ហេតុអ្វីបានជាពិបាកក្នុងការទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងជីវិតរបស់មនុស្សម្នាក់ៗ ? តើមានអ្វីជាក់លាក់ដែលអ្នកមានធ្វើរាល់ថ្ងៃ ដែលយើងរាល់គ្នាមិនបានធ្វើ ? តើមានរូបមន្តជាក់លាក់សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិហួសប្រមាណទេ ? យោងតាមការសិក្សានៃទម្លាប់អ្នកមាន (Rich Habits) របស់អ្នកជំនាញដែលលោកបានចំណាយពេល ៥ ឆ្នាំ ធ្វើការសង្កេត និងចងក្រងឯកសារសកម្មភាពប្រចាំថ្ងៃរបស់អ្នកមានចំនួន ២៣៣ នាក់ (ពួកគេម្នាក់ៗមានប្រាក់ចំណូលយ៉ាងតិច ១៦០,០០០ ដុល្លារនៃប្រាក់ចំណូលប្រចាំឆ្នាំ និង ៣,២ លានដុល្លារជាទ្រព្យសម្បត្តិសុទ្ធ) អ្នកជំនាញរូបនោះបានរកឃើញថា ពួកគេមានចំណុចសំខាន់ ៤ ដែលជាផ្លូវដើម្បីក្លាយជាមហាសេដ្ឋី ៖

ទី ១) រកផ្លូវក្នុងការសន្សំ-វិនិយោគ ៖ មិនថាការងារប្រចាំថ្ងៃរបស់ពួកគេជាអ្វីក៏ដោយ បុគ្គលនៅក្នុងក្រុមនេះ តែងតែសន្សំប្រាក់ និងធ្វើការវិនិយោគផ្នែកខ្លះជាប្រចាំ (រកនឹកវិនិយោគធ្វើយ៉ាងណាឱ្យការវិនិយោគរាល់ថ្ងៃ) ។ ពួកគេតែងតែគិតអំពីវិធីឆ្លាតៗ ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេជាប្រចាំ ។

ទី ២) ការរកវិធីសាស្ត្រនានា សម្រាប់មានផ្លូវឱ្យក្រុមហ៊ុនអាចហក់លោតបាន ៖ ពួកគេត្រូវធ្វើយ៉ាងណា ដើម្បីឱ្យក្រុមហ៊ុនរបស់ពួកគេអាចហក់លោតបានកាន់តែខ្ពស់កាន់តែល្អ រីកចម្រើនបានកាន់លឿនកាន់តែល្អ ក្រុមមនុស្សដែលជាអ្នកមានទាំងនេះបានលះបង់ពេលវេលា និងកម្លាំងទាំងអស់របស់ពួកគេ ដើម្បីតែក្រុមហ៊ុនកាន់តែធំ ហើយសម្រាប់អ្នកដែលធ្វើការឱ្យក្រុមហ៊ុននោះពួកគេតែងតែរកវិធីសាស្រ្តឱ្យក្រុមហ៊ុនមានប្រាក់ចំណូលកាន់តែច្រើន ដូចនេះពួកគេអាចមានឱ្យកាស ក្លាយជានាយកប្រតិបត្តិ និងអាចមានប្រាក់ខែ ប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ ។

ទី ៣) ផ្លូវដែលពួកគេដើរ គឺតែងតែគិតពីគុណធម៌ជាអទិភាព ៖ ក្រុមមនុស្សទាំងនេះ គឺជាមនុស្សដែលភាគច្រើនគឺជាមនុស្សពូកែបំផុត និងមានការទទួលខុសត្រូវខ្ពស់ ដែលពួកគេតែងតែបំរើការងាររបស់ពួកគេដោយចំណេះ និងជំនាញរបស់ពួកគេ ហើយដោយសារតែចំណេះដឹង និងជំនាញពិសេសរបស់ពួកគេខ្ពស់ ពួកគេតែងតែរំពឹងលើប្រាក់ខែខ្ពស់ផងដែរ ។ (ត្រង់ចំណុចនេះ មនុស្សគ្រប់រូបមានក្តីប្រាថ្នាចង់បានប្រាក់ខែខ្ពស់ទាល់តែការខំប្រឹងព្យាយាមខ្ពស់ ចំណេះដឹងនិងជំនាញច្បាស់លាស់) ។ ហើយពួកគេទាំងនោះភាគច្រើនមានការអប់រំជាផ្លូវការ ដូចជាមានកម្រិតសញ្ញាប័ត្រខ្ពស់ (ឧទាហរណ៍ ពួកគេមានរៀនច្បាប់ឬវេជ្ជសាស្ត្រជាដើម) ។

ទី ៤) ពួកគេតែងតែ មានក្តីស្រមៃខ្ពស់ ឬបង្កើតមាគ៌ានៃក្តីសុបិន្តជានិច្ច ៖ បុគ្គលនៅក្នុងក្រុមនេះសុទ្ធតែជាមនុស្សដែលមិនចេះឆ្កែតឆ្អន់ បើទោះបីពួកគេមានអ្វីៗគ្រប់យ៉ាងហើយក៏ដោយ ក៏ពួកគេនៅតែបន្តសុបិន្តរបស់ពួកគេមិនចេះដាច់នោះដែរ អ្នកខ្លះមិនទាន់មានអ្វីទេ តែនៅតែចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកខ្លះទៀតចង់ក្លាយជាតារាសម្តែង តន្ត្រីករ រឺអ្នកនិពន្ធ ដែលអាចរកលុយបានឬលក់ដាច់បំផុត ។ អ្នកខ្លះទៀតសុបិន និងចង់សម្រេចនូវអ្វីដែលពួកគេចូលចិត្តធ្វើ ក្នុងន័យនេះមនុស្សក្រុមនេះ (អ្នកមាន) តែងតែរស់នៅជាមួយសុបិន្តនិងការងារដែលខ្លួនស្រឡាញ់ ហើយពួកគេតែងតែធ្វើយ៉ាងណាឱ្យគណនេយ្យរបស់ពួកគេមានចលនាជានិច្ច (កើនលុយជានិច្ច) ។

សូមជម្រាបជូនផងដែរថា បុគ្គលអ្នកមានមិនដែលបងបោះបង់ក្តីស្រមៃរបស់ពួកគេនោះទេ បើទោះបីជាពួកគេជួបភាពបរាជ័យច្រើនលើកច្រើនសាក្តី ។ ហើយក៏សូមបញ្ជាក់ផងដែរ អត្ថបទខាងលើបានដកស្រង់ត្រឹមតែចំណុចខ្លះៗប៉ុណ្ណោះ ដែលអ្នកមាន ឬសេដ្ឋីចូលចិត្តធ្វើ នៅមានចំណុចផ្សេងៗគ្នាជាច្រើន ដែលមនុស្សជោគជ័យធ្វើក្នុងជំនួញ ឬអាជីវកម្មរបស់ពួកគេ ៕

ប្រភព៖ kohsantepheapdaily

上一篇:How Agile Training Can Improve Project Performance 下一篇:如何投资柬埔寨?普通人去柬埔寨应该投资什么?