ទើបតែត្រូវរដ្ឋបាលចិនពិន័យលុយអស់ជិត៣ពាន់លានដុល្លារ ពេលនេះមហាសេដ្ឋីមាឌល្អិតចិន Jack Ma កំពុងជួបបញ្ហាធំមួយទៀត ដោយបច្ចុប្បន្ននេះក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alibaba កំពុងតែស្វែងរកជម្រើសនិងវិធីសាស្រ្ដដកលោក Jack Ma ចេញពីក្រុមហ៊ុន។ ដោយក្រុមហ៊ុនចង់ឱ្យលោក Jack Ma លក់ហ៊ុនចេញ ហើយបោះបង់តួនាទីគ្រប់គ្រងចោលទាំងអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានសម្ភាសន៍ជាមួយប្រភពជិតស្និតនៃក្រុមហ៊ុន Ant Group។

ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ Ant Group កំពុងតែក្លាយទៅជាផ្ទាំងស៊ីបដែលរដ្ឋាភិបាលចិនកំពុងតែដាក់ភ្នែកមើល។ ហើយដើម្បីរំដោះខ្លួនចេញពីវិបត្តិនេះ Ant Group មានតែបង្ខំចិត្តធ្វើរឿងមួយចំនួនដែលមិនចង់ធ្វើ ដូចជាដកលោក Jack Ma ដែលធ្លាប់មានការប៉ះទង្គិចពាក្យសម្ដីដល់រដ្ឋាភិបាលចិនជាដើម។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ant Group បានបដិសេធចំពោះដំណឹងដែលថា នឹងមានការតម្រូវឲ្យលោក Jack Ma លក់ភាគហ៊ុនរបស់ខ្លួនចេញ។ ហើយបានបញ្ជាក់ថា Ant Group មិនបានពិភាក្សាជាមួយនឹងភាគីណា ពាក់ព័ន្ធនឹងការលក់ភាគហ៊ុនរបស់លោក Jack Ma ។


ដោយឡែក ក្រុមហ៊ុន Ant Group សង្ឃឹមថាភាគហ៊ុន ១០% របស់លោក Jack Ma ដែលមានតម្លៃរាប់ពាន់លានដុល្លារនោះ នឹងអាចលក់ឲ្យទៅវិនិយោគិនដែលបានវិនិយោគស្រាប់នៅក្នុងក្រុមហ៊ុន Ant Group  ឬ ជាអ្នកវិនិយោគមកពីក្រុមហ៊ុនមេ Alibaba។ យ៉ាងណាមិញ លោក Jack Ma មិនអាចលក់ភាគហ៊ុនខ្លួនឲ្យអ្នកដែលជិតស្និទ្ធនឹងលោកបាននោះឡើយ បើពុំដូច្នេះទេ លោកនឹងត្រូវបានដកចេញពីក្រុមហ៊ុន Ant Group ទាំងស្រុងតែម្ដង។ ហើយសម្រាប់ជម្រើសមួយផ្សេងទៀត Jack Maអាចផ្ទេរភាគហ៊ុនខ្លួនឲ្យអ្នកវិនិយោគជនជាតិចិន ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិន។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma ត្រូវរដ្ឋាភិបាលចិនសម្រេចពិនន័យជាសាច់ប្រាក់ជិត៣ពាន់លានដុល្លារ ពីបទរំលោភលើច្បាប់ពាណិជ្ជកម្ម។ យ៉ាងណាមិញ គេសង្កេតឃើញថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ Jack Ma បាននិយាយរឿងមួយចំនួនធ្វើឱ្យប៉ះពាល់ទៅដល់រដ្ឋាភិបាលចិន។ ហើយចាំតាំងពីពេលនោះមករដ្ឋាភិបាលចិនបានចាប់ផ្ដើមធ្វើការបើកការស៊ើបអង្គេតផ្សេងៗ រហូតដល់ឈានដល់ការពិន័យលុយក្រុមហ៊ុនលោក Jack Ma ខ្ទង់ពាន់លានដុល្លារ។ បន្ថែមពីនេះទៀត ការនិយាយនេះក៏បានធ្វើឱ្យ Ant Group បរាជ័យក្នុងការឡើង IPO ដែលរំពឹងប្រមូលទុន៣៧ពាន់លានដុល្លារ និងក្លាយជា IPO ធំជាងគេលើលោក៕ 

ប្រភព៖ Reuter



上一篇:8 Things You Should Do Before Starting a Business 下一篇:柬埔寨投资热,为啥“热”?优势在哪?