បច្ចេកវិទ្យាសព្វថ្ងៃនេះកំពុងតែកាន់ដៃមនុស្សគ្រប់ៗគ្នាឈានទៅរកថ្ងៃអនាគត ។ ហើយមានមនុស្សច្រើនណាស់កំពុងតែវិនិយោគទៅលើបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍វាឲ្យកាន់តែឆាប់រហ័ស។ ប៉ុន្តែបច្ចេកវិទ្យាដែលគួរឲ្យខ្លាចជាគេនោះគឺមនុស្សយន្ដ Ai (Artificial intelligence) ដែលអ្នកជំនាញភាគច្រើនកំពុងតែស្វែងរកបច្ចេកវិទ្យានេះដើម្បីយកវាមកជំនួសការងាររបស់មនុស្ស។ មនុស្សយន្ដ Ai ដែលនឹងលេចមុខនៅថ្ងៃអនាគតនេះ វាមិនត្រឹមតែអាចមានសមត្ថភាពធ្វើការបានល្អជាងមនុស្សទេ ប៉ុន្តែមនុស្សយន្ដទាំងនោះអាចនឹងមានតម្លៃថោកនៅក្នុងការប្រើប្រាស់ជាងជួលមនុស្សឲ្យធ្វើការ។ ប្រជាជនសរុប៤៧%នៅក្នុងប្រទេសអាមេរិកកំពុងតែប្រឈមមុខជាមួយនឹងបញ្ហានេះ ព្រោះនៅពេលដែលមនុស្សយន្ដទាំងនោះត្រូវបានបង្កើតឡើងរួចរាល់ ប្រជាជនទាំងអស់នោះនឹងត្រូវបាត់បង់ការងារជាបន្ដបន្ទាប់។ប្រភេទការងារដែលនឹងត្រូវបានបាត់ខ្លួននោះមានដូចជា៖

១.កម្មករសំណង់

ការធ្វើសំណង់គឺជាឧស្សាហកម្មដ៏គ្រោះថ្នាក់បំផុតដោយសារតែមនុស្សជាច្រើនត្រូវរងរបួសដោយសារតែការធ្វើសំណង់។ មនុស្សយន្ដ Ai មិនមែនត្រឹមតែអាចមានវិញ្ញាណដ៏ច្បាស់លាស់ទេប៉ុន្តែវាអាចធ្វើឲ្យការសាងសង់របស់លឿនជាការប្រើប្រាស់មនុស្សធម្មតាដោយសារវាមិនចេះអស់កម្លាំងនិងមិនត្រូវការអាហារផងដែរ។

២.អ្នកបើកបរ

ក្នុងពេលបច្ចុប្បន្ននេះ ឡានដែលអាចបើកបរដោយខ្លួនឯងត្រូវបានគេដាក់លក់ជាបន្ដបន្ទាប់។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន Tesla កំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យានេះយ៉ាងយកចិត្តទុកដាក់បំផុត ។ មូលហេតុដែលអ្នកបើកបរទាំងអស់នោះត្រូវបាត់បង់ការងារនោះគឺដោយសារតែការបើកបរដោយប្រើមនុស្សគឺមានគ្រោះថ្នាក់ច្រើននិងត្រូវចំណាយលុយច្រើនក្នុងការជួលមនុស្សឲ្យបើកបរ។ បច្ចេកវិទ្យា Ai មិនត្រឹមតែអាចឲ្យការបើកបរមានសុវត្ថិភាពជាងមុននោះទេប៉ុន្តែវាអាចកាត់ថ្លៃចំណាយលើការជួលមនុស្សថែមទៀតផង។ ហេតុនេះហើយបានជាក្រុមហ៊ុនធំៗសព្វថ្ងៃកំពុងតែជះលុយរាប់ពាន់លានដុល្លារដើម្បីបង្កើតវា។

៣.អ្នកធ្វើការនៅក្នុងភោជនីយដ្ឋាន

ភោជនីដ្ឋាន Fast Food នៅក្នុងប្រទេសជឿនលឿនមួយចំនួនកំពុងតែដាក់បច្ចេកវិទ្យាឲ្យភ្ញៀវចូលទិញដោយស្វ័យប្រវត្តិបានហើយ ។ ដូច្នេះអ្នកដែលកំពុងតែធ្វើការនៅក្នុងហាង Fast Food មួយចំនួនកំពុងតែបាត់បង់ការងារបណ្ដើរៗ។ ចំនួននៃមនុស្សដែលនឹងត្រូវបាត់បង់ការងារត្រូវបានកើនឡើងនូវថ្ងៃអនាគតបើសិនជាបច្ចេកវិទ្យាAiនៅតែបន្ដអភិវឌ្ឍន៍។

៤.កសិករ

បច្ចុប្បន្ននេះការធ្វើឧស្សាហកម្មកសិកម្មដោយស្វ័យប្រវត្តិកំពុងតែត្រូវបានគេបង្កើតឡើងបន្ដិចម្ដងៗហើយ។ វាអាចដើរដោយមនុស្សយន្ដAiដោយស្វ័យប្រវត្តិទាំងស្រុងតាំងពី ការដាំ ការស្រោចទឹក ការប្រមូល។ល។ ដូច្នេះការងារកសិករនឹងត្រូវបាត់បង់មួយចំនួនដោយសារAiព្រោះវាអាចចំណាយតិចក្នុងការប្រើប្រាស់់ជាងជួលមនុស្សឲ្យមកធ្វើកសិកម្ម។

៥.គណនេយ្យករ

ការគណនេយ្យនៅក្នុងពេលបច្ចុប្បន្នក្នុងប្រទេសជប៉ុនត្រូវបានគេជំនួសមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យា Ai វិញដោយសារតែ Ai អាចគណនាទិន្នន័យមិនដែលខុស ហើយថែមទាំងឆាប់រហ័សទៀតផងដូច្នេះការងារគណនេយ្យភាគច្រើននឹងត្រូវបានបាត់បង់បើសិនជាបច្ចេកវិទ្យាត្រូវបានចែកចាយឲ្យប្រទេសផ្សេងៗក្រៅពីជប៉ុន។

៦.អ្នករត់តុ

នៅក្នុងភោជនីដ្ឋានក្នុងប្រទេសជប៉ុនសព្វថ្ងៃភាគច្រើនគឺមិនសូវមានអ្នករត់តុច្រើនទេ។ ភោជនីដ្ឋានរបស់ប្រទេសជប៉ុនភាគច្រើនតែងតែដើរដោយម៉ាស៊ីនស្វ័យប្រវត្តិ ហើយភ្ញៀវក៏មិនចាំបាច់ចាំយូរដែរព្រោះភ្ញៀវទាំងអស់អាចចុចកម្មង់ម្ហូបដែលគាត់ចង់បាន ហើយម្ហូបនោះនឹងរត់មកតុគាត់ដោយខ្លួនឯង។ បច្ចេកវិទ្យាបែបនេះអាចធ្វើឲ្យម្ចាស់ហាងងាយស្រួលក្នុងការគ្រប់គ្រងហាងដោយមិនចាំាបាច់បង្ហាត់បុគ្គលិកនិងជ្រើសរើសបុគ្គលិកនាំឲ្យលំបាក។

៧.ការដឹកជញ្ជូន

ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន Amazon កំពុងតែវិនិយោគលុយរាប់ពាន់លានដុល្លារក្នុងការបង្កើតយន្ដហោះ Drone ដែលអាចដឹកជញ្ជូនទំនិញដោយខ្លួនឯងដើម្បីឲ្យកាដឹកជញ្ចូនទំនិញមានភាពងាយស្រួលជាងមុន។ ព្រោះក្រុមហ៊ុននេះយល់ថាការដឹកជញ្ជូនទំនិញបច្ចុប្បន្នមានតម្លៃថ្លៃហើយមនុស្សគ្រប់គ្នាតែងចង់បានទំនិញឲ្យបានលឿនបំផុត។ ដូច្នេះហើយការងារដឹកជញ្ជូនទាំងនោះនឹងត្រូវបានជំនួសដោយបច្ចេកវិទ្យា Ai ព្រោះការងារទាំងនោះអាចធ្វើទៅបានលឿនជាងនិងរលូនជាងការប្រើប្រាស់មនុស្សធម្មតាដើម្បីដឹកជញ្ជូន។

ប្រភព: Business Cambodia

上一篇:Benefits of Team Building Activities at Work 下一篇:东盟十国,为何要投资柬埔寨?