រភព: Business Cambodia

上一篇:这三类人适合创业 下一篇:如何做小本生意?有什么经验?