លោក Taihei Kobayashi គឺជាសហស្ថាបនិក និងជា CEO នៃក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Sun*។ ហើយក្រោយពីឡើង IPO កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុនរបស់លោក បានឡើងតម្លៃខ្លួនរហូតដល់ទៅជាង ១ពាន់លានដុល្លារ។ 

ក្រឡេកទៅមើលប្រវត្តិរបស់ លោក Kobayashi វិញ ទម្រាំតែក្លាយខ្លួនទៅជា CEO ក្រុមហ៊ុន ពាន់លានដុល្លារ ដូចសព្វថ្ងៃ ជីវិតរបស់លោកបានហែលឆ្លងនូវរឿងរ៉ាវដ៏ជូចត់ជាដើម។ ដោយនៅអាយុ១៧ ឆ្នាំ លោកត្រូវបានឪពុកម្ដាយបណ្ដេញចេញពីផ្ទះ ដោយសារលោក Kobayashi សម្រេចចិត្តមិនរៀនបន្ដនៅថ្នាក់មហាវិទ្យាល័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

លោក Taihei Kobayashi បាននិយាយថា "ពួកគាត់ (ឪពុកម្ដាយ) បានប្រាប់ខ្ញុំឲ្យចាកចេញ ដូច្នេះខ្ញុំបានចាកចេញហើយរឿងទាំងអស់នោះក៏ទៅជាអញ្ចឹងទៅ។ ខ្ញុំចង់រស់នៅក្នុងជីវិតរបស់ខ្ញុំ ធ្វើអ្វីដែលខ្ញុំស្រលាញ់ពេញចិត្ត" ។

ក្រោយពីចេញពីផ្ទះ លោកបានដើរលេងភ្លេងដើម្បីរកលុយ ហើយពេលយប់គាត់បានដើរដេកតាមផ្លូវ ដោយយកសម្បកកេះមករុំខ្លួន ដើម្បីឆ្លងកាត់យប់ដែលរងារខ្លាំង។ លោក Kobayashi បានឱ្យដឹងថា “ខ្ញុំធ្លាប់គិតថា ខ្ញុំប្រហែឡជានឹងស្លាប់”។ "វាពិតជាត្រជាក់ខ្លាំងណាស់! មានពេលខ្លះខ្ញុំមានអារម្មណ៍ថាវាដូចជានរកអញ្ចឹង ប៉ុន្ដែចុងក្រោយខ្ញុំនៅតែអាចយកឈ្នះពេលវេលាដ៏ខ្មៅងងឹតមួួយនេះបាន" ។

ក្រោយពីដើរអនាថា ដេកតាមជញ្ចើមផ្លូវអស់រយៈពេលជាង១ឆ្នាំ កន្លះ លោកក៏បានទៅជួបមិត្តភក្ដិចាស់ម្នាក់ដែលមានឈ្មោះថា Yushi Fukagawa ហើយមិត្តភក្ដិរបស់លោក ក៏បានហៅលោកឱ្យទៅធ្វើជាអ្នកចាក់ចម្រៀងនៅក្នុងក្លឹបមួយ។ ហើយក្រោយពីធ្វើការនៅក្នុងក្លឹបបានជាង៦ឆ្នាំ ក៏បានសម្រេចចិត្តថា ទៅដាក់ពាក្យធ្វើការងារថ្មី ដែលលោកឃើញតាមរយៈការផ្សព្វផ្សាយ ដោយការងារនោះ មិនតម្រូវឱ្យបេក្ខជនដាក់ពាក្យមានគុណវុឌ្ឍិ ឬបទពិសោធន៍ការងារអ្វីនោះទេ ដោយគ្រាន់តែប្រលងតេស្ដសមត្ថភាពតែប៉ុណ្ណោះ។ បន្ទាប់ពីធ្វើតេស្ដទៅលើមុខវិទ្យាតក្កវិជ្ជា គណិតវិទ្យា និងសមត្ថភាព IQ លោក Kobayashi ក៏បានជាប់ ហើយក៏បានចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុមួយ ហើយបានបង្រៀនឱ្យលោកក្លាយទៅជាវិស្វករបង្កើតកម្មវិធី (Software Engineer)។

ហើយក្រោយមក លោក Kobayashi ក៏បានជួបជាមួយលោក Makoto Hirai ។ ដោយអ្នកទាំងពីរហាក់មានទស្សនៈវិស័យដូចគ្នា ដោយពួកគេមើលឃើញថា អ្នកសរសេរកម្មវិធីពូកែៗមានច្រើនណាស់ ប៉ុន្ដែមានអ្នកចេះជំនាញនេះតិចតួចបំផុត ដែលអាចយកចំណេះជំនាញគេ ទៅបង្កើតកម្មវិធីអ្វីមួយ ដើម្បីជួយដោះស្រាយបញ្ហាក្នុងអាជីវកម្មនាយុគសម័យថ្មីបាន។ ហេតុនេះ ពួកគេទាំង២ ក៏បានសម្រេចចិត្តចាប់ដៃគ្នាបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Framgia Inc. ។ ដោយពួកគេបង្កើតក្រុមហ៊ុននេះឡើង គឺមានគោលដៅដាក់ពង្រាយវិស្វករផលិតកម្មវិធីពូកែ ដើម្បីជួយដល់អ្នកដែលទើបតែចាប់ផ្ដើមអាជីវកម្មនៅជប៉ុន ដែលបាននិងកំពុងជួបបញ្ហា និងអាចជួយឱ្យពួកគេអាចកសាងអាជីវកម្មឆ្ពោះទៅរកភាពរីកចម្រើនបាន។

នៅក្នុងឆ្នាំ ២០១២ លោក Kobayashi បានទៅប្រទេសវៀតណាម ហើ ហើយបានជួលក្មេងៗដែលមានជំនាញផ្នែក Software Engineer ជាច្រើននាក់ធ្វើជាបុគ្គលិក។ រហូតដល់ឆ្នាំ២០១៣ សមាជិកស្ថាបនិកបានដាក់បញ្ចូលក្រុមហ៊ុន Framgia Inc. មកប្រទេសជប៉ុនវិញ។ ប៉ុន្មានឆ្នាំក្រោយមកក្រុមហ៊ុនរបស់លោក Kobayashi ហាក់រីកចម្រើនយ៉ាងខ្លាំង និងមានអតិថិជនជាច្រើននាក់ផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុង ឆ្នាំ ២០១៩ លោក Kobayashi ក៏បានប្ដូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនពី Framgia Inc. ទៅជា Sun* វិញ។ ហើយនៅក្នុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ លោកបានធ្វើឱ្យក្រុមហ៊ុនរបស់លោកឡើងផ្សារហ៊ុនបានយ៉ាងជោគជ័យ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោក បានឡើងតម្លៃខ្លួនរហូតដល់ទៅជាង ១ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា លោក Kobayashi មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Sun* ចំនួន ៧,៩% ដែលមានតម្លៃប្រមាណ ៧៤លានដុល្លារ។ ដោយឡែកបើគិតត្រឹម ៩ខែដំបូងនៃ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន Sun* អាចរកចំណូលសរុបបានរហូតដល់ទៅ ៦,២ លានុដល្លារឯណោះ។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន Sun* គឺជាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យ Software Engineer ដ៏ល្បីល្បាញបំផុតមួយនៅជប៉ុននិងវៀតណាម។ ហើយបច្ចុប្បន្ន ក្រុមហ៊ុន Sun* មានបុគ្កលិករហូតដល់ទៅជាង ១,៤៣០នាក់ ក្នុងនោះ បុគ្គលិកនៅជប៉ុនមានចំនួន ១៣០នាក់ និងនៅវៀតណាមមានចំនួន ១,៣០០នាក់៕


ប្រភព: Business Cambodia

上一篇:有哪些小资本项目?小资本创业项目 下一篇:Franchising a business in Cambodia