លោក Colin Huang ត្រូវបានគេស្គាល់ថាជាជើងខ្លាំងវ័យក្មេងមួយរូប ដែលពូកែរកស៊ីបំផុតទៅលើវិស័យអនឡាញ ហើយបច្ចុប្បន្នលោកក៏ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីវ័យមានលុយរាប់ពាន់លានដុល្លារថែមទៀតផង។ប៉ុន្តែនៅមុនពេលយើងនិយាយអំពីបច្ចុប្បន្នភាពរបស់គាត់ យើងគួរក្រឡេកទៅមើលពីជីវិតអតីតកាលរបស់លោកផងដែរ។

យោងតាមការចុះផ្សាយរបស់ BusinessInsider បានឱ្យដឹងថា លោកហួងបានកើតក្នុងឆ្នាំ ១៩៨០ នៅក្រុងហាំងចូវ ខេត្តចឺជាំងភាគខាងកើតប្រទេសចិន។ ជាឪពុកម្តាយរបស់លោកគឺជាកម្មកររោងចក្រនៅក្នុងតំបន់នោះ ថ្វីត្បិតតែកើតក្នុងត្រកូលជាអ្នកមិនសូវមានជីវភាពធូរធា ប៉ុន្តែហួងនៅតែត្រូវបានឪពុកម្តាយបញ្ជូនទៅរៀនសូត្របានរហូតដល់ចប់ថ្នាក់សកលវិទ្យាល័យ ហើយអ្វីដែលគួរឱ្យសសើរគឺលោកជាមនុស្សឆ្លាតហេតុដូច្នេះបានធ្វើឱ្យលោកថែមទាំងមានឱកាសទៅរៀនសូត្រដល់ប្រទេសក្រៅថែមទៀតផង។

ប្រភពដដែលបានបន្តថា នៅអាយុ ១៨ ឆ្នាំ Huang បានចាប់ផ្តើមសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យហ្សេជាំង។ នៅឆ្នាំទី ១ លោកត្រូវបានទទួលអាហាររូបករណ៍ពីមូលិធី Bill Meltonដែលត្រូវបានបង្កើតឡើងដោយស្ថាបនិក VeriFone របស់លោក Bill Melton។ លុះដល់ឆ្នាំ ២០០៤ ហួងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Wisconsin។ ក្រោយពីបញ្ចប់ការសិក្សា លើជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ Huang មានឱកាសបានចូលជាបុគ្គលិកហាត់ការនៅក្នុងក្រុមហ៊ុន Google បន្ទាប់ពីនោះ គាត់ក៏បានចូលបម្រើការងារបន្តទៀតនៅក្រុមហ៊ុនយក្ស Microsoft ។

ក្រោយធ្វើការបាន ៣ ឆ្នាំ បុរសវ័យក្មេងខាងលើនេះក៏បានសម្រេចចិត្តលាឈប់ ហើយមកបើកក្រុមហ៊ុនរកស៊ីខ្លួនឯងវិញម្តង។លោកហួងបានចាប់ផ្តើមបើកដំណើរការគេហទំព័រអេឡិចត្រូនិចមួយឈ្មោះ “Ouku” តែនៅកំឡុងឆ្នាំ ២០១០ គាត់បានលក់វេបសាយនេះក្នុងតម្លៃ ២,២ លានដុល្លារ។លុះមកដល់ឆ្នាំ ២០១៥ លោក Colin Huang បានយកលុយដែលរកបានកន្លងមកទាំងប៉ុន្មានទៅបើកក្រុមហ៊ុនមួយនៅទីក្រុងសៀងហៃដែលមានឈ្មោះថា “Pinduoduo” ដែលជាវេបសាយទិញទំនិញមួយស្រដៀងគ្នាទៅនឹង Alibaba ដែលជាក្រុមហ៊ុនរបស់ Jack Ma ដែរ។

បើតាមប្រភពដដែលខាងលើ បានរាយការណ៍ឱ្យដឹងថា ក្រោយបើកបានប្រមាណជា ២ ឆ្នាំ ក្រុមហ៊ុននេះអាចរកប្រាក់ចំណូលចំនួន ១,៤ ពាន់លានយ័ន (២៨០ លានដុល្លារ) ឯណោះ។បើគិតមកត្រឹមឆ្នាំ ២០២០ “Pinduoduo” មានអ្នកបញ្ជាទិញរហូតដល់ទៅ ៧៨៨ លាននាក់ ដែលចំនួននេះ អាចវ៉ាដាច់ក្រុមហ៊ុន Alibaba បាន ដោយអាលីបាបា មានអ្នកទិញចំនួន ៧៧៩លាននាក់ ប៉ុណ្ណោះនៅឆ្នាំ ២០២០កន្លងទៅ នេះបើតាមទិន្នន័យរបស់ Yahoo News។គួរបញ្ជាក់ផងដែរថា លោក Colin Huang ក្លាយជាមហាសេដ្ឋីវ័យក្មេងមួយរូបក្នុងទស្សនាវដ្តី Forbes ដែលមានទ្រព្យសម្បត្តិដល់ទៅ ៤៨ ពាន់លានដុល្លារ ក្នុងវ័យត្រឹម ៤០ឆ្នាំ ៕


ប្រភព: Business Cambodia

上一篇:成功创业者的7个习惯 下一篇:Commercial Loans: Options and Benefits for Start-ups