ស្របពេលដែលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះ មានម្ចាស់អាជីវកម្មជាច្រើន កំពុងរអ៊ូរទាំយ៉ាងខ្លាំងលើបញ្ហាការដឹកជញ្ជូនផលិតផល ឬទំនិញផ្សេងៗឱ្យទៅដល់ដៃអតិថិជន និងជាពិសេសនោះ ម្ចាស់អាជីវកម្មដែលតម្រូវការក្នុងការបញ្ជាទិញផលិតផល ឬទំនិញផ្សេងៗពីតាមបណ្តាខេត្តចូលក្នុងក្រុង។ 

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ក្រុមការងារ Business Cambodia បានព្យាយាមទាក់ទងទៅកាន់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងផ្សារទំនើបមួយចំនួនធំ នៅភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយដែលពួកគាត់បានអនុវត្តន៍ សម្រាប់ជួយដល់បងប្អូនម្ចាស់អាជីវកម្ម ដែលកំពុងជួបបញ្ហាក្នុងការដឹកជញ្ជូនទំនិញផ្សេងៗ។ 

បើតាមលោកស្រី ញៀវ យិនហ្គេច ម្ចាស់យីហោ QueenBee Cafe ដែលជាយីហោតែគុជដ៏ល្បីមួយ នៅក្នុងរាជធានីភ្នំពេញ បានផ្តល់ជាដំណោះស្រាយដល់បងប្អូនម្ចាស់អាជីវកម្មលក់ម្ហូបអាហារ និង ភេសជ្ជៈផ្សេងៗយ៉ាងដូច្នេះថា “សម្រាប់បងប្អូនដែលផ្តល់សេវាកម្មលក់គ្រឿងបរិភោគ បងប្អូនគួរតែធ្វើការសហការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនឱ្យបានលឿន និងបានច្រើនក្រុមហ៊ុនតាមដែលអាចធ្វើទៅបាន ព្រោះក្រុមហ៊ុនដឹកជញ្ជូនពួកគាត់មានអាទិភាពជាងពួកយើង ដែលជាម្ចាស់អាជីវកម្ម” ។ 

លោកស្រីបានបន្ថែមថា “ជាការពិតយើងអាចស្នើរសុំលិខិតធ្វើដំណើរដោយខ្លួនឯងផ្ទាល់ពីរដ្ឋបាលបាន ប៉ុន្តែបច្ចុប្បន្នចំនួនអ្នកស្នើសុំមានច្រើន ហេតុនេះយើងអាចនឹងយឺតយ៉ាវបន្តិច នៅក្នុងការទទួលបានសិទ្ធិធ្វើដំណើរ។ មួយវិញទៀត បុគ្គលិករបស់ពួកយើងមួយចំនួន ពួកគាត់មានការភ័យខ្លាចលើការឆ្លងជំងឺ និងជាពិសេសការហាមឃាត់របស់អាជ្ញាធរមានសមត្ថកិច្ចផ្សេងៗ ដូច្នេះជាជម្រើសល្អ ម្ចាស់អាជីវកម្មគួរតែសហការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូន ហើយផ្តោតលើការធ្វើទីផ្សារ នៅលើអនឡាញឱ្យខ្លាំងវិញ” ។ 

ជាមួយគ្នានេះ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម រថយន្តដឹកអ្នកដំណើរ និងបញ្ញើរឥវ៉ាន់ដ៏ល្បីជាងគេមូួយ នៅកម្ពុជា បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងការដឹកជញ្ជូនចេញចូលក្រុងនេះ ខាងក្រុមហ៊ុនរបស់លោកក៏ជួបនូវការលំបាកដូចគ្នាដែរ ប៉ុន្តែដោយសារលោកបានស្នើរសុំលិខិតអនុញ្ញាតិធ្វើដំណើរជូនបុគ្គលិក ទើបអាចសម្រួលដល់ការដឹកជញ្ជូនបាន” ។

លោក សួរ វីរៈ បានគូសបញ្ជាក់ដែរថា “ក្នុងពេលបច្ចុប្បន្ននេះ សាខាមួយចំនួនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ នៅបើកដំណើរការជាធម្មតានៅឡើយទេ ដូច្នេះប្រសិនជាបងប្អូនអតិថិជន មានបំណងចង់បញ្ញើរទំនិញ ឬផលិតផលផ្សេងៗ អតិថិជនទាំងអស់ ត្រូវអនុវត្តន៍តាមវិធានការរបស់ក្រុមហ៊ុនប៉ុន្មានចំណុចនេះ៖ 

ទី១. ពួកគាត់ត្រូវដឹងថា តើសាខាមួយណាដែលនៅជិតគាត់បំផុត ដូច្នេះគាត់អាចមកយកទំនិញបានងាយស្រួល។ ទី២. ពួកគាត់អាចខលមកខាងក្រុមហ៊ុន ដើម្បីឱ្យខាងក្រុមហ៊ុនដឹកទំនិញឱ្យគាត់ផ្ទាល់ និងទី៣ ពួកគាត់អាចខលមកក្រុមហ៊ុនឱ្យទៅយកទំនិញនៅផ្ទះគាត់ផ្ទាល់ ដើម្បីដឹកជញ្ជូនទៅកាន់អតិថិជនបន្តក៏បាន។ 

អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនខាងលើនេះ ក៏បានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏មានសេវាកម្មដឹកជញ្ជូនលឿនរហ័សទាន់ចិត្ដផងដែរ ដោយសេវាកម្មនេះ ក្រុមហ៊ុនអាចធ្វើការដឹកទំនិញពីខេត្តចូលក្នុងក្រុងភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្ត ដល់ផ្ទះអតិថិជនផ្ទាល់ ដោយប្រើរយៈពេលខ្លីបំផុត។ ប៉ុន្តែយ៉ាងណា នៅអំឡុងពេលជំងឺកូវីដ១៩នេះ ការដឹកជញ្ជូនអាចមានផលលំបាកខ្លះ ជាពិសេស ការដឹកជញ្ជូនទៅដល់ផ្ទះអតិថិជនផ្ទាល់ អាចមានករណីការយឺតយ៉ាវ មិនអាចលឿនដូចកាលពីមុនទេ។

ដូចគ្នានេះដែរ លោក ចាន់ បូរីម៉ា ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ Nham24 ក៏បានប្រាប់ពីដំណោះស្រាយ ដែលខាងក្រុមហ៊ុនរបស់លោកបានអនុវត្តន៍ផងដែរ ដើម្បីអាចបម្រើសេវាដឹកជញ្ជូនឱ្យអតិថិជនបានលឿន។ ដោយក្នុងនោះ ក្រុមហ៊ុនរបស់លោកបានរៀបចំសំបុត្យបញ្ជាក់ពីក្រុមហ៊ុនទៅឱ្យបុគ្គលិក ហើយនឹងចេញកាតបុគ្គលិកឱ្យពួកគាត់ប្រើប្រាស់ ព្រមទាំងតម្រូវឱ្យបុគ្គលិកពាក់ឯកសណ្ឋាន របស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវផងដែរ។ ដូច្នេះសម្រាប់អតិថិជន ដែលគាត់ចង់ប្រើសេវាយើង គាត់គ្រាន់តែ Download App Nham24 ពី App Store ឬ Play Store ដើម្បី Order ម្ហូបអាហារ ឬអាច Order តាមវេសាយ Nham24 ក៏បាន។

ទាក់ទិននឹងដំណោះការដឹកជញ្ជូនទំនិញចេញចូលក្នុងក្រុងនេះ អ្នកគ្រប់គ្រងផ្សារទំនើបជាច្រើន នៅភ្នំពេញ ក៏បានផ្តល់យោបល់ឱ្យម្ចាស់អាជីវកម្ម ស្នើសុំលិខិតអនុញ្ញាតិធ្វើដំណើរពីគណៈកម្មការប្រតិបត្តិនៃគណៈ កម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ហៅកាត់ (គ ប ខ) ឱ្យបានលឿន និងជាពិសេស គួរលើកទឹកចិត្តឱ្យដៃគូសហការដែលជាអ្នកផ្គត់ផ្គង់ផលិតផល ឬទំនិញផ្សេងៗ ឱ្យមានលិខិតនេះដូចគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីក្នុងក្រុងទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តចូលមកក្នុងក្រុង។ 

ដើម្បីទទួលបានសិទ្ធិធ្វើដំណើរខាងលើនេះ បងប្អូនត្រូវបំពេញ លិខិតពិពណ៌នាអំពីក្រុមហ៊ុន និងចំនួនបុគ្គលិក  (Form-Company) និងទម្រង់លិខិតអនុញ្ញាតិធ្វើដំណើរដែលបានបំពេញរួចសម្រាប់បុគ្គលិកដែលស្នើសុំ ដោយភ្ចាប់ជាមួយវិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម រួចផ្ញើរលិខិតទាំងអស់នេះ ចូលទៅគ្រុប Telegram របស់ក្រុមការងារចេញលិខិតធ្វើដំណើរ ទៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ។ ហើយខាងក្រោមនេះ ជាគ្រុបរបស់ខណ្ឌនីមួយៗ ព្រមទាំងលិខិតផ្សេងៗ ដែលបងប្អូនត្រូវមាន ដើម្បីទទួលបានសិទ្ធិក្នុងការធ្វើដំណើរសម្រាប់អាជីវកម្មរបស់ខ្លួន។ 


ប្រភព: Business Cambodia

上一篇:Business Tips You Need To Know As a Small Business Owner 下一篇:柬埔寨成世界投资焦点 即将进入高铁时代