[J-TAO Report] កំណើននៃអ្នកចង់ចេញរកស៊ីកាន់តែច្រើន ក្នុងនោះមានអ្នកខ្លះក៏ទទួលបរាជ័យ ហើយខ្លះទៀតក៏ទទួលជោគជ័យ។ អ្នកដែលចេញរកស៊ីហើយទទួលបានជោគជ័យ ដោយហេតុថាគេសិក្សាពីប្រភេទអាជីវកម្មនីមួយៗឲ្យបានច្បាស់លាស់ មានផែនការអាជីវកម្មត្រឹមត្រូវ មិនរកស៊ីតាមគ្នា ទាំងដែលខ្លួនឯងគ្មានជំនាញពាក់ព័ន្ធនឹងអាជីវកម្មនោះសោះ។ ដូច្នេះ មុនពេលដែលបងប្អូនសម្រេចចិត្ដថាចេញរកស៊ី សូមពិចារណាទៅលើប្រភេទមុខរបរឲ្យបានច្បាស់សិនមុននឹងចូលប្រឡូក ព្រោះបើរើសខុសបងប្អូននឹងខាតបង់ជាមិនខាន។ ខាងក្រោមនេះជាមុខរបរ ២ ប្រភេទដែលបងប្អូនមិនគួរធ្វើ៖

១. មុខរបរភ្លើងចំបើង៖ មុខរបរភ្លើងចំបើង មិនមែនជាមុខរបរដុតចំបើងឲ្យមានភ្លើងទេ ឬលក់ចំបើងយកភ្លើងទេ គឺជាមុខរបរដែលមានសន្ទុះខ្លី បានតែមួយគ្រាខ្លី មិនអាចតាំងនៅយូរបាន ឬមិនអាចងំបានយូរ ដោយសារតែមិនមានគោលការណ៍អាជីវកម្ម មិនមានក្ដីស្រមៃក្នុងអាជីវកម្ម មិនមានយីហោច្បាស់លាស់ គឺមិនមានស្ដង់ដារល្អដែលគេចង់បាន ប្រៀបដូចភ្លើងចំបើងដែលឆេះបានរយៈពេលខ្លី និងងាយនឹងរលត់។ ម្យ៉ាងទៀត លោកអ្នកចាប់ផ្ដើមអាជីវកម្មខ្នាតធំពេក ក៏មិនអាចធ្វើឲ្យឈរជើងមិនបានយូរដែរ ព្រោះពេលដែលអ្នកបើកអាជីវកម្មដំបូង អ្នកត្រូវឈមមុខដោះស្រាយបញ្ហាច្រើនណាស់។ យ៉ាងណាមិញ លោកអ្នកត្រូវជៀសវាងអាជីវកម្មប្រភេទនេះឲ្យបាន ស៊ូបើកអាជីវកម្មណាដែលប្រើដើមទុនតិច ប៉ុន្តែរក្សាបានយូរ និងអាចពង្រីកខ្លួនម្ដងបន្តិចៗ។

២. មុខរបរបុរាណ៖ ការលក់នៅតាមទាមផ្សារ ការលក់ចាប់ហួយ ការលក់កាហ្វេឆុងដោយដៃ មុខរបរផ្តិតរូប មុខរបរថតរូបជាដើម សុទ្ធតែជាមុខរបរបុរាណ ដែលមិនអាចជួយឲ្យលោកអ្នកមានបានទេ ព្រោះសម័យនេះជាសម័យបច្ចេកវិទ្យា ដូចនេះអ្នកត្រូវប្រកបមុខរបរបែបបច្ចេកវិទ្យាដូចជា គួរបង្កើតជាការលក់កាហ្វេមួយមានស្ដង់ដារ និងឆុងដោយម៉ាស៊ិន គួរលក់តាមអនឡាញ គួរលក់កាមេរ៉ា គួរលក់ទូរសព្ទឆ្លាតវៃ គួរបង្កើតជាអែបផ្ដិតរូបនៅតាមទូរសព្ទវិញ និងគួរប្រើកម្មវិធីទូរសព្ទដែលមានបច្ចេកវិទ្យាចុងក្រោយជាដើម ហើយឈានដល់ទៅការបង្កើតជាហ្រ្វេនឆាយ។ ជារួម មុខរបរណាដែលមានយូរណាស់មកហើយ ដែលមិនមានអ្វីទំនើប ឬទាន់សម័យនេះ ប៉ុន្តែបើអ្នកកំពុងលក់នៅផ្សារ អ្នកត្រូវចេះច្នៃ ឬបង្កើតនូវហ្រ្វេនឆាយ (យីហោ)ខ្លួនឯងឲ្យបាន នោះលោកអ្នកនឹងបានទទួលនូវមុខរបរថ្មី ដែលអាចបំពេញត្រូវបានមនុស្សសម័យថ្មីបាន។ ម្យ៉ាងទៀត ដើម្បីអាចបង្កើតជាមុខរបរបែបថ្មីបាន អ្នកត្រូវមានគោលដៅឲ្យធំក្នុងការរកស៊ី កុំរកស៊ីដដែលៗបន្តត្រកូល និងត្រូវមានមហិច្ឆតាធ្វើឲ្យល្បីទាំងក្នុងប្រទេស និងពិភពលោក ឲ្យគេងាកមកប្រើប្រាស់ផលិតផលយើង។

ដូច្នេះ ផលវិបាកនៃការចាប់មុខរបរខុសគឺ អាជីវកម្មមិនអាចរស់បានយូរ ងាយបាត់បង់ មានគូប្រជែងច្រើន មិនសូវពេញនិយម មិនទាន់សម័យកាល។ ដូច្នេះម្ចាស់អាជីវកម្មត្រូវរស់ទាំងភិតភ័យ និងចៀសមិនផុតពីវិបត្តិហិរញ្ញវត្ថុឡើយ៕


ប្រភព:Business Cambodia 

上一篇:马云大胆“预言”,未来这4种职业容易“失业”,愿你不在其中 下一篇:做生意,必须会点套路