ក្នុងជីវិតយើងម្នាក់ៗគ្មានអ្នកណាម្នាក់ដែលថាកើតមកត្រូវតែជួបរឿងសមប្រកបគ្រប់រឿងនោះទេ ព្រោះថារសជាតិជីវិតវាផ្តល់ឱ្យយើងនូវគ្រប់រសជាតិ ទាំងភាពរីករាយ ពេលទទួលបានជោគជ័យ ឬមានរឿងណាមួយសមបំណងជាដើម ហើយពេលខ្លះទៀតជីវិតក៏បានផ្តល់ឱ្យយើងនៅការឈឺចាប់ អស់សង្ឃឹមពេលយើងដួលម្តងៗដោយសាររឿងណាមួយជាដើម។ហើយនៅកំឡុងពេលពិបាកចិត្តនោះទៀតសោត មនុស្សគ្រប់គ្នារមែងស្វែងរកផ្លូវដើម្បីដោះស្រាយអារម្មណ៍តាមតឹងនេះ ដោយអ្នកខ្លះព្យាយាមស្វែងរកការស្តាប់ពាក្យលើកទឹកចិត្ត និងខ្លះទៀតស្វែងដៃគូពិភាក្សាគ្នាជាដើម។

ដោយឡែក ពាក់ព័ន្ធជាមួយបញ្ហានេះដែរ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Inc បានឱ្យដែរថា កុំថាឡើយតែយើងដែលមានបញ្ហា សូម្បីតែអ្នកមាន មហាសេដ្ឋីលើលោកក៏ធ្លាប់ជួបប្រទះរឿងទាំងអស់នោះដែរ។ក្នុងនោះមាន បិតាបច្ចេកវិទ្យា Elon Musk ទម្រាំតែទទួលបានជោគជ័យលើការផលិតរថយន្ត ផលិតរ៉ុកកែតដែលអាចបង្ហោះទៅភពផ្សេងបាន មិនដឹងជាទទួលបរាជ័យមកប៉ុន្មានដងហើយនោះទេ។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន Elon Musk បានបរាជ័យទៅលើការបង្ហោះរ៉ុកកែតទៅភពអង្គារជាថ្មីម្តងទៀត ប៉ុន្តែគាត់បែរជានិយាយថា “ការបរាជ័យលើកនេះ វាពិតជាធ្វើឱ្យខ្ញុំខកចិត្តខ្លាំងមែនទែន ប៉ុន្តែវានឹងមិនខាតទេ ព្រោះវាបានផ្តល់ឱ្យខ្ញុំនូវកំហុសឆ្គងមួយចំនួនដែលខ្ញុំគួរតែកែតម្រូវវាឱ្យល្អជាងនេះ”។ហើយគាត់បានបន្តថា “រឿងគ្រប់យ៉ាងវាមិនធ្ងន់ធ្ងរទេ បើយើងគិតវាឱ្យស្រាល”ដោយគាត់ចង់មានន័យថាបញ្ហាគ្រប់យ៉ាងពេលខ្លះអាចកើតចេញពីការបន្លាចខ្លួនឯងតែប៉ុណ្ណោះ។

ចំណែកឯ លោក Richard Branson វិញបើគិតទៅគាត់ពិតជាមានទុក្ខផ្ទួនៗ ព្រោះកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនដែលធ្លាប់រីកចម្រើនជាច្រើនបែរជាត្រូវក្ស័យធន ហើយមិនយូរប៉ុន្មានស្រាប់តែម្តាយជាទីស្រឡាញ់ត្រូវចាកចេញទៅថែមទៀត។ សម្រាប់គ្រប់គ្នា ប្រសិនបើនៅសុខៗស្រាប់តែជួបរឿងជាច្រើនផ្ទួនបែបនេះតើអ្នកត្រូវធ្វើចិត្តបែបណា? តែសម្រាប់លោក Branson វិញបែរជានិយាយថា “ពេលបែបនោះធ្វើឱ្យខ្ញុំវិលវល់ណាស់ ប៉ុន្តែខ្ញុំទាញខួរក្បាលខ្ញុំឱ្យគិតថា វាជាការរៀនសូត្រ ឱ្យយើងចេះស្ងប់អារម្មណ៍ហើយដោះស្រាយវាទៅ”។

លោក Blakely មហាសេដ្ឋីអេស្ប៉ាញ ក៏បាននិយាយទាក់ទងជុំវិញការខកចិត្តក្នុងជីវិតនេះដែរ ដោយលោកនិយាយថា “ជីវិតមនុស្សយើងម្នាក់ៗមិនដែលមានផ្លូវទ័លទេ តែមនុស្សចូលចិត្តបិទផ្លូវខ្លួនឯង ដោយភាពភ័យខ្លាច កំសាកមិនហ៊ានសាកល្បងធ្វើរឿងនោះទៅវិញ” ។

យ៉ាងណាមិញ អត្ថបទមួយនេះ សរសេរឡើងក្នុងគោលបំណងចង់ចូលរួមលើកទឹកចិត្តទៅដល់អ្នកអានគ្រប់គ្នាឱ្យបានដឹងថា ជីវិតនេះ មានឡើងមានចុះជារឿងធម្មតា ដូច្នេះកុំទាន់អស់សង្ឃឹមនឹងជីវិតលឿនពេក តែត្រូវព្យាយាមស្វែងរកផ្លូវដើម្បីដោះស្រាយវាឱ្យបាន ហើយយកកំហុសទាំងនោះមកធ្វើជាមេរៀនសម្រាប់ប្រុងប្រយ័ត្ននៅពេលក្រោយទៀត៕


ប្រភព:  Business Cambodia

上一篇:怎么找生意做?找生意的关键点! 下一篇:What are the best businesses to start in Cambodia