នៅក្នុងឱកាសកម្មវិធីជំនួបជាមួយម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក Jeff Bezos បានប្រកាសជាផ្លូវការណ៍ថា លោកនឹងធ្វើការចុះពីតំណែងជា CEO នៃក្រុមហ៊ុន Amazon នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ ហើយអ្នកដែលត្រូវបានជ្រើសរើសឱ្យឡើងកាន់ចង្កូតដឹកនាំក្រុមហ៊ុន និងបុគ្គលិកជាង១លាននាក់បន្ដពី លោក Jeff Bezos នោះ គឺលោក Andy Jassy ដែលជាខ្លាចាស់របស់ Amazon ធ្វើការជាង២០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 

យ៉ាងណាមិញ ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា តើលោក Andy Jassy គឺជានរណា? ហេតុអ្វីទើបលោកត្រូវបានជ្រើសរើសឱ្យឡើងកាន់តំណែងជា CEO ដែលជាបន្ទុកដ៏ធ្ងន់មួយ បន្ទាប់ពីលោក Jeff Bezos?

លោក Andy Jassyបច្ចុប្បន្នគឺជា CEO នៃក្រុមហ៊ុន Amazon Web Services (AWS) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Amazon។ ដោយឡែកបើយើងក្រឡេកទៅមើលប្រវត្តិរបស់លោក Andy Jassy លោកកើតនៅក្នុងឆ្នាំ១៩៦៨ (៥៣ឆ្នាំ) នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ លោកបានបញ្ចប់បរិញ្ញាបត្រសិល្បៈ (AB) និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យ Harvard University។

លោក Andy Jassy បានធ្វើការនៅក្នុងក្រុមហ៊ុនឡានមួយកន្លែងអស់រយៈពេល ៥ ឆ្នាំ មុនពេលទៅរៀនតថ្នាក់អនុបណ្ឌិត។ ហើយនៅក្នុងឆ្នាំ១៩៩៧ លោកបានចូលធ្វើការនៅក្នុងក្រុមហ៊ុន Amazon  ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ដោយលោកបានទទួលតួនាទីជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ។

ក្រោយមកនៅក្នុងឆ្នាំ២០០៣ លោក AndyJassy និងក្រុមការងារ៥៧នាក់ផ្សេងទៀត បានស្នើគំនិតទៅលោក Jeff Bezos និងបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ Amazon Web Services (AWS)។ ហើយមិនដល់ពេល១០ឆ្នាំផង ក្រុមហ៊ុនមួយនេះបានទទួលបាននូវភាពជោគជ័យដោយមានអតិថិជនជាង១លាននាក់ ក្នុងចំណោម១៩០ប្រទេស។ 

រហូតមកដល់ខែមេសា ឆ្នាំ២០១៦ លោក AndyJassy ត្រូវបានឡើងតំណែងជា អនុប្រធានជាន់ខ្ពស់នៃនាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon Web Services (AWS)។ ហើយនៅក្នុងឆ្នាំ២០២០ លោក AndyJassy ត្រូវបានគេលើកឡើងឱ្យធ្វើជា CEO នៃក្រុមហ៊ុន AWS ពេញសិទ្ធិ។ ហើយនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ លោកនឹងត្រូវឡើងទៅកាន់តំណែងកំពូលតារាង (CEO) នៃក្រុមហ៊ុន Amazon។

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ លោក Andy Jassy គឺជាបុគ្គលិកចាស់វស្សាបំផុតនៅ Amazon ពោលគឺលោកធ្វើការនៅទីនេះជិត២៥ឆ្នាំ។ ហើយលោកគឺជាបុគ្គលិកមួយរូបដែលទទួលបានការទុកចិត្តបំផុតពីលោក Jeff Bezos។ 

លោក Andy Jassy ត្រូវបានគេចាត់ទុកថាជា ស្រមោលរបស់លោក Jeff Bezos ឬ Jeff Bezos កូពី ដោយសារតែគាត់ជាមនុស្សម្នាក់ដែលជិតស្និតនិងបានរៀនសូត្រនឹងមានទិកនិកក្នុងការដឹកនាំមិនខុសពីលោក Jeff Bezos នោះទេ ពោលគឺលោក Andy យល់ពីចិត្តគំនិតរបស់លោក Jeff, យល់ច្បាស់ពីវប្បធម៌និងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន,មានចក្ខុវិស័យក្នុងការបង្កើនផលិតផលនិងសេវាកម្មថ្មីៗស្របជាមួយ Amazon,ក៏ដូចជាចេះដោះស្រាយនិងរុញច្រានបញ្ហាស្មុគស្មាញរបស់ក្រុមហ៊ុនដូចទៅនឹងអ្វីដែលោក  Jeff ធ្លាប់ធ្វើដែរ។ ហេតុនេះគេជឿជាក់ថា លោក Andy Jassy ប្រាកដជាអាចទទួលតំណែង CEO បន្ដពីលោក Jeff Bezos បាន។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់នឹងពេលនេះ លោក Andy Jassy មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ៤៤០លានដុល្លារ។ 

យ៉ាងណាមិញ មានមេរៀនជាច្រើនដែលប្រិយមិត្តិអាចរៀនសូត្របានពីលោក Andy Jassy ដែលជាអនាគត CEO Amazon នោះគឺ មិនថាអ្នកចូលទៅធ្វើការនៅក្នុងស្ថាប័នណាក៏ដោយ អ្នកត្រូវមានស្មារតីស្មោះត្រង់ ខិតខំប្រឹងប្រែងទាំងការងារ និងដុសខាត់សមត្ថភាពជាប្រចាំ។ «សមត្ថភាពពិត បូករួមនិងភាពស្មោះត្រង់ នឹងនាំអ្នកទៅកាន់មាគ៌ាជោគជ័យក្នុងកន្លែងការងារ និងក្នុងជីវិត»៕


ប្រភព: Business Cambodia

上一篇:Is Work-Life Balance Making Us Less Productive and Lazy? 下一篇:在柬埔寨投资的11条须知