19oracle-web1-superJumbo.jpg

[J-TAO Report] លោក Larry Ellison កើតនៅក្នុងឆ្នាំ១៩៤៩ នៅឯទីក្រុង New York សហរដ្ឋអាមេរិក។ ហើយក្រោយពីកើតបាន៩ខែ លោកបានកើតជំងឺរលាកសួតហើយ ដោយសារតែគ្មានលទ្ធភាពព្យាបាលលោក ម្ដាយរបស់លោកបានបង្ខំចិត្តបញ្ជូនលោកឱ្យទៅរស់នៅឯទីក្រុង Chicago ជាមួយពូមីងរបស់លោក គឺអ្នកស្រី Lillian Ellison និងលោក Louis Ellison វិញ។

ក្រោយពីរៀនចប់ថ្នាក់វិទ្យាល័យ ម្នាយមីងរបស់លោក Larry Ellison បានបញ្ជូនលោកឱ្យទៅរៀនផ្នែកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យ Illinois ប៉ុន្ដែលោកត្រូវបានជួបរឿងអកុសលម្ដងទៀត ដោយលោកបានបង្ខំចិត្តបោះបង់ចោលការសិក្សានៅត្រឹមឆ្នាំទី២ ព្រោះតែម្ដាយមីងរបស់លោកបានស្លាប់ ដែលជាហេតុធ្វើឱ្យលោកមិនមានលុយអាចរៀនបន្ដទៀតបាន។

បន្ទាប់ពីបោះបង់ការសិក្សាចោលលោកក៏បានចាប់ផ្ដើមដើរប្រឡូកធ្វើការងារនៅតាមក្រុមហ៊ុននានា ហើយការងារដែលលោកធ្វើភាគច្រើនគឺធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។ រហូតដល់ការងារចុងក្រោយរបស់លោក គឺលោកបានមានឱកាសចូលធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា IBM ហើយនៅក្នុងអំឡុងពេលដើរធ្វើការនោះ លោកក៏បានរកឃើញថាខ្លួនឯងស្រលាញ់បច្ចេកវិទ្យាយ៉ាងខ្លាំង ហើយលោកក៏បានសម្រេចចិត្តចូលរៀនបច្ចេកវិទ្យានៅសាកវិទ្យាល័យវិញ។ ប៉ុន្ដែក្រោយពីរៀនបានមួយឆមាសលោកបែរជាសម្រេចចិត្តបោះបង់សាកលវិទ្យាល័យនិងបោះបង់ការងារនៅ IBM ចោលហើយងាកមកសហការជាមួយនឹងមិត្តភក្ដិរបស់លោក២នាក់ទៀត ដោយពួកគាត់បាននាំគ្នាបង្កើតក្រុមងហ៊ុនមួយដែលមានឈ្មោះថា Oracle នៅក្នុងឆ្នាំ១៩៧៧ ដោយក្រុមហ៊ុននេះផ្ដោតទៅលើការផ្ដល់សេវាកម្ម គ្រប់គ្រងមូលដ្ឋានទិន្ន័យ (Database)។

ហើយក្រោយពីបង្កើតក្រុមហ៊ុនបានមួយរយៈ លោក Larry Ellison ក៏អាចអូសបានអតិថិជនដំបូងរបស់លោក គឺក្រុមហ៊ុន IBM ដែលជាក្រុមហ៊ុនចាស់របស់លោកធ្លាប់ធ្វើការនឹងឯង។ ហើយចាប់តាំងពីក្រុមហ៊ុនធំដូចជា IBM មកប្រើសេវាកម្មរបស់លោកហើយ ជាហេតុធ្វើឱ្យក្រុមហ៊ុនផ្សេងៗមានទំនុកយ៉ាងខ្លាំង និងមិនខ្លាចក្នុងការប្រើសេវាកម្មគ្រប់គ្រង Database របស់ក្រុមហ៊ុន Oracle នោះទេ។ ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុន Oracleក៏ចាប់ផ្ដើមល្បីល្បាញនិងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសូម្បីតែក្រុមហ៊ុនធំៗដូចជា Amazon និងSamsung Electronicsជាដើមនោះ ក៏ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Oracle ដែរ។
ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Oracle បានក្លាយជាក្រុមហ៊ុនបង្កើត Software ដ៏ល្បីឈ្មោះ និងក្លាយជាក្រុមហ៊ុនលេខ១ខាងផ្នែកផ្ដល់សេវាកម្មគ្រប់គ្រងទិន្ន័យ (Database)។ ដោយគិតមកទល់នឹងពេលនេះក្រុមហ៊ុន Oracle របស់លោក Larry Ellison មានបុគ្គលិកសរុបរហូតដល់ទៅជាង ១៣៥,០០០ នាក់ឯណោះ។ បន្ថែមពីនេះទៀត កាលពីឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុន Oracle អាចរកចំណូលបានរហូតដល់ទៅជាង ៣៩ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះសម្រាប់សហស្ថាបនិកក្រុមហ៊ុន Oracle គឺលោក Larry Ellison វិញ លោកគឺជាអ្នកកាន់ហ៊ុនច្រើនជាងបំផុតនៅក្នុងក្រុមហ៊ុន Oracle ដោយមានរហូតដល់ទៅជាង ៣៦.២ ភាគរយឯណោះ។ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះលោក Larry Ellison មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណជា ៧៩.៦ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលេខ៥ ក្នុងចំណោមហាសេដ្ឋីទាំងអស់ទូទាំងពិភពលោក៕


ប្រភព: Business Cambodia

上一篇:Why Investors Often Lose When They Sue Their Financial Adviser 下一篇:马云说创业是什么?创业是不畏前进道路上的艰难险阻