[J-TAO Report] បុគ្គលិកពូកែៗគឺសម្ដៅទៅលើបុគ្គលិកដែលមានលក្ខណៈសម្បត្តិសំខាន់ៗដូចជា ភាពស្មោះត្រង់ អត្តចរិតល្អ មានចំណេះជំនាញខ្ពស់ មានទស្សនៈវិស័យផ្ទាល់ខ្លួន អាកប្បកិរិយា ក្រមសីលធម៌ល្អ និងចំណុចវិជ្ជមានសំខាន់ៗមួយចំនួនទៀត។ 

ទន្ទឹមនឹងនេះដែរ គឺមានពាក្យមួយឃ្លាដែលគេតែងតែនិយមនិយាយគឺ “រើសបានបុគ្គលិកពូកែម្នាក់ ប្រៀបបីដូចជារើសបានលុយ ១លានដុល្លារអ៊ីចឹងដែរ”។ ជាការពិតណាស់ នៅពេលណាដែលយើងអាចទាក់ទាញបានមនុស្សដែលមានសមត្ថភាពកាន់តែច្រើនចូលមកក្នុងអង្គភាពរបស់អ្នកហើយនោះ មានន័យថាអង្គភាពរបស់អ្នកក៏នឹងទទួលបានភាពរីកចម្រើនកាន់តែឆាប់រហ័សផងដែរ។

អាស្រ័យហេតុនេះហើយទើបបានជា Business Cambodia បានធ្វើការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយនឹង ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកជំនួញដ៏លេចធ្លោមួយរូបក្នុងវិស័យអប់រំនោះ លោកបានបង្ហើបពីក្បួន ៥ទាក់ទាញបុគ្គលិកពូកែៗចូលស្ថាប័ន និងវិធីថែរក្សាបុគ្គលិកពូកែតាមរយៈចំណុចសំខាន់ៗចំនួន ៥យ៉ាងគឺ៖ 

១. កិត្តិយសកេរ្តិ៍ឈ្មោះស្ថាប័ន៖ ជាការពិតណាស់ ដើម្បីអាចទាក់ទាញមនុស្សពូកែៗមានសមត្ថភាពខ្ពស់ចូលមកក្នុងស្ថាប័នរបស់អ្នកបាន គប្បីត្រូវប្រាកដថាស្ថាប័នរបស់មានកិត្តិយសកេរ្តិ៍ឈ្មោះល្អ មានគេទទួលស្គាល់គេឱ្យតម្លៃ ទើបអាចឆក់បេះដូងបុគ្គលិកឆ្នើមៗឱ្យចូលមកក្នុងស្ថាប័នអ្នកបាន។ 

២. ឱកាសរីកចម្រើន៖ វាមិនមានអ្វីចម្លែកនោះទេដែលបុគ្គលិកគ្រប់រូបប្រាថ្នានូវឱកាសរីកចម្រើននៅក្នុងស្ថាប័នរបស់អ្នក។ ផ្ទុយទោវិញប្រសិនបើអ្នកអាចទាក់ទាញគាត់ឱ្យចូលមកក្នុងស្ថាប័នអ្នកបានហើយ ប៉ុន្តែគាត់មិនមានឱកាសបញ្ចេញសមត្ថភាពក៏ដូចជាសក្ដានុពលរបស់គាត់បានទេនោះ គាត់ក៏មិនអាចចូលមកក្នុងស្ថាប័នអ្នកបានយូរអង្វែងនោះដែរ។ ដូច្នេះត្រូវធានាថា រាល់បុគ្គលិកដែលចូលមកក្នុងស្ថាប័នរបស់អ្នក គាត់នឹងទទួលបាននូវឱកាសរីកចម្រើនកាន់តែខ្លាំងជាងមុន។

៣. បរិយាកាសស្ថាប័នកក់ក្ដៅ៖ បរិយាកាសការងារក៏មានសារៈសំខាន់ផងដែរសម្រាប់ការទាក់ទាញក៏ដូចជាការរក្សាបុគ្គលិកឆ្នើម។ ប្រសិនបើអ្នកអាចរើសបានបុគ្គលិកល្អៗចូលមកក្នុងស្ថាប័នអ្នកកាន់តែច្រើន នោះបរិយាកាសការងារក៏ល្អទៅតាមនោះដែរ។ មួយវិញទៀតបរិយាកាសការងារក្នុងស្ថាប័នអ្នកអាចឱ្យបុគ្គលិកទំនាក់ទំនងគ្នា ស្រលាញ់រាប់អានគ្នាដូចជាគ្រួសារតែមួយ និងមានទំនាក់ទំនងល្អរវាងមេនិងបុគ្គលិក ឬបុគ្គលិក និងបុគ្គលិកទៀតនោះបរិយាកាសការងារនឹងមានភាពសប្បាយរីករាយ មានភាពកក់ក្ដៅទៅតាមនោះផងដែរ។ 

៤. មិនមែនគ្រួសារនិយម៖ បើសិនជាអាចអ្នកត្រូវលុបបំបាត់ឱ្យបាននូវគ្រួសារនិយមចេញពីក្នុងស្ថាប័នរបស់អ្នក ពោលគឺបុគ្គលិកទាំងអស់មានឱកាសស្មើរគ្នា អាស្រ័យលើសមត្ថភាព ការខិតខំប្រឹងប្រែងរបស់គាត់ម្នាក់ៗ មិនមែនតំណែងធំឡើងបានសម្រាប់តែគ្រួសារសាច់ញាតិបងប្អូនរបស់ខ្លួននោះទេ។ ប្រសិនបើក្នុងស្ថាប័នមួយមានគ្រួសារនិយមកាន់តែច្រើន នោះមិនអាចឱ្យបុគ្គលិកនៅជាមួយបានយូរអង្វែងនោះទេ។ 

៥. គោរពច្បាប់ការងារត្រឹមត្រូវ៖ អ្នកត្រូវធានាថាស្ថាប័នរបស់អ្នកជាស្ថាប័នគំរូមួយដែលគោរពច្បាប់ការងារដែលរដ្ឋបានដាក់ចេញបានត្រឹមត្រូវ ជាពិសេសទាក់ទងនឹងការឈប់សម្រាក ការផ្ដល់នូវប្រាក់ខែគោល ការផ្ដល់នូវប្រាក់បន្ថែមផ្សេងៗ ដើម្បីកុំឱ្យបុគ្គលិកមានអារម្មណ៍ថាស្ថាប័នកំពុងតែកេងប្រវ័ញ្ចកម្លាំងញើសឈាមគាត់ឱ្យសោះ។ នៅពេលដែលអាជីវកម្មអ្នកគោរពច្បាប់ការងារបានត្រឹមត្រូវនោះមានន័យថា ស្ថាប័នរបស់អ្នកគឺជាស្ថាប័នគំរូមួយកម្រិតរួចទៅហើយ៕ 


ប្រភព:Business Cambodia

上一篇:The 7 Best Investments To Make In 2020 下一篇:如何在柬埔寨创业?