រាជធានីភ្នំពេញ ៖ កំប្លោកជារុក្ខជាតិស្មៅមួយប្រភេទដុះអណ្តែកលើទឹក ។ ពលរដ្ឋខ្មែរបានយកកំប្លោកមកច្នៃធ្វើរបស់ប្រើប្រាស់បានច្រើនប្រភេទ ។ កំប្លោកដែលវាលថ្ងៃឲ្យស្ងួតគេអាចវេចធ្វើខ្សែ ធ្វើអង្រឹង ធ្វើសំពៀតជាដើម រហូតនៅក្នុងពេលបច្ចុប្បន្ននេះកំប្លោតត្រូវបានសិប្បករខ្មែរ ច្នៃធ្វើជាគ្រឿសង្ហារឹមតាំងលម្អ និងប្រើប្រាស់ក្នុងផ្ទះ ក្នុងហាងលក់ដូរ ។ សរសៃដែលស្ងួតលាបពណ៌ស្រស់ៗ ត្រូវបានគេយកមកត្បាញជាកាបូបយូរដៃស្រស់ស្អាត សមញ្ញាថ្លៃថ្នូរទៀត ។ ពិសេសផលិតផលដែលធ្វើដោយដៃនេះ បានលើកកម្ពស់ជីវភាពពលរដ្ឋ ពិសេសអ្នកនៅជនបទ ផ្តល់ការងារឲ្យពលរដ្ឋខ្មែរទៀតផង ។

កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល ដែលបានប្រើប្រាស់កាបូបយួរដៃធ្វើពីកំប្លោកនេះ ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសម្តេចផ្ទាល់ ជាមួយការបង្ហោះរូបថតសម្តេចដែលជាភរិយារបស់សម្តេចផ្ទាល់ ជាមួយលោកស្រីជាច្រើនទៀត ដែលម្នាក់ៗបានប្រើប្រាស់កាបូបធ្វើពីកំប្លោក ។ សម្តេចបានសរសើរដូច្នេអថា «សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប ។ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង» ។

លើសពីនេះទំនងចង់សរសើរសម្តេចព្រឹទ្ធបណ្ឌិតផង សម្តេចតេជោ បានបន្ថែមថា «មួយប៉ុស្តិ៍នេះខ្ញុំមើលឃើញថា ប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ ។ នេះជាការសរសើររបស់ប្តី» ។

លោក ចាន់ ឈីវនី ម្ចាស់សប្បកម្មមួយកន្លែងដែលបានច្នៃឈើ និងរុក្ខាជាតិមួយចំនួន ពិសេសកំប្លោកធ្វើរបស់ប្រើប្រាស់ប្រចាំថ្ងៃនោះ បានទទួលស្គាល់ថាការប្រើប្រាស់របស់របរដែលជាស្នារដៃក្នុងស្រុកជួយលើកកម្ពស់ជីវភាពពលរដ្ឋ ផ្តល់ការងារដល់ពលរដ្ឋនៅមូល ដ្ឋាន ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការនិយមប្រើប្រាស់របស់ដែលជាស្នាដៃក្នុងស្រុកហាក់មិនបានស្ថិតថេរយូរអង្វែងទេ គឺបានតែរយៈពេលខ្លីៗក៍ស្ងាតទៅវិញ ។ ដោយសារតែការគាំទ្រមិនទៀតទាត់បែបនេះ លោកបានបិទសិប្បកម្មផលិតរបស់របរធ្វើពីកំប្លោតការពីបីឆ្នាំមុន ។ លោកថា កាលពីកំពុងឆ្នាំ២០១០ ផលិតផលធ្វើពីកំប្លោកមានការគាំទ្រច្រើន ។

«ផលិតផលធ្វើពីកំប្លោកពិសេសគ្រឿងសង្ហារិម មានតម្លៃថោក តែគុណភាពល្អបើប្រៀប ធៀបផលិតផលធ្វើពីឈើ ។ ចំណែកកាបូបយួរដៃស្ត្រីវិញលោកថាមានតម្លៃតែ ២០ ឬ ៣០ដុល្លារប៉ុណ្ណោះតែគុណភាពល្អណាស់» ។ លោក ចាន់ ឈីវនី បានបញ្ជាក់ ។ សិប្បកម្មផលិតធំដែលបានផលិតសម្ភារប្រើប្រាស់ធ្វើកំប្លោក នៅកម្ពុជាស្ថិតនៅក្នុងខេត្តសៀម នៅលើបឹងទន្លេសាប ។ ដោយសារមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលដើម្បីលើកកម្ពស់ប្រាក់ចំណូលស្ត្រីមេផ្ទះ សិប្បកម្មនោះបានដំណើររហូតមក ។

មិនមែនជាលើកទី ១ នាពេលនេះទេ សម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលខ្មែរ ។ សម្តេចធ្លាប់ណែនាំមន្ត្រីក្រោមឱវាទឲ្យរៀបចំទទួលភ្ញៀវអន្តរជាតិជាផ្លូវការនូវស្រា និងចំណីអារហារដែលជាផលិតក្នុងស្រុក ស្នាដៃកសិករខ្មែរ សិប្បករខ្មែរផងដែរ ៕


ប្រភព: kohsantepheapdaily

上一篇:Digital Marketing Tips To Grow Your Finance Business 下一篇:珠宝投资