[J-TAO Report] លោក អ៊ឹង ខេវិន បច្ចុប្បន្ន គឺជាម្ចាស់រោចក្រផលិតទឹកបរិសុទ្ធដ៏ធំមួយ ដែលយីហោទឹកសុទ្ធរបស់លោកមានឈ្មោះថា Funny Water ទឹកពិសាហ្វាន់នី។ ប៉ុន្ដែទម្រាំមានថ្ងៃនេះ លោកធ្លាប់រកស៊ីខាតរហូតដល់ទៅ៦០ម៉ឺនដុល្លារ និងធ្លាប់បិទទ្វារអាជីវកម្មម្ដងរួចទៅហើយ ទម្រាំជោគជ័យលើអាជីវកម្មទឹកសុទ្ធនេះ។ ហើយសង្ឃឹមថាសាច់រឿងនៃកំហុស ក៏ដូចជាបទពិសោធន៍ផ្សេងៗ របស់គាត់ នឹងផ្ដល់នូវមេរៀនរកស៊ីដ៏មានតម្លៃមួយដល់មិត្តអ្នកអាចទាំងអស់គ្នា។

ថ្លែងទាំងទឹកមុខញញឹម លោក អ៊ឹង ខេវិន បានរៀបរាប់ប្រាប់ក្រុមការងារ Business Cambodia យ៉ាងដូច្នេះថា មុនពេលចេញរកស៊ី លោកធ្លាប់បានដើរធ្វើការជាច្រើនកន្លែង ហើយការងារចុងក្រោយរបស់លោកគឺនៅក្នុងសិប្បកម្មផលិតទឹកផ្លែឈើមួយ ដែលទីនោះហើយជាកន្លែងធ្វើឱ្យលោកមានអារម្មណ៍ថាចង់បើករកស៊ីផលិតទឹកផ្លែកឈើមួយដែរ។

ឆ្លៀតរៀនក្រៅផង និងខំប្រឹងរៀនពីកន្លែងធ្វើការផង  លោកក៏អាចរៀនចេះពីរបៀបផលិតទឹកផ្លែឈើបានយ៉ាងលឿន ត្រឹមពេលតែ១ឆ្នាំប៉ុណ្ណោះ។ ហើយដោយសារតែមានជំនាញផលិត រួមផ្សំនឹងការយល់ដឹងពីការរៀបចំគ្រប់គ្រងសង្វាក់ផលិតកម្មដែលលោករៀនសូត្រចេះពីការធ្វើការងារកន្លងមកផងនោះ។ បងស្រីជីដូនមួយរបស់លោកក៏បានបោះទុនប្រមាណ ៥ម៉ឺនដុល្លារ ឱ្យលោក ខេវិន បើករោងចក្រផលិតទឹកផ្លែឈើកញ្ចប់មួយ និងបានដាក់ឈ្មោះយីហោថា “Funny ហ្វាន់នី”។ 

 សហគ្រិនកូនកាត់ចិនរូបនេះ បានបន្ដថា បើករកស៊ីរបរផលិតទឹកផ្លែឈើកញ្ចប់នេះបាន ២ឆ្នាំដំបូង អាជីវកម្មមួយនេះផ្ទុះខ្លាំងមែនទែន ដោយត្រឹមរយៈពេលដ៏ខ្លីលោកអាចក្ដោបក្ដាប់ទីផ្សារនិង ចែកចាយផលិតផលរបស់ខ្លួនបានទូទាំង២៤ខេត្តក្រុង។ ហើយ២ឆ្នាំដំបូងនេះ លោកអាចកើបប្រាក់ចំណេញរហូតដល់ទៅ ៨០ម៉ឺនដុល្លារឯណោះ។

សហគ្រិនឆ្នើមរូបនេះ បានបន្ថែមទៀតថា កំពុងតែសប្បាយកើបលុយ២ឆ្នាំដំបូង លោកបែរជាមកជួបបញ្ហាធ្ងន់ក នៅឆ្នាំទី៣ ដោយបញ្ហាដ៏ធំនោះ គឺផលិតទឹកផ្លែឈើខុសបច្ចេកទេស ដែលជាហេតុធ្វើឱ្យមានរស់ជាតិល្វីងញ៉ាំមិនកើត ខណៈទឹកផ្លែឈើកញ្ចប់ទាំងនោះបានវាយកេះ ចែកចាយទៅអតិថិជនតាមខេត្តអស់ហើយ។ ហើយជាទំនួលខុសត្រូវនឹងដើម្បីកុំឱ្យខូចឈ្មោះ លោកក៏បានប្រមូលទិញផលិតផលទាំងអស់នោះ ពីអតិថិជនវិញ ដែលធ្វើឱ្យលោកខាតអស់រហូតដល់ទៅ ៦០ម៉ឺនដុល្លាររំមួយពព្រិចភ្នែក។ ហើយចាប់តាំងពីឆ្នាំ ២០១៣ មកអាជីវកម្មមួយនេះបានខាតជាបន្ដបន្ទាប់រហូតដល់លោកបានសម្រេចចិត្តបិទទ្វាររបរមួយនេះចោល នៅក្នុងឆ្នាំ ២០១៧ ហើយចាប់ផ្ដើមងាកទៅផ្ដោតលើអាជីវកម្មទឹកសុទ្ធវិញ។

លោក ខេវិន បានបន្ដថា ដើមចមដែលធ្វើឱ្យលោកមកជួបការខាតបង់ធំនៅក្នុងឆ្នាំទី៣នេះ គឺដោយសារតែកំហុសធំៗ២៖

១.ផ្ដោតតែរកស៊ី តែភ្លេចប្រឹងអភិវឌ្ឍន៍ខ្លួន៖ លោក ខេវិន បានឱ្យដឹងថា ដោយសារតែឈ្លក់វង្វេងនឹងជោគជ័យនៅនឹងមុខ ភ្លេចគិតរឿងកើតទុក្ខនៅថ្ងៃក្រោយ ពេលនោះ មួយថ្ងៃៗលោកគិតតែពីរឿងធ្វើយ៉ាងណាឱ្យយីហោទឹកផ្លែឈើរបស់លោកកាន់តែល្បី អាចលក់ដាច់ខ្លាំង និងអាចចែកចាយទូទាំងប្រទេស ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ប៉ុន្ដែ បែរជាភ្លេចគិតរឿងប្រឹងរៀនសូត្រពីរបៀបគ្រប់គ្រងពង្រឹងក្រុមហ៊ុន និងមិនបានផ្ដោតខ្លាំងទៅលើការរៀនសូត្របច្ចេកទេសបន្ថែមក្នុងការពង្រឹងគុណភាពផលិតកែច្នៃនោះទេ។ ជាហេតុធ្វើឱ្យលោកមកជួបបញ្ហាធំផលិតខុសបច្ចេកទេសនៅឆ្នាំ ទី៣។

២.ពង្រីកលឿនពេក និងពង្រីកធំហួសមាឌ៖ លោក ខេវិន បានរៀបរាប់ថា ការពង្រីកលឿនពេកក៏ជាកត្តាសំខាន់មួយទៀត ដែលធ្វើឱ្យលោកខាត៦០ម៉ឺនដុល្លារ និងបរាជ័យក្នុងអាជីវកម្មទី១នេះដែរ។ ដោយពេលនោះ លោកបានពង្រីករោចក្ររបស់ខ្លួនលឿនពេកនិងធំហួសមាឌ ខណ

ៈដែលលោកជាអ្នករកស៊ីជើងថ្មីផង ជាហេតុធ្វើឱ្យការគ្រប់គ្រងសង្វាក់ផលិតកម្មទាំងមូលមានការធូរលង់ រួមផ្សំនឹងការមិនបានប្រឹងអភិវឌ្ឍន៍ខ្លួនពង្រឹងជំនាញផលិតឱ្យរឹងមាំផងនោះ ជាហេតុធ្វើឱ្យកើតមានការផលិតខុសបច្ចេកទេស ដែលនាំឱ្យកើតមានការខាតបង់រាប់ម៉ឺនដុល្លារដូច្នេះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០១៣មក អាជីវកម្មផលិតទឹកផ្លែឈើរបស់លោកចាប់ផ្ដើមជួបការខាតបង់ជាបន្ដបន្ទាប់។ ដោយសារតែពេលនោះមានអ្នកញ៉ាំទឹកផ្លែឈើកញ្ចប់របស់ក្រុមហ៊ុនផ្សេងហើយស្លាប់ ហើយក្រោយមកនាយកសាលាបានហាមមិនឱ្យលក់បន្ដ ជាហេតុធ្វើឱ្យការលក់មានការធ្លាក់ចុះជាបន្ដបន្ទាប់។ ក្រោយមក លោកបានបិទអាជីវកម្មផលិតទឹកផ្លែឈើនេះចោល។ តាមរយៈកំហុសនិងបទពិសោធន៍ក្នុងអាជីវកម្មទី១នេះ បានបង្រៀនឱ្យលោកយល់ដឹងកាន់តែច្រើនក្នុងការរកស៊ី ដោយក្រោយពីបិទអាជីវកម្មមួយនេះរួច លោកទៅរៀនយ៉ាងឆ្អិននូវជំនាញផលិតទឹកសុទ្ធ ហើយនៅក្នុងខែមេសា ឆ្នាំ២០១៩ លោកក៏បានបើករោងចក្រផលិតទឹកសុទ្ធថ្មីមួយទៀតដែលដាក់ឈ្មោះថា “Funny Water ទឹកពិសាហ្វាន់នី”។

ជាមួយគ្នានេះដែរ ផលិតផលទឹកសុទ្ធ Funny Water ទឹកពិសាហ្វាន់នី របស់លោក អ៊ឹង ខេវិន មានអ្នកចែកចាយបន្ដដែលជាអតិថិជនទឹកផ្លែឈើចាស់ៗជួយទិញយកលក់បន្ដជាហូហែ។ ហើយមូលហេតុដែលធ្វើឱ្យអតិថិជនចាស់ៗជាច្រើននាំគ្នាទិញយកទៅលក់បន្ដដូច្នេះគឺដោយសារតែ គេមានទំនុកចិត្តទៅលើរូបលោក។ ដោយលោកធ្លាប់បានទទួលខុសត្រូវទិញទឹកផ្លែឈើដែលផលិតខុសពីពួកគាត់វិញ ដោយមិនបានបិទក្រុមហ៊ុនយករួចខ្លួនឡើយ។ ហើយក្រោយពីដំណឹងថាសុខចិត្តខាត ៦០ម៉ឺនដុល្លារ តែមិនឱ្យខូចឈ្មោះនេះដឹងដល់អតិថិជន លើកក្រោយគេឃើញមុខគាត់ទៅលក់ផលិតផលអ្វីឱ្យគេ គេទុកចិត្តគេហ៊ានទិញដោយមិនស្ទាក់ស្ទើរនោះទេ៕


ប្រភព:Business Cambodia

上一篇:穷人没本钱怎么创业?穷人创业路子 下一篇:NINE REASONS WHY CAMBODIA IS ATTRACTIVE TO BUSINESSES