មួយរយៈចុងក្រោយនេះ ឃើញថាជីវិតរបស់លោក Jack Ma ហាក់ជួបទុក្ខធំផ្ទួនៗ បន្ទាប់ពីលោកបានបង្កើតកំហុសធំមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់រដ្ឋាភិបាល និងត្រូវរដ្ឋាភិបាលពីន័យលុយអស់ជិត ៣ ពាន់លានដុល្លារពីបទរំលោភលើច្បាប់ពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះសូម្បីតែក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alibaba ក៏មានបំណងដកលោក Jack Ma ចេញពី Ant Group ថែមទៀតផង។ ដោយក្រុមហ៊ុនចង់ឱ្យលោក Jack Ma លក់ហ៊ុនចេញ ហើយបោះបង់តួនាទីគ្រប់គ្រងចោលទាំងអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានសម្ភាសន៍ជាមួយប្រភពជិតស្និតនៃក្រុមហ៊ុន Ant Group កាលពីពេលកន្លងទៅ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមាឌល្អិត Jack Ma បានជួបបញ្ហាធំមួយទៀត ដោយលោក ត្រូវបង្ខំចិត្តចុះចេញពីតំណែងជាប្រធាននៃសាលាធុរកិច្ច Hupan ដែលខ្លួនខំបង្កើតដោយផ្ទាល់ដៃតាំងពីឆ្នាំ២០១៥ មកម្លេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ 

ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែលរុញច្រានឱ្យលោក Jack Ma ត្រូវចុះចេញពីតំណែងយ៉ាងដូច្នេះ ដោយសារតែអាជ្ញាធរមានការព្រួយបារម្ភថា លោក Jack Ma បាននឹងកំពុងតែសម្ងំបង្កើតបណ្ដាញនៅក្នុងសាលា Hupan ដែលការណ៍នេះ អាចប្រឆាំងដល់ទៅនឹងគោលដៅរបស់បក្សកុម្មុយនិស្តចិន។  នេះបើយោងតាមសារព័ត៌មាន Financial Times សម្ភាសន៍ប្រភពជិតស្និតម្នាក់នៃសាលា Hupan។ 

ដោយឡែកបើកតាម មន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលចិនមួយចំនួន បានមើលឃើញថា សាលា Hupan គឺជាកន្លែងដែលផ្ដល់កម្មវិធីសិក្សាទំនើបមួយ ដែលមានឈ្មោះថា Donglin Academy។ បន្ថែមពីនេះទៀត Hupan ក៏ជាកន្លែងបំរើដល់អ្នកសិក្សាក្នុងការគិតនិងជជែកវែកញែក ដែលការប្រជុំនិងការជជែកវែកញែករបស់ពួកគេ  អាចជះឥទ្ធិពល និងធ្វើឱ្យមានការកំសោយទៅដល់រដ្ឋាភិបាលរាជវង្សមីង។

យ៉ាងណាមិញ ក្រោយពីលោក Jack Ma ចុះចេញពីតំណែងនេះ ខាងសាលានិងរុះរើ កែតម្រូវនូវប្រព័ន្ធគ្រប់គ្រងឡើងវិញម្តងទៀត ធ្វើយ៉ាងណាដើម្បីកាត់បន្ថយឥទ្ធិពលរបស់លោក Jack Ma ចេញពីសាលាមួយនេះតែម្តង។គួរបញ្ជាក់ផងដែរថា បញ្ហានេះក៏បានធ្វើឱ្យមានភាពរាំងស្ទះទៅដល់ការចុះឈ្មោះចូលរៀនរបស់សាលាផងដែរ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយខាងសាលាបាននឹងកំពុងដោះស្រាយចាត់ចែងឱ្យបានលឿនបំផុតចំពោះបញ្ហានេះ៕


ប្រភព: Business Cambodia

上一篇:How To Keep Your Customers Happy 下一篇:巴菲特经典选股策略