ពិតណាស់! ការធ្វើអាជីវកម្ម ឬការប្រកបមុខរបរណាមួយពិតជាត្រូវមានចំណេះជំនាញទៅតាមការចង់ធ្វើអាជីវកម្មឬរបរនោះដែរ។ ជារឿយយើងបានលើកយកវិធីសាស្ត្រនានាក្នុងការធ្វើអាជីវកម្មឬរបរផ្សេងៗ ហើយថ្ងៃនេះផងដែរ យើងបានលើករបរប៉ុន្មានមុខ ដែលអាចជួយលោកអ្នកដែលកំពុងពិចារណាក្នុងការបើករបរផ្ទាល់ខ្លួនមួយនាពេលអនាគត។

តាមរយៈការចែករំលែករបស់លោកគ្រូ អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាត បានប្រាប់មុខរបរខាងក្រោមនេះ គឺយើងអាចរកលុយបានច្រើន ៖

មុខរបរទី១ ៖ មុខរបរដែលមានទីផ្សារធំ គឺជាមុខរបរដែលយើងអាចលក់ទូទាំងពិភពលោកបាន ប្រសិនយើងសរសេរសៀវភៅជាភាសាណាមួយ ដែលមានអ្នកអានចេះភាសានោះតិចតួចយើងលក់បានតិច។ ប្រសិនជាយើងសរសេរសៀវភៅជាភាសារអង់គ្លេស ដែលមានអ្នកអានចេះភាសារអង់គ្លេសច្រើន យើងលក់បានច្រើន។ ប្រសិនជាយើងផលិតខ្សែភាពយន្តដែលបង្ហាញអំពីទិដ្ឋភាពក្នុងសង្គមណាមួយដែលមានលក្ខណៈតូចតាច ហើយប្រើប្រាស់ភាសារដែលគេចេះតិចទៀតនោះយើងលក់បានតិច ប៉ុន្តែប្រសិនបើខ្សែភាពយន្តនោះ យើងផលិតឡើងដោយភាសារណាមួយដែលមានអ្នកចេះតិចតួចក៏ដោយ ឱ្យតែខ្សែភាពយន្តនោះបានបង្ហាញអំពីទិដ្ឋភាពសង្គមជាទូទៅ លក្ខណៈជាសាកលដែលអាចធ្វើឱ្យមនុស្សទូទាំងពិភពលោក ឬមហាជន បានយល់នោះមានទីផ្សារធំអាចលក់រកលុយបានច្រើន។

មុខរបរទី២៖ មុខរបរដែលមានទីផ្សារតូច តែមានគោលដៅនិងអតិថិជនជាអ្នកមាន។ ឧទាហរណ៍ថា លក់ឡានឡាំប៊ូគីនី ឡានរ៉ូរ័យ ជាប្រភេទឡានសម្រាប់ពួកអភិជន សម្រាប់មហាសេដ្ឋី វាមានតំលៃថ្លៃ ឡានខ្លះដល់ទៅ ៥លានដុល្លារអាមេរិក ខ្លះ១លាន នាឡិការ៉ូលិកមួយគ្រឿង ១៥ម៉ឺនដុល្លារអាមេរិក ៥០ម៉ឺនដុល្លារអាមេរិកជាដើម ត្បិតថាទីផ្សារតូចចង្អៀត ប៉ុន្តែអតិថិជនគោលដៅនោះជាអ្នកដែលមានលុយច្រើន។ ផលិតផលទាំងឡាយណា មានយីហោខ្ពស់ បរិមាណផលិតតិច មានចំនួនមានកំណត់ ដែលសម្រាប់តែមហាសេដ្ឋី ឬអ្នកមានលុយ នោះក៏អាចលក់បានលុយច្រើន ជាអ្នកមានលឿនដែរ។

មុខរបរទី៣ ៖ គឺជាប្រភេទមុខរបរដែលយើងអាចបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាឬក៏យើងហៅថាស៊ីសស្ទឹម (System) ដែលអាចតភ្ជាប់ពីប្រភពអាជីវកម្មទៅដល់ដៃអ្នកប្រើប្រាស់ ដែលបង្កើតការទិញបានយ៉ាងធំទូលាយ និងងាយស្រួលហើយឆាប់រហ័ស ក៏ជាប្រភេទមុខរបរដែលអាចរកលុយបានច្រើនផងដែរ។ មុខរបរប្រភេទនេះ មានដូចជាក្រុមហ៊ុន Network Marketing ក្រុមហ៊ុនដែលលក់តាមអនឡាញ និងក្រុមហ៊ុនដែលបង្កើតផ្សារជាលក្ខណៈ E-commerce គេអាចពង្រីវិសាលភាពនៃការបញ្ជារទិញតាមរយៈឥទ្ធិពលនៃទីផ្សាររបស់គេបានយ៉ាងធំទូលាយ ហើយគ្រប់ពេលវេលា ២៤/២៤ ម៉ោង។

មុខរបរទី៤៖ ជាប្រភេទផលិតផលដែលមានលក្ខណៈជាអឆ្ឆរិយ ឬក៏មានលក្ខណៈបច្ចេកវិទ្យា(ប្រើសិល្ប៍)។ ហេតុអ្វីបានជានិយាយថាអឆ្ឆរិយ ពីព្រោះផលិតផលខ្លះមិនមែនជាបច្ចេកវិទ្យាទេ ប៉ុន្តែវាមានអំណាចឥទ្ធិពលដូចសិល្ប៍ចឹង គឺវាមានប្រតិកម្មជាមួយធាតុណាមួយនៅក្នុងធម្មជាតិនឹង ដូចជា សំរិត ពេជ្យ ឬក៏ព៊ាក់ ជាដើម ប្រភេទផលិតផលខ្លះទៀត ជាប្រភេទផលិតផលដែលមានឥទ្ធិពលឬថាមពល ហើយក៏មានអំណាចដូចបច្ចេកវិទ្យា ដូចជាផលិតផលកាំជ្រួចជាដើម បច្ចេកវិទ្យាទូរស័ព្ទ ឬក៏ប្រព័ន្ធផ្កាយរណបជាដើម។ អ៉ីចឹងប្រភេទផលិតផលទាំងនេះ គេអាចលក់បានយ៉ាងលឿន បើទោះបីជាមានតំលៃថ្លៃក៏ដោយ។

មុខរបរទី៥៖ ជាប្រភេទមុខរបរដែលប្រជាពលរដ្ឋ ត្រូវការទិញជាប្រចាំ ដូចជាចំណីអាហារ ដូចជាប្រេង ជាសាំង ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចធ្វើឱ្យមនុស្សទិញហើយទិញទៀត។

មុខរបរទី៦៖ គឺមុខរបរប្រភេទជាការដោះដូរ គ្រប់ឧបករណ៍ទាំងឡាយណាដែលគេអាចដោះដូរ ជំនួសឱ្យលទ្ធផលឬសេវាកម្ម មានដូចជាការដូរលុយ លុយអេឡិចត្រូនិក ដូចជា ឈែក ជាដើមដែលប្រើប្រាស់មធ្យោបាយដោះដូរ វាជាមុខរបរដែលត្រូវការចាំបាច់ ដែលវាមានចលនាកំរើករាល់ថ្ងៃ ដែលធ្វើឱ្យយើងទទួលបាននូវផលប្រយោជន៍តិចៗ ប៉ុន្តែញ៉ាប់ស្មេរ តួរលេខកើតឡើងសឹងតែយើងមើលមិនទាន់។

មុខរបរទី៧៖ ជាប្រភេទមុខរបរក្នុងវិស័យអចលនទ្រព្យ មានដូចជា លំនៅដ្ឋាន អាគារពាណិជ្ជកម្ម រីស៊ត ឬក៏កន្លែងកំសាន្តជាដើម មុខរបរប្រភេទនេះវាជាតម្រូវការចាំបាច់ ដែលអាចនឹងបាញ់មុខព្រួញទៅគ្រប់មនុស្សទាំងអស់ អ្នកដែលមានលុយគឺទិញ អ្នកដែលមានលុយគឺដើរលេង អ្នកដែលត្រូវការហើយអត់មានលុយគឺជួល ដូចនេះគេអាចបង្កើនផលចំណេញនៅក្នុងវិស័យអចលនទ្រព្យបានយ៉ាងងាយស្រួល និងគ្រប់ពេលវេលា៕


ប្រភព: kohsantepheapdaily

上一篇:5 Reasons Cambodia is Best in the Region for Foreign Investments 下一篇:在柬埔寨投资的11条须知