បច្ចុប្បន្ននេះ ជំងឺឆ្លងកូវីដ១៩ បាននឹងកំពុងតែបន្ដវាយលុយយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលបានបណ្ដាលឲ្យអាជីវកម្មមួយចំនួនត្រូវបានបិទទ្វា ហើយអាជីវកម្មខ្លះទៀតត្រូវបានធា្លក់ចុះចំណូលជាលំដាប់។ យ៉ាងណាមិញ គេក៏សង្កេតឃើញថា មានអាជីវកម្មមួយចំនួន បានកំពុងកាក់កប់ខ្លាំងណាស់ដែរ ព្រោះអាជីវកម្មរបស់ពួកគាត់ជាតម្រូវការប្រចាំថ្ងៃ ដូច្នេះកូវីដ១៩ មិនអាចមានផលប៉ះដល់អាជីវកម្មរបស់ពួកកាត់បានឡើយ មានតែលក់កើនជាងមុនទ្វេដង។ 

ខាងក្រោមនេះ ជារបរ ៣ ប្រភេទ ដែលកំពុងកាក់កបខ្លាំងក្នុងសម័យកូវីដនេះ ខណៈម្ចាស់ជាអាជីវកម្មជាច្រើនទៀតកំពុងត្អូញត្អែរឿងចំណូលធ្លាក់ចុះ របរទាំងនោះរួមមាន ៖

១.សេវាកម្មដឹកជញ្ជូន

បើនិយាយពីវ័យដឹកជញ្ជូនវិញឃើញថា កំពុងតែមានសន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសនោះគឺនៅកំឡុងពេលមានការរាតត្បាតពីជំងឺកូវីដ១៩ នេះ រឹតតែធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនខ្លាំងមួយកម្រិតទៀត។ នេះដោយសារតែមនុស្សគ្រប់គ្នាលែងសូវចេញក្រៅញ៉ាំអីផ្ទាល់ដូចពីមុន ដូច្នេះគ្មានអ្វីក្រៅការកម្មង់តាម App ឡើយ ដែលងាយស្រួលហើយមិនបារម្ភពីបញ្ហាច្រើនថែមទៀតផង។

២. ចិញ្ចឹមមាន់ស្រែ

របរចិញ្ចឹមមាន់ស្រែជារបរក្រៅម៉ោង និងជារបរតូចតាចមួយ ដែលត្រូវបានគេមើលរំលង ខណៈរបរមួយនេះហាក់មានទីផ្សារ និងមានតម្លៃថ្លៃគួរសម ។ លើសពីនេះទៅទៀត របរចិញ្ចឹមមាន់ស្រែនេះ វាអាចរកចំណូលបានដល់រាប់ពាន់ដុល្លារក្នុង ១ខែ ដែលធ្វើឱ្យមនុស្សមួយចំនួនស្ទើរមិនគួរឱ្យជឿ ។ ជាក់ស្ដែងមានកសិករស្រ្តីឆ្នើម ១រូបនៅខេត្តតាកែ អាចរកប្រាក់ចំណេញបានដល់ទៅ ២៥០០ដុល្លារ/ខែ ពីរបរចិញ្ចឹមមាន់ និងភ្ងាស់កូនមាន់ស្រែជាលក្ខណៈគ្រួសារ ដែលធ្វើឱ្យជីវភាពរបស់គ្រួសារគាត់មានជីវភាពធូធារជាងមុន។ 

បងស្រីកន ភារម្យ អាយុ ៤៨ឆ្នាំ រស់នៅភូមិអូរផុត ឃុំអង្គតាសោម ខេត្តតាកែវ បានឱ្យដឹងថា គាត់ប្រកបចិញ្ចឹមមាន់ និងភ្ងាស់កូនមានស្រែលក់នៅលើផ្ទៃដី ៤០អារ ដោយការចាប់ផ្ដើមចិញ្ចឹមមាន់ស្រែដំបូង នៅឆ្នាំ ២០១៧ ដែលមានចំនួនមេមាន់ ១០ក្បាលប៉ុណ្ណោះ រហូតដល់ពេលនេះមានមេមាន់សរុបចំនួន ២០០ក្បាល និងឈ្មោល ៤០ក្បាល ។ បងស្រីកន ភារម្យបន្ថែមថាគាត់បានប្រមូលទិញស៊ុតពីសមាជិកនៅក្នុងក្រុមសមាគមន៍របស់គាត់ទាំងអស់ដើម្បីយកមកភ្ញាស់ ដោយ ១គ្រាប់តម្លៃ ១៣០០ រៀល ក្នុងរយៈពេល ១ខែបងស្រីអាចភ្ញាស់កូនមាន់បានប្រមាណ ២០ ០០០ កូនឯណ្ណោះ ។កូនមាន់ដែលបងស្រីផលិតបានគឺលក់ចែកចាយទៅកាន់ខេត្តជាច្រើនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ កំពត និងតំបន់ជិតខាងមួយចំនួនទៀត ក្នុងតម្លៃ ៣៥០០រៀល/ក្បាល ។ បងស្រី កន ភារម្យ អាចរកប្រាក់ចំណេញបានជាង ២៥០០ដុល្លារ/ខែ ពីការលក់ទូភ្ញាស់ កូនមាន់ និងស៊ុតមាន់ ។

៣.របរលក់អនឡាញ

សម្រាប់របរមួយនេះ មិនមែនទើបតែមានការពេញនិយមនៅកំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ឡើយ ប៉ុន្តែរបរនេះត្រូវបានគេសង្កេតឃើញថារីកចម្រើនតាំងពីប៉ុន្មានឆ្នាំមកហើយ ហើយនៅកំឡុងពេលបែបនេះគ្រប់គ្នាងាកមកចាប់អារម្មណ៍ការលក់នៅអនឡាញជាខ្លាំង មិនមែនតែការលក់ផលិតផលគ្រឿងសម្អាងឡើយ សូម្បីតែគ្រឿងប្រើប្រាស់ សម្លៀកបំពាក់ ម្ហូបអាហារ គ្រឿងអេឡិចត្រូនិកផ្សេងៗក៏ងាកមកការលក់លើអនឡាញដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់អត្ថបទនេះ ចង់ផ្តល់ជាគំនិតមួយឱ្យបងប្អូនអ្នកអានបានជ្រាបថា នៅកំឡុងពេលសម្រាកនៅផ្ទះដើម្បីការពារសុវត្ថិភាពបែបនេះ បងប្អូនក៏គួរតែសម្លឹងមើលរបរណាមួយដែលយើងអាចធ្វើបានដើម្បីរកចំណូលបន្ថែម ដូចជាការលក់អនឡាញជាដើម៕


ប្រភព: Business Cambodia

上一篇:柬淘网已下架HM 支持新疆棉 下一篇:What type of tax audits might your business subject be to?