យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ កំពុងសិក្សាលទ្ធភាពកែច្នៃផ្លែស្វាយធ្វើស្រា និងទឹកខ្មេះស្របពេលដែលផ្លែស្វាយកំពុងសល់ជន់ជោរច្រើននិងមានតម្លៃទាប ។

លោក អ៊ុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយ មានការជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្បូងឃ្មុំ បានចាត់ក្រុមមន្ត្រីជំនាញឱ្យមកធ្វើការបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការកែច្នៃផ្លែស្វាយទៅជាស្រា និងទឹកខ្មេះ ជូនដល់សហគមន៍ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករ។ លោកបន្តថា ការជំរុញ លើការបណ្តុះបណ្តាលកែច្នៃដំណាំស្វាយនេះ ដោយសារតែឱ្យតែដល់រដូវប្រមូលផលស្វាយ សហគមន៍អាចលក់បានតែស្វាយខ្ចប់ប៉ុណ្ណោះ សម្រាប់ស្វាយខៀវមានតម្លៃទាបហើយយ៉ាងហោចផ្លែស្វាយប្រមាណ១០ភាគរយខូចចោល។ ដូច្នេះ ទើបសហគមន៍កំពុងគិតថា ផ្លែស្វាយដែលនៅសល់លក់មិនអស់ នឹងយកទៅកែច្នៃជាដំណាប់ស្វាយ ស្រាស្វាយ ទឹកខ្មេះ និងធ្វើអ្វីផ្សេងៗទៀត ជាជាងយកផ្លែស្វាយនោះបោះចោលឥតប្រយោជន៍។

« ការកែច្នៃស្វាយទៅជាស្រាស្វាយនិងទឹកខ្មេះនេះ គឺខាងយើងមិនទាន់បានដំណើរការទេ គ្រាន់តែយើងគ្រោង ហើយនឹងរៀនជំនាញទាំងអស់នេះ ប៉ុន្តែយើងមិនទាន់មានលទ្ធភាព យើងមិនទាន់មានសម្ភារគ្រប់គ្រាន់សំរាប់ការដំណើរការធ្វើជាទឹកខ្មេះ ធ្វើជាស្រាស្វាយ ធ្វើជាដំណាប់ស្វាយទេ គឺយើងគ្រាន់តែបានរៀនយល់ដឹងពីចំណេះដឹង ប៉ុន្តែនៅខ្វះសម្ភារនិងដើមទុនក្នុងការដំណើរការការងារមួយនេះ » ។

ពាក់ពន្ធ័នឹងបញ្ហាខ្វះសម្ភារ លោកបញ្ជាក់ថា សហគមន៍ បានដាក់ សំណើជូនទៅក្រសួងកសិកម្ម ដើម្បីឱ្យជួយផ្ដល់នូវធនធានបច្ចេកទេស និងសម្ភារមកដល់សហគមន៍ផងដែរ ។ ទន្ទឹមនឹងនោះ ប្រសិនបើដំណើរការអាចប្រព្រឹតិ្តទៅដោយរលូននោះនឹងជួយដល់ប្រជាកសិករឱ្យមានជីវភាពល្អប្រសើរឡើងវិញ ស្របពេលកំពុងជួបមានបញ្ហាតម្លៃនេះ ។

លោកប្រធានសហគមន៍បានបន្ថែមទៀតថា បច្ចុប្បន្នស្វាយកែវរមៀតខ្ចប់ដែលសហគមន៍បានចុះកុងត្រាជាមួយក្រុមហ៊ុនស្រាប់នោះ អាចលក់ក្នុងតម្លៃ១២០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម ចំណែកស្វាយខៀវអាចលក់បានត្រឹមតម្លៃ២០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ មានសមាជិកចំនួន៧០នាក់ មានផ្ទៃដីដាំស្វាយកែវរមៀតប្រមាណ១២៧ហិកតាស្មើនឹងប្រមាណ៣ម៉ឺនដើម ដែលអាចផ្តល់ទិន្នផលស្វាយប្រមាណ៣៧២០តោនសម្រាប់ស្វាយខ្ចប់ និងប្រមាណ២ពាន់តោនសម្រាប់ស្វាយខៀវក្នុង១ឆ្នាំៗ ៕


ប្រភព: Business Cambodia

上一篇:How Anchor Investors Help Impact Funds Succeed 下一篇:年轻人创业失败的原因,这些错误千万不要再犯