លោក Francis Davidson គឺជាស្ថាបនិកនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Sonder Corp ជាប្រភេទក្រុមហ៊ុនសណ្ឋាគារផ្ទះល្វែង (apartment-hotel company) ដែលគ្រប់គ្រងការជួលរយៈពេលខ្លីនៅ អាមេរិកខាងជើង អឺរ៉ុប និងឌូបៃ។ វាត្រូវបានបង្កើតឡើងនៅ ម៉ុងត្រេអាល់ (Montreal) ប្រទេសកាណាដាក្នុងឆ្នាំ ២០១២ ហើយបានផ្លាស់ប្តូរមូលដ្ឋានទៅកាន់សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកវិញក្នុងឆ្នាំ ២០១៦ និងមានតម្លៃលើទីផ្សាររហូតដល់ទៅ ១,៣ពាន់លាន$។ ដោយយោងតាមការចេញផ្សាយរបស់គេហទំព័រ Wikipedia គិតត្រឹមខែ មីនា ឆ្នាំ ២០២០ បច្ចុប្បន្នក្រុមហ៊ុននេះបានគ្រប់គ្រងដោយមានចុះបញ្ជីលើផ្ទះល្វែងចំនួនជាង ៥០០០ ល្វែងនៅសហរដ្ឋអាមេរិក និងចំនួន ៣៥ ទីតាំងផ្សេងទៀតនៅជុំវិញពិភពលោក។

បើយើងក្រឡេកទៅមើលអតីតកាលបន្តិចនៅពេលដែលលោក Francis Davidson មានអាយុ ១៩ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០១២ លោកគឺជានិស្សិតដែលទើបបញ្ចប់ការសិក្សាឆ្នាំទីមួយ នៅឯសាកលវិទ្យាល័យ McGill ដែលមានទីតាំងស្ថិតនៅ ម៉ុងត្រេអាល់ (Montreal) ប្រទេសកាណាដា។ ថ្ងៃឈប់សម្រាកបញ្ចប់ឆ្នាំនារដូវក្តៅក៏បានមកដល់ មិត្តភក្តិស្នាក់នៅរួមផ្ទះល្វែងដែលមានបីបន្ទប់ក៏បានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ទុកឲ្យ Francis Davidson ស្នាក់នៅម្នាក់ឯង។ ដោយឃើញមានបន្ទប់នៅសេសសល់ គ្រានោះលោកក៏កើតមានគំនិតមួយ ចង់ជួលបន្ទប់នោះឲ្យទៅភ្ញៀវទេសចរណ៍ និងអ្នកដែលចង់ស្នាក់នៅក្នុងរយៈពេលខ្លី ដោយដាក់ការជួលបន្ទប់នេះនៅលើបណ្តាញអ៊ីនធរណេត ហើយភ្ញៀវអាចធ្វើការកក់តាមរយៈអនឡាញបាន។ 

គំនិតមួយនេះបានធ្វើឲ្យ Francis Davidson ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយវាក៏ជាពេលវេលាមួយដែលក្រុមហ៊ុនបដិសណ្ឋារកិច្ច Sonder Corp បានចាប់បដិសន្ធិឡើងផងដែរ។ ការសម្រេចចិត្តបង្កើតក្រុមហ៊ុននេះបានធ្វើឲ្យម្តាយរបស់លោក មិនសូវជាពេញចិត្តនិងគាំទ្រលោកប៉ុន្មាននោះទេ ព្រោះវាផ្ទុយនឹងឆន្ទៈរបស់គាត់ដោយគាត់សង្ឃឹមថាលោក Francis Davidson និងបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យយ៉ាងជោគជ័យ តែជាលទ្ធផលលោកបានធ្វើរឿងដែលបង្កជាផលប៉ះពាល់រហូតដល់ផ្អាកការសិក្សារបស់លោកទៅវិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ Make It

តែទោះជាយ៉ាងណាក៏ដោយ លោកបានធ្វើការយ៉ាងសកម្ម និងរៀបចំយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែរីកធំ។ ជាដំបូងលោកបានធ្វើការជាមួយនិស្សិតដែលស្នាក់នៅផ្ទះល្វែងក្បែៗគ្នា ពេលដែលពួកគេឈប់ស្នាក់នៅក្នុងរយៈពេលណាមួយ ពួកគេអាចប្រាប់ទៅកាន់លោក ហើយលោកនឹងរៀបចំទទួលភ្ញៀវឲ្យស្នាក់នៅ ដោយចែកភាគលាភខ្លះទៅកាន់និស្សិតទាំងនោះ។ លោកបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់រហូតអាចពង្រីកខ្លួនទៅដល់ការជួលផ្ទះល្វែង និងសណ្ឋាគារដោយចុះបញ្ជើត្រឹមត្រូវមានទីតាំងនៅកណ្តាលទីក្រុងថែមទៀតផង។

ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នាពេលកន្លងទៅនេះ លោក Francis Davidson បានថ្លែងថា “ខ្ញុំអាចរកប្រាក់បានចំនួនជាង ១៤,០០០ ដុល្លារខណៈពេលដែលខ្ញុំចំណាយប្រហែល ៥,០០០ ដុល្លារក្នុងការជួលសរុបសម្រាប់អាផាតមិនក្នុងរដូវក្តៅ”។ សព្វថ្ងៃ Sonder Corp មានតម្លៃ ១,៣ ពាន់លានដុល្លារបន្ទាប់ពីរៃអង្គាសប្រាក់បានសរុបជាង ៥៥០ លានដុល្លារពីក្រុមហ៊ុនមូលធនបណ្តាក់ទុនក៏ដូចជាវិនិយោគិនដូចជាអតីតកីឡាករបាល់បោះ Alex Rodriguez និងមូលនិធិគាំទ្រដោយ Jeff Bezos និង Elon Musk ។

បច្ចុប្បន្នលោក Francis Davidson មានអាយុ ២៨ ឆ្នាំ លោកគឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Sonder Corp។ លោកបានប្រាប់ទៅកាន់ CNBC បន្តទៀតថា “ខ្ញុំមិនដឹងថាខ្ញុំចង់ក្លាយជាសហគ្រិននោះទេនៅពេលខ្ញុំចាប់ផ្តើមជួលអាផាតមិននៅមហាវិទ្យាល័យរបស់ខ្ញុំ។" "ខ្ញុំគិតថាខ្ញុំបានធ្វើរឿងដ៏ភ្ញាក់ផ្អើលសម្រាប់ខ្លួនឯង”។ លោកក៏សង្ឃឹមផងដែរថា លោកនឹងអាចវិញត្រឡប់ទៅបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យវិញនាពេលឆាប់ៗខាងមុខនេះ៕


ប្រភព: Business Cambodia 


上一篇:创业和做生意有什么区别? 下一篇:What are the major industries in Cambodia