ការចាប់ផ្ដើមអាជីវកម្មមួយមិនមែនជារឿងដែលពិបាកប៉ុន្មានទេ ប៉ុន្ដែការដែលអាចធ្វើឱ្យអាជីវកម្មនោះដំណើរការដោយរលូន និងទទួលបានជោគជ័យ ទើបជារឿងពិបាកខ្លាំងបំផុតសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិន ជាពិសេសនោះសម្រាប់អ្នកដែលទើបតែចង់ចេញរកស៊ីថ្មីថ្មោង ។ យ៉ាងណាមិញសម្រាប់អ្នកដែលមានដើមទុនតិច ប៉ុន្ដែចង់ចេញរកស៊ី តើគួរជ្រើសរើសអាជីវកម្មប្រភេទណា និងត្រូវមានដើមទុនសំខាន់អ្វីខ្លះទើបមិនងាយបរាជ័យ ។

ខាងក្រោមនេះនឹងបង្ហាញពីអាជីវកម្មដែលចំណាយទុនត្រឹម ១,០០០ដុល្លារ ជាមួយដើមទុនសំខាន់ៗដែលមិនមែនជាលុយ ហើយយើងត្រូវតែមានបើចង់ឱ្យអាជីវកម្មគង់វង្សបានយូរ ។ 

មានលុយត្រឹម ១ពាន់ដុល្លារ យើងអាចបើករបរលក់អាហារ ឬភេសជ្ជតាមចិញ្ចើមផ្លូវបាន មែនទែនទៅរបរទាំងនេះ មើលទៅមិនសូវការលីបដូចហាងទំនើបៗក៏ពិតមែន ប៉ុន្ដែរបរទាំងនេះខ្លះអាចរកចំណូលបានច្រើនជាងហាងធំៗមួយចំនួនទៀត សំខាន់យើងត្រូវមានទិចតិចពិសេសក្នុងការទាក់ទាញភ្ញៀវឱ្យចូលកន្លែងរបស់យើង ។ 

របរទី ២ គឺ សេវាកម្មសម្អាត ដូចជាសម្អាតកន្លែងធ្វើការ រថយន្ត ឬសេវាសម្អាតកន្លែងផ្សេងៗទៀត ជាការពិតណាស់វាជារបរដែលមិនសូវមានអ្នកដឹង នឹងចាប់អារម្មណ៍ចង់រកស៊ីនោះទេ ។ ព្រោះអ្នកខ្លះគិតថាវាគ្រាន់តែជារបរតូចតាច របរដែលមិនសូវកាលីប របរដែលមិនសូវមានមនុស្សឱ្យតម្លៃ ដូចនេះអ្នករកស៊ីដែលមានភាពឈ្លាតវៃ គឺជាមនុស្សដែលចេះចាប់យកឱកាស នឹងចេះបង្កើតឱកាស របររកស៊ីដែលមិនសូវមានអ្នកចង់ធ្វើនេះ ជាឱកាសសម្រាប់អ្នកហើយ អ្នកអាចផ្ដើមពីទុនតិចបំផុតក៏បានដែរ ។

របរមួយទៀតនោះគឺរបរ លក់ទំនិញតាមអនឡាញ ( Online ) បើមិនទាន់មានទុនសម្រាប់បើកជាហាងទេ ការលក់តាមអនឡាញគឺជាជម្រើសដ៏ល្អបំផុត ហើយពេញនិយម និងមានមនុស្សចាប់អារម្មណ៍ច្រើន ។ ការលក់តាមអនឡាញគឺលក់បានច្រើនប្រភេទណាស់ ដូចជាអាហារកម្មុង ភេសជ្ជ ម្ហូបអាហារ របរប្រើប្រាស់ សម្ភារៈ និងជំនាញផ្សេងៗ ។ ជាពិសេសជាងនេះទៅទៀតនោះ មនុស្សនឹងចាប់ផ្ដើមងាកមករកការទិញទំនិញតាមអ៊ីនធ័រណែត ជាជាងការទៅដល់កន្លែងផ្ទាល់ ។ 

ប្រសិនបើយើងចង់បើរបរខាងលើនេះ និងចង់ឱ្យទទួលបានជោគជ័យ មានភ្ញៀវច្រើនៗ ចង់ដឹងទេថា ទុនសំខាន់ៗអ្វីខ្លះដែលយើងត្រូវតែមានមុនបើកអាជីវកម្ម ? 

  ១. យើងត្រូវមានជំនាញច្បាស់លាស់លើមុខរបរដែលយើងកំពុងតែធ្វើ

    ២. ទីផ្សារ តើមនុស្សសម័យឥឡូវចូលចិត្តអ្វី ? ត្រូវដឹងពីអតិថិជនគោលដៅរបស់យើង (បច្ចុប្បន្នគួរតែផ្ដោតលើតម្រូវការយុវវ័យ )

    ៣. គុណភាពខ្ពស់ និងរស់ជាតិត្រូវតែប្លែក ថ្មី ឆ្ងាញ់ខុសពីគេ ( ហេតុផលដែលយើងអាចវ៉ាដាច់គេបាន )

    ៤. អនាម័យល្អ ធ្វើឱ្យអតិថិជនទុកចិត្តលើផលិតផលរបស់យើង

    ៥. ជំនាញលក់ ចាំបាច់ត្រូវតែមាន ហើយត្រូវច្បាស់ទៀតផង

    ៦. ជំនាញទំនាក់ទំនង និង ចរចា

    ៧. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ

អ្នកត្រូវតែមានក្ដីស្រមៃ និងគោលដៅឱ្យធំ ប៉ុន្ដែត្រូវចាប់ផ្ដើមឱ្យតូចបំផុតតាមដែលអាចធ្វើទៅបាន ប្រសិនបើបងប្អូនខ្លាចក្នុងការបរាជ័យ ។ មួយវិញទៀតបើចង់បានជោគជ័យជាមួយអាជីវកម្មដើមទុនតិច ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែផ្ដោតទៅលើអាជីវកម្មដែលមានសក្ដានុពលក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ៕


ប្រភព: Business Cambodia 

上一篇:4 Ways Tree Testing Can Benefit Your Business 下一篇:如何投资柬埔寨?普通人去柬埔寨应该投资什么?