Bitcoin ស្ដាប់ទៅហាក់ដូចជាគំនិតថ្មីនៃការចាយលុយ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របថាល្អក្នុងការយកមកប្រើប្រាស់ទូរទាំងពិភពលោក នោះទេ ដូចយើងសង្កេតឃើញកន្លងមក បណ្ដាប្រទេសមហាអំណាចជាច្រើន មានខ្លះទទួលស្គាល់ ហើយខ្លះទៀតមិនទទួលស្គាល់។

កន្លងមកបែកធ្លាយដំណឹងពីមហាសេដ្ឋី Elon Musk ប្រើឈ្មោះ Tesla ទិញ Bitcoin រហូតទៅដល់ ១.៥ពាន់លានដុល្លារ ដោយយោងហេតុផលថាវិនិយោគលើទ្រព្យឌីជីថល និងគម្រោងប្រើប្រាស់ Bitcoin ជាការទូរទាត់ក្នុងការទិញរថយន្ត Tesla នៅថ្ងៃអនាគត។

យ៉ាងណាក៏ដោយសម្រាប់លោក Bill Gates មានការមើលឃើញផ្សេងទៅលើ Bitcoin នេះ ដោយបានកោតសរសើរបច្ចេកវិទ្យាស្នូល Blockchain របស់ Bitcoin ប៉ុន្តែមិនគាំទ្រឱ្យមានការប្រើប្រាស់ Bitcoin ជារូបិយបណ្ណនៅលើលោកឡើយ។

លោក Bill Gates គាត់លើកជាហេតុផលថាក្នុងដំណើរការផ្ទេរ Bitcoin ម្ដងៗត្រូវប្រើប្រាស់ថាមពលអគ្គិសនីច្រើនណាស់ ច្រើនជាងមធ្យោបាយទូរទាត់លុយដទៃទៀត ដែលការប្រើប្រាស់ថាមពលអគ្គិសនីដ៏ច្រើននោះបង្ករជាផលលំបាកមួយចំនួនចំពោះបរិស្ថាន។

Bitcoin ប្រើថាមពលអគ្គិសនីច្រើនដោយហេតុថា មានមនុស្សជាច្រើនកំពុងតែធ្វើការ ជីក ឬ Mine Bitcoin ដោយប្រើថាមពលយ៉ាងសន្ធឹក ហើយការ Mine នោះជាការប្រកួតគ្នាជួយសម្រួលដំណើរការផ្ទេរ Bitcoin ដើម្បីបាន Bitcoin។

គូសបញ្ជាក់ផងដែរថាក្ដីបារម្ភរបស់ Bill Gates ក៏មិនខុសដែរដោយហេតុថា ថាមពលអគ្គិសនីនាពេលបច្ចុប្បន្ននេះមិនទាន់ស្អាត ១០០ភាគរយនោះទេ ពោលនៅមានកន្លែងខ្លះប្រើការដុតធ្យូងថ្ម ឬ ចំហេះប្រេងកាត ឬមួយកម្រិតទៀតគឺថាមពលស្អាតដែរ តែអាចមានហានិភ័យខ្ពស់ដូចជា ថាមពលនុយក្លេអ៊ែរជាដើម៕


ប្រភព: Business Cambodia 

上一篇:How to Start a Business in 10 Easy Steps 下一篇:5 Tips to Help You Stick to Your Investment Game Plan