[J-TAO Report] លោក Chase Fisher គឺជាស្ថាបនិកនៃក្រុមហ៊ុន Blenders Eyewear ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតមួយផ្នែកខាងផលិតវែនតាខ្មៅ (Sunglasses)។ ដោយសូម្បីតែតារាចម្រៀងល្បីជាច្រើនរូប ប្រើប្រាស់នូវវែនតាយីហោ Blenders Eyewear ដែរ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលវត្តិនៃការចាប់ផ្ដើមរបស់ក្រុមហ៊ុនតម្លៃជាង ៩០លានដុល្លារមួយនេះវិញ វាត្រូវបង្កើតឡើងចេញពីលុយជាង២០០០ដុល្លារ ដែលលោក Chase Fisher ខ្ចីគេតែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ដែលមានសម្ភាសន៍ជាមួយលោក Chase Fisher បានឱ្យដឹងថា លោក នៅក្នុងអំឡុងឆ្នាំ២០១១ លោកគឺជាគ្រូបង្វិងជិះក្ដាលើទឹក (Surf Couch) ហើយជីវិតប្រចាំថ្ងៃរបស់លោកគឺត្រូវចំណាយពេលនៅសមុទ្រមិនតិចជាង៩ម៉ោងទេ ក្នុងមួយថ្ងៃ។ មានថ្ងៃមួយ នៅពេលដែលលោកទៅទិញវែនតាខ្មៅដើម្បីពាក់ការពារភ្នែក លោកសង្កេតឃើញថា វែនតាខ្មៅដែលមានលក់នៅលើទីផ្សារភាគច្រើនជាយីហោល្បីៗ ដូចជា  Gucci, Oakley និង Ray-Ban ជាដើម។ ប៉ុន្ដែវែនតាប្រេនទាំងនោះ ហាក់មានតម្លៃខ្ពស់ខ្លាំងរហូតដល់ទៅរាប់រយដុល្លារឯណោះ។លោកបានបន្ដថា នៅលើទីផ្សារមានតែវែនតាប្រេនៗដែលមានតម្លៃខ្ពស់ ប៉ុន្ដែមិនទាន់ឃើញមានក្រុមហ៊ុនណាព្យាយាមផលិតវែនតាដែលមានគុណភាពល្អដូចនឹងប្រេនល្បីៗ ហើយលក់ក្នុងតម្លៃដែលមនុស្សទូទៅអាចមានលទ្ធភាពទិញបានោះទេ។

រហូតដល់ចុងឆ្នាំ ២០១១ លោកបានសម្រេចចិត្តទៅខ្ចីលុយមិត្តភក្ដិរបស់លោក ប្រមាណ ២,០០០ដុល្លារ ដើម្បីបើកក្រុមហ៊ុនផលិតវែនតាខ្មៅ (Sunglasses) មួយដែលមានឈ្មោះថា Blenders Eyewear។ ហើយក្រុមហ៊ុនលោកផលិតវែនតាលក់ដោយផ្ដោតលើទីផ្សារមនុស្សដែលចង់បានវែនតាដែលមានគុណភាពខ្ពស់ តម្លៃទាប និងមិនខ្វល់ពីម៉ាកយឺហោ។

Chase Fisher, Blenders Eyewear founder and CEO.

 របៀបដែល លោក Chase Fisher ចាប់ផ្ដើមពីទុន ២, ០០០ដុល្លារ

ក្រោយពីមានគំនិតចង់រកស៊ីហើយ លោក Chase Fisher បានទៅជួប លោក Blake Jensen ដែលជាអ្នកជំនាញខាង អ្នករចនារូបភាព (Graphic Design) ដើម្បីពឹងឱ្យគាត់ជួយចេញម៉ូតរូបវែនតាឱ្យ។ ហើយពីទទួលបានរូបវែនតាចំនួន ៣រូប លោកបានបង្ហោះរូបទាំងនោះទៅលើ Facebook ដើម្បីស្ទង់មតិថាក្នុងចំណោមនោះ តើវែនតាមួយណាដែលមហាជនចូលចិត្តជាងគេ។ (នេះជាមេរៀនមួយសម្រាប់អ្នករកស៊ីថ្មីៗ ដោយយើងអាចយករូបផលិតផលណាមួយមកបង្ហោះស្ទង់មិត្តិលើបណ្ដាញសង្គមសិនថាតើមានអ្នកចាប់អារម្មណ៍ឬត្រុវការឬអត់មុននឹងយកមកលក់។)

ក្រោយពីស្ទង់មតិបានវែនតាដែលមានគេចូលចិត្តបំផុតរួចហើយ គាត់បានចំណាយពេលបន្ថែមប្រមាណជិត ៨ ខែតាមអនឡាន ស្រាវជ្រាវលើការផលិតវែនតា និងស្រាវជ្រាវរករោងចក្រផងដែរ។ តមកទៀត លោកក៏បានទៅខ្ចីលុយមិត្តភក្ដិរបស់លោកចំនួន ២,០០០ ដុល្លារ និងបានកម្ម៉ង់រោងចក្រមួយឱ្យជួយផលិតវែនតាឱ្យលោក ដោយ២០០០ដុល្លារ ដំបូងនេះ លោកអាចផលិតវែនតាបាន ៣០០គូរ។

ការចាប់ផ្ដើមលក់វែនតាជាលើកដំបូង

នៅពេលទទួលបានវែនតាពីរោងចក្រជាលើកដំបូង លោក Chase Fisher រំភើបយ៉ាងខ្លាំង ហើយលោករំពឹងថា វែនតាដែលលោកបានផលិតជាង៣០០គូរនោះ នឹងលក់អស់ត្រឹមរយៈពេលដ៏ខ្លី។ សម្រាប់វែនតា១ លោកបានដាក់លក់នៅក្នុងតម្លៃ២០ដុល្លារ ហើយលោកក៏បានចាប់ផ្ដើមដើរលក់ឱ្យភ្ញៀវទេសចរណ៍នៅសមុទ្រ ដោយវែនតាមួយលក់ក្នុងតម្លៃ២០ដុល្លារ។ ប៉ុន្ដែគ្រប់យ៉ាងមិនដូចជាការរំពឹងទុករបស់គាត់នោះទេ ក្រោយពីប្រឹងលក់អស់ជាច្រើនថ្ងៃគាត់អាចលក់វែនតានោះអស់ ១០ តែប៉ុណ្ណោះ។ ហើយពេលនោះ គាត់បានបាក់ទឹកចិត្តយ៉ាងខ្លាំងស្ទើតែបោះបង់ការរកស៊ីនេះចោលទៅហើយ។ ប៉ុន្ដែដោយសារនឹកឃើញពាក្យមួយឃ្លាថា “យើងនឹងបរាជ័យពិតប្រាកដ ប្រសិនបើយើងបោះបង់”។ ដែលពាក្យមួយឃ្លានេះបានជំរុញឱ្យលោកតាំងចិត្តថា នឹងសាកដើរលក់វែនតារបស់ខ្លួនម្ដងទៀត។

ហើយក្រោយមកលោក Chase Fisher ក៏បានព្យាយាមឆ្លៀតដើរលក់វែនតារបស់លោក នៅឯពិធីជប់លៀង អាងហែលទឹក ការប្រគំតន្ត្រី ពិធីបុណ្យ ឬលក់ឱ្យភ្ញៀវនៅពេលដែលភ្ញៀវមករៀនជិះ Surf ជាមួយលោកនៅឯសមុទ្រ។ ហើយគាត់បានព្យាយាមរក្សាទំនាក់ទំនងឱ្យស្គាល់ពួក DJ និងអ្នកចម្រៀងល្បីៗដែលមកសម្បែង Concert នៅឯងសមុទ្រ។ ធ្វើការផង ឆ្លៀតលក់វែនតាផង លោក Fisher បានចាយពេលរហូតដល់ទៅជាង ៦ខែ ដើម្បីរកលុយសងបំណុលជាង ២,០០០ដុល្លារទៅមិត្តភក្ដិរបស់លោកវិញ។ ហើយក្រោយមកលោក Fisher និងដៃគូរបស់លោក លោក Blake Jensen បានធ្វើការរៃអង្គារទុនពីអ្នកវិនិយោគបានជាង ៧,០០០ ដុល្លារ។ ហើយពួកគាត់ក៏បានយកលុយទាំងនោះទៅវិនិយោគលើការផលិតវែនតាម៉ូតស្អាតៗ និងប្លែកៗផ្សេងៗបន្ថែមទៀត ហើយពួកគេក៏ចាប់ផ្ដើមធ្វើការផ្សព្វផ្សាយលក់វែនតារបស់ពួកគេលើអនឡាញផងដែរ។ ហើយនៅចុងឆ្នាំ ២០១២ ក្រុមហ៊ុនរបស់ពួកគាត់អាចរកចំណូលបាន ៨,០០០ ដុល្លារ។

All Blue Phoenix Blenders Eyewear Sunglasses - shopgoodwill.com

យុទ្ធសាស្រ្ដ១ ដែលធ្វើឱ្យយីហោវែនតា Blenders Eyewear ល្បីល្បាញ

យុទ្ធសាស្រ្ដមួយដែលលោក Fisher បានប្រើហើយធ្វើឱ្យយីហោវែនតារបស់លោកមានភាពល្បីល្បាញនោះ គឺ នៅក្នុងឆ្នាំ ២០១៣ លោកបានប្រើយុទ្ធសាស្រ្ដខ្ចីដៃបុគ្គលល្បី។ ដោយលោកបានព្យាយាមទាក់ទងជាមួយតារាចម្រៀងល្បីៗ ហើយបានជូនវែនតាស្អាតៗឱ្យទៅពួកគេ ប៉ុន្ដែគាត់សំណូមពរឱ្យតារាចម្រៀងទាំងនោះជួយថតរូបដោយពាក់វែនតារបស់ខ្លួន ហើយបង្ហោះរូបនោះនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន។ ហើយក្រោយមកក៏មានតារាចម្រៀងល្បីឈ្មោះ២រូបគឺលោក SnoppDogg និង លោក Cedric Gervais បានបង្ហោះរូបពាក់វែនតា Blenders Eyewear។ ហើយចាប់តាំងពីពេលនោះមក យីហោវែនតា Blenders Eyewear របស់លោក Fisher ក៏ចាប់ផ្ដើមផ្ទុះមានការចាប់អារម្មណ៍និងអាចលក់ដាច់យ៉ាងខ្លាំង។ ហើយបើតាមទិន្នន័យដែលចុះផ្សាយដោយ CNBC បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៣ ពួកកេអាចរកចំណូលបានរហូតដល់ទៅ ១ លានដុល្លារ និងរកបាន ៥លានដុល្លារ នៅក្នុងឆ្នាំ ២០១៥។

ហើយកាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុនវែនតា Blenders Eyewear ត្រូវបានគេវាយតម្លៃថា មានតម្លៃខ្ពស់រហូតដល់ទៅ ៩០លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ហើយបើគិតតាំងពីចុងឆ្នាំ ២០១១ មកដល់ ២០១៩ ក្រុមហ៊ុននេះអាចរកចំណូលសរុបបានប្រមាណ ៤១លានដុល្លារ៕ 


ប្រភព:Business Cambodia

上一篇:4 Best Skills to Learn For Making Money Online in Cambodia 下一篇:外国人如何入籍柬埔寨?