គ្រប់គ្នាប្រហែលជាបានស្គាល់រួចមកហើយថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្ដទំនើបដ៏ល្បីល្បាញ និងជាក្រុហ៊ុនដែលមានតម្លៃខ្ពស់បំផុតមួយ នៅលើពិភពលោក។ យ៉ាងណាមិញ អ្នកគាំទ្រក្រុមហ៊ុន Tesla ប្រហែលជាមិនបានដឹងទេថា ហទម្រាំតែក្លាយជាក្រុមហ៊ុនល្បីនិងមានតម្លៃខ្លួនរាប់ពាន់លានដុល្លារដូចសព្វថ្ងៃនេះ Tesla ធ្លាប់បានឆ្លងកាត់ដំណាក់កាលជូរចត់ទឹកឡើងដល់ច្រមុះ ពោលគឺធ្លាប់ជួបស្ថានការអាក្រក់ប៉ឹសតែនឹងក្ស័យធនលែងបានផលិតរថយន្ដលក់បន្ដទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ។

មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla នៅក្នុងសប្ដាហ៍នេះបានបង្ហោះសាររំលឹងអនុស្សាវរីយ៍ដ៏ជូរចត់ដែលខ្លួនធ្លាប់បានឆ្លងកាត់ ចែករំលែកឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹង តាមរយៈទំព័រ Twitter ផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុន Tesla ធ្លាប់ធ្លាក់ទៅក្នុងស្ថានការណ៍ដ៏ខ្មៅងងឹតមួយ ពោលគឺខ្វះតែមួយខែទៀតប៉ុណ្ណោះគឺក្រុមហ៊ុននឹងត្រូវបង្ខំចិត្តប្រកាសក្ស័យធនបាត់ទៅហើយ ខណៈដែលកាលណោះ Tesla ជួបឧបសគ្គខ្លាំងក្នុងការនាំយករថយន្ត Model 3 លក់ទៅកាន់ទីផ្សារ។

យ៉ាងណាមិញ បើទោះបីជាជួបឧបសគ្គធំប៉ុណ្ណភ្នំ ពោលគឺសល់តែ១ខែទៀតត្រូវក្ស័យធនក៏ដោយ ក៏លោក Elon Musk មិនបានអង្គុយអស់សង្ឃឹមដេកចាំស្លាប់ដែរ ដោយលោកបានព្យាយាមរិះគិតនិងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ រហូតអាចសង្រ្គោះក្រុមហ៊ុនរបស់ខ្លួនពីការក្ស័យធនបានយ៉ាងជោគជ័យ ហើយបើគិតមកទល់នឹងពេលនេះ រថយន្ត Model 3 ដែលធ្លាប់តែជារថយន្ដពិបាកនាំយកទៅទីផ្សារ បែរក្លាយលក់ដាច់បំផុតរបស់ Tesla ទៅវិញ។

គួរបញ្ជាក់ផងដែរថា ក្រោយពីជួបប្រឈមជាមួយនឹងឧបសគ្គនិងបញ្ហាតូចធំជាច្រើនកន្លងមក Tesla បានក្លាយជាក្រុមដ៏រឹងមាំមួយ និងមិនទាន់មានក្រុមហ៊ុនណាអាចផលិតរថយន្ដអគ្គិសនីយទំនើបើមកដណ្ដើមយកទីផ្សារបានធំដំពី Tesla បាននៅឡើយទេ។

ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្ដទំនើបដ៏ល្បីល្បាញនិងមានតម្លៃខ្លួនរាប់ពាន់លានដុល្លារ។ ហើយរថយន្ដអគ្គិសនីយរបស់ក្រុមហ៊ុន Tesla ក៏បាននឹងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ ហើយទៅថ្ងៃអនាគតគេរំពឹងថាមនុស្សនឹងងាកមកប្រើប្រាស់រថយន្ដអគ្គិសនីយវិញ ដោយសារតែវាបានចូលរួមចំណែកយ៉ាងសំខាន់បំផុតមួយក្នុងការជួយកាត់បន្ថយការបំពុលបរិស្ថាន។ ហើយគេក៏រំពឹងថា នៅពេលខាងមុខឆាប់នេះៗ ក្រុមហ៊ុន Tesla នឹងអាចផលិតរថយន្ដអគ្គិសនីយទំនើប និងមានតម្លៃធូថ្លៃជាងពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំ២០២១នេះ លោក Elon Musk បានក្លាយទៅជាសេដ្ឋីលេខ១ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក។ ហើយបើយោងតាមការស្រង់ទិន្នន័យទ្រព្យសម្បត្តិនិងចាត់លំដាប់មហាសេដ្ឋីរបស់ Bloomberg Billionaires Index បានឱ្យដឹងថា បច្ចុប្បន្ននេះលោក Elon Musk មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ១៩៥ ពាន់លានដុល្លារ ខណៈមហាសេដ្ឋីលេខ២ លោក Jeff Bezos បច្ចុប្បន្នមានទ្រព្យសម្បត្តិ ១៨៥ ពាន់លានដុល្លារ៕


ប្រភព: Business Cambodia

上一篇:Does Your Business Need Knowledge Management Software? 下一篇:中国超越欧盟成柬大米最大出口市场