Amazon គឺជាក្រុមហ៊ុនលក់ទំនិញអនឡាញ (E-Commerce) ដ៏ល្បីល្បាញបំផុតមួយ ដែលឈរជើងលើទីផ្សារជាង ២ទសវត្សរ៍រួចមកហើយ។ យ៉ាងណា មិញក្រោយពីដឹកនាំក្រុមហ៊ុន Amazon អស់ជាង២៧ឆ្នាំ លោក Jeff Bezos កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ បានប្រកាសថា លោកនឹងធ្វើការចុះពីតំណែងជា CEO នៃក្រុមហ៊ុន Amazon នៅថ្ងៃទី០៥ ខែកក្កដា ខាងមុខនេះ។ ហើយអ្នកដែលត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជា CEO ដឹកនាំក្រុមហ៊ុននិងបុគ្គលិកជាង១លាននាក់បន្ដគឺ លោក Andy Jassy ដែលជាខ្លាចាស់នៃ Amazon។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

យ៉ាងណាមិញ សម្រាប់ការចុះចេញពីតំណែងជា CEO នេះ គឺមិនមែនដើម្បីចូលនិវត្តន៍នោះទេ ប៉ុន្ដែលោក Jeff Bezos នឹងយកពេលវេលា ផ្ដោតទៅលើគម្រោងធំៗចំនួន៤ ដែលមានដូចខាងក្រោម៖

១. Blue Origin៖ នេះគឺជាគម្រោងដ៏ធំមួយរបស់លោកដែលកំពុងមហាញឹកយ៉ាងសកម្មក្នុងការរុករកផ្នែកអវកាស ក្នុងការផលិតរ៉ូកែតដែលអាចដឹកទំនិញនិងមនុស្សទៅកាន់ភពផ្សេងបាន។ អ្វីដែលពិសេសនោះគឺគម្រោងផលិតរ៉ូកែតរបស់លោក គឺមិនមែនប្រើប្រាស់បានតែម្ដងហើយបោះចោលនោះទេ ពោលគឺវាជារ៉ូកែតដែលអាចប្រើប្រាស់បានម្ដងហើយម្ដងទៀត។ ហើយបច្ចុប្បន្ននេះ យើងសង្កេតឃើញថា គម្រោងរបស់លោកនេះហាក់ដូចជាកំពុងតែប្រកួតប្រជែងគ្នាយ៉ាងក្ដៅគគុក ជាមួយបិតាបច្ចេកវិទ្យាលោក Elon Musk ដែលត្រូវបានគេស្គាល់ថាជាបុគ្គលដ៏អស្ចារ្យមួយរូបក្នុងវិស័យអវកាស។

២. Day 1 Fund៖ គឺជាគម្រោងសប្បុរសធម៌មួយ ដែលមានគោលដៅប្រមូលមូនិធិយ៉ាងហោចណាស់ ឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជួយដល់គ្រួសារក្រីក្រដែលជួបប្រទះនឹងភាពខ្វះខាត គ្មានផ្ទះសម្បែងស្នាក់នៅ និងជួយបង្កើតបណ្តាញក៏ដូចជាជួយដល់សាលាមត្តេយ្យសិក្សាថ្នាក់ថ្មីដោយមិនរកប្រាក់ចំណេញ នៅក្នុងសហគមន៍ដែលមានប្រាក់ចំណូលទាប។

៣. The Bezos Earth Fund៖ គឺជាគម្រោងមួយដែលជួយដល់សុខមាលភាពរបស់មនុស្សជាតិ តាមរយៈការចូលរួមដោះស្រាយបញ្ហាទូទៅរបស់ពិភពលោក ដូចជាបញ្ហាទឹក ដី ខ្យល់ អាកាសធាតុជាដើម។ សម្រាប់គម្រោងដ៏ធំរបស់លោកមួយនេះ លោកបានប្ដេជ្ញាចិត្តថានឹងចំណាយប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារសម្រាប់គម្រោងនេះ ហើយលោកក៏ធ្លាប់បានបង្ហាញនូវមូលនិធិតូចចំនួន ១៦ដំបូងគេបង្អស់រួចរាល់ហើយផងដែរ។ សម្រាប់គំនិតស្នូល នៅពីក្រោយគំនិតផ្តួចផ្តើមនេះគឺដើម្បីផ្តល់មូលនិធិដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ សកម្មជន និងអង្គការមិនមែនរដ្ឋាភិបាលសម្រាប់គម្រោងដែលប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

៤.The Washington Post៖ នេះគឺជាក្រុមហ៊ុនព័ត៌មាន ដែលលោក Jeff Bezos បានទិញពីគ្រួសារ Graham family នៅក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ ២៥០លានដុល្លារ។ ដោយក្រុមហ៊ុនព័ត៌មាន The Washington Post នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៧៧ មកម្លេះ។ ហើយបើគិតមកទល់នឹងពេលនេះ The Washington Post មានអាយុកាលជាង ១៤៤ ឆ្នាំរួចមកហើយ។

គួរបញ្ជាក់ផងដែរថា លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Amazon ឡើងនៅក្នុងឆ្នាំ១៩៩៤។ ហើយបើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Amazon បានធ្វើដំណើរយ៉ាងវែងឆ្ងាយជាង២៧ឆ្នាំ ហើយបានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យបំផុតមួយនៅលើលោក ដោយមានបុគ្គលិករហូតដល់ទៅជាង១លាននាក់ និងអាចរកចំណូលបាន ៣៨៦.១ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ អត្ថបទបន្ទាប់យើងនឹងនិយាយលម្អិតទាក់ទងនឹង លោក Andy Jassy ដែលត្រូវជ្រើសរើសឱ្យធ្វើជាមេទ័ពធំ (CEO) ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជាង១លាននាក់បន្ដពីលោក Jeff Bezos ក្នុងពេលឆាប់ៗខាងមុខនេះ៕ 

Amazon is on a Collision Course with its Stakeholders — Future 500 | Stakeholder Engagement + Sustainability Experts


ប្រភព: Business Cambodia

上一篇:What Do You and Millionaires Have in Common? 下一篇:量化投资: 耐得了寂寞 守得住繁华