ការបង្កើតអាជីវកម្មគឺងាយស្រួលទេ ប៉ុន្តែ ការគ្រប់គ្រងអាជីវកម្មឲ្យដំណើរការនិងទទួលបានជោគជ័យ នោះទើបជារឿងលំបាក។ ថ្មីៗនេះ នៅក្នុងសិក្ខាសាលាមួយស្ដីពីគន្លឹះក្នុងការគ្រប់គ្រងពហុអាជីវកម្ម លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ (Cam-Paint) បានផ្តល់នូវគន្លឹះ៥យ៉ាង ដើម្បីបង្កើតអាជីវកម្មមួយ និងជំរុញអាជីវកម្មនោះឲ្យទទួលបានជោគជ័យ។

គន្លឹះទី១ គឺការកៀរគរគ្នីគ្នាដើម្បីបង្កើតសហគ្រាស ឬក្រុមហ៊ុន។ គន្លឹះទី២ គឺសហគ្រាស ឬក្រុមហ៊ុន ត្រូវការចំណូល ដូច្នេះតម្រូវឲ្យមានមនុស្សម្នាក់ដែលជាអ្នកពូកែធ្វើទីផ្សារ។ ការធ្វើអាជីវកម្ម សូមកុំគិតថា យើងជា Chief of Executive Officer (CEO)  តែត្រូវគិតថា យើងជា Chief Marketing Officer (CMO) ពីព្រោះ យើងជាអ្នកធ្វើទីផ្សារ បើយើងមិនពូកែធ្វើទីផ្សារទេ មានន័យថា សហគ្រាសហ្នឹង វាគង់តែមិនដំណើរការ។

តួយ៉ាង គំនិតល្អមាន១០០ ដំណើរការបានតែ១ ដោយសារតែ១ហ្នឹង ត្រូវបានអ្នកដែលពូកែធ្វើទីផ្សារធ្វើវាឲ្យដើរ តែ៩៩ដែលស្លាប់ហ្នឹង ដោយសារតែមានគំនិតល្អ តែអត់ចេះធ្វើទីផ្សារ។

ជុំវិញការធ្វើទីផ្សារ (marketing) នេះ លោក សោម សម្បត្តិ បានរៀបរាប់ពីសាវតារខ្លះៗថា នៅក្នុងឆ្នាំ១៩១០ មនុស្សចាប់ផ្តើមធ្វើទីផ្សារ (Marketing 1.0) មានន័យថា មនុស្សចាប់ផ្តើម គិតថា ធ្វើម៉េចឲ្យតែផលិតបាន នោះអស្ចារ្យហើយ ព្រោះ មនុស្សចាំតែប្រើទេ ធ្វើម៉េចឲ្យតែយើងមានផលិតផល។ 

ពេលបដិវត្តន៍ឧស្សាហកម្មមកដល់ ការផ្គត់ផ្គង់ផលិតផលច្រើនលើសលប់ ដែលលើសតម្រូវការទីផ្សារ ហេតុនេះ ជំរុញអ្នកទីផ្សារចាប់ផ្តើមគិតដំណាក់កាលទី២ ( Marketing 2.0) គឺមនុស្សត្រូវយល់ពីចិត្តរបស់មនុស្ស។ ដូច្នេះ យើងត្រូវគិតពីចិត្តសាស្រ្តវិញម្តង។ 

ដំណាក់កាលទី១ ឲ្យតែកន្លែងណាមានមនុស្ស យើងអាចលក់អីវ៉ាន់បាន ប៉ុន្តែ អ្នកទីផ្សារជំនាន់ទី២ យើងមិនអាចលក់អីវ៉ាន់បានទេ បើយើងមិនអាចយល់ចិត្តរបស់មនុស្ស ដែលទាមទារឲ្យអ្នកទីផ្សារ ពូកែវិភាគចិត្តរបស់មនុស្ស។ សម្រាប់អ្នកទីផ្សារជំនាន់ទី៣ (Marketing 3.0) ចាប់ផ្តើមគិតពីអាជីវកម្មទទួលខុសត្រូវចំពោះសង្គម។ 

យុទ្ធសាស្រ្តថ្មីមួយសម្រាប់អ្នកទីផ្សារសម័យនេះ ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ចេញផលិតថ្មីមួយដើម្បីសម្លាប់ផលិតចាស់។ ឧទាហរណ៍ថា iPhone បានចេញស៊េរីថ្មីរាល់ឆ្នាំ ពេលចេញស៊េរីថ្មីមួយ គេសប្បាយកើប លុយណាស់ ព្រោះ គេបានសម្លាប់ផលិតចាស់បាត់ទៅហើយ។ បើ iPhone អត់មានផលិតស៊េរីថ្មីទេ នៅតែលក់របស់ចាស់ iPhone នឹងក្លាយជា Nokia ទីពីរ។ មួយទៀត យុទ្ធសាស្រ្តទីផ្សារ នៅសម័យថ្មីនេះ គេចាប់ផ្តើមគិតធ្វើយ៉ាងម៉េចបង្កើតផលិតផលណាដែលធ្វើឲ្យមនុស្សចង់ប្រើ។ ឧទាហរណ៍ ហ្វេសប៊ុក ពេលយើងទំនេរ យើងនឹងទាញហ្វេសប៊ុកមើល វាដូចដឹងចិត្តយើង យើងចង់ប្រើវា។ ចំណែក ហាងកាហ្វេខ្លះ គេធ្វើឲ្យមនុស្ស ពេលចូលទៅកន្លែងគេ យើងមានអារម្មណ៍ថា យើងជាមនុស្សទាន់សម័យ។

ដូច្នេះ នៅពេលបច្ចុប្បន្ន និងអនាគត យើងត្រូវគិតទៅមុខទៀត ត្រូវបង្កើតអាជីវកម្មមួយដែលអាចដោះស្រាយបញ្ហារបស់មនុស្ស ធ្វើឲ្យមនុស្សកាន់តែងាយស្រួល នោះអាជីវកម្មនោះនឹងជោគជ័យ។

គន្លឹះទី៣ ការគ្រប់គ្រងធនធានមនុស្ស។ ធនធានពីរសំខាន់ គឺដើមទុនជាមនុស្ស និងដើមទុនជាលុយ។ បើចង់ធ្វើអាជីវកម្មជោគជ័យ គឺមិនអាចគិតតែដើរប្រមូលទុននោះទេ។ តាមពិត គួរតែដើរប្រមូលមនុស្សល្អជាមុនសិន។ វិធីដែលប្រមូលមនុស្សល្អៗ គឺកសាងខ្លួនឯងឲ្យល្អ និងខ្លាំង ពីព្រោះ គ្មានមនុស្សល្អណា មកបម្រើមនុស្សអន់ទេ។ គ្មានមនុស្សខ្លាំងណា មកបម្រើ មនុស្សខ្សោយទេ។ ខ្ញុំធ្វើការ២៥ឆ្នាំនេះ អ្វីដែលខ្ញុំខំជាងគេ គឺកសាងខ្លួនឯង ដើម្បីទាក់ទាញមនុស្សដែលមានសមត្ថភាពមកនៅក្បែរខ្ញុំ។ ដូច្នេះ យើងត្រូវវិនិយោគលើមនុស្សឲ្យបានច្រើន ពីព្រោះ សិង្ហបុរី គេវិនិយោគច្រើនបំផុត គឺវិនិយោគលើការកសាងមនុស្ស។ ទីបំផុត ពលរដ្ឋសិង្ហបុរីនេះឯងជាអ្នកកសាងប្រទេសឲ្យរីកចម្រើន។

គន្លឹះទី៤ ការគ្រប់គ្រងហិរញ្ញវត្ថុ ទោះវាមិនមែនជាជំនាញរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំត្រូវតែចេះអាន និងចេះមើលរបាយការណ៍ហិរញ្ញវត្ថុឲ្យយល់បាន ពីព្រោះ បើសិនយើងមិនយល់ទេ យើងមិនអាចគ្រប់គ្រងអាជីវកម្មបានទេ។

ចុងក្រោយ ជាគន្លឹះទី៥ គឺការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ដែលជាកត្តាសំខាន់ធ្វើឲ្យសហគ្រាសដើរមានរយៈពេលវែងឆ្ងាយ ពោល គឺជាមនុស្សដែលមានទស្សនវិស័យ។

អ្នកដឹកនាំត្រូវតែជាមនុស្សដែលផ្តល់ភាពជឿជាក់ និងមានទំនុកចិត្តដល់អ្នកដទៃ ពីព្រោះ កាលណាគេមានទំនុកចិត្ត និងជឿជាក់ យើងនឹងងាយស្រួលរកលុយ ប៉ុន្តែ បើគេអត់ជំនឿ យើងនឹងពិបាករកលុយហើយ។ ឧទាហរណ៍ ក្រុមហ៊ុន Uber ហេតុអ្វី ក្រុមហ៊ុនខាតរាប់លាន តែគេនៅតែប្រមូល Fund បានទៀត គឺមកពីគេមានជំនឿថា ក្រុមហ៊ុននេះនឹងដំណើរការទៅមុខ។ ការផ្តល់ជំនឿចិត្ត និងទំនុកចិត្តដែលល្អបំផុត គឺផ្តល់ជំនឿចិត្ត ដែលប្រកបដោយក្តីសង្ឃឹម៕


ប្រភព:Cambonomist

上一篇:疫情期间,购物上柬淘网,百世快递不打烊! 下一篇:Starting a business in Cambodia