ឱ្យតែនិយាយពីការរកស៊ីមនុស្សគ្រប់គ្នាតែងតែគិតទៅដល់ដើមទុនមុនគេជានិច្ច ដោយគិតថាទាល់តែមានលុយរាប់ម៉ឺនដុល្លារទើបអាចចេញរកស៊ីបាន។ ប៉ុន្ដែការយល់ឃើញបែបនេះមិនមែនជាការយល់ឃើញដ៏ត្រឹមត្រូវនោះទេ ប្រសិនបើអ្នករង់ចាំទាល់តែមានលុយច្រើន ឬក៏ទាល់តែមានអ្វីគ្រប់យ៉ាងទើបចាប់ផ្ដើមនោះ អ្នកប្រាកដជាគ្មានថ្ងៃអាចចេញរកស៊ីនឹងគេបានឡើយ។ ហេតុដូច្នេះហើយ ការចាប់ផ្ដើមចេញរកស៊ីដ៏ល្អបំផុតនោះ គឺការរៀនចាប់ផ្ដើមចេញរកស៊ីពីតូចៗទៅ។

ជាក់ស្ដែង លោក Trevor Chapman គឺជាអ្នកជំនួយមួយរូប ដែលបានបញ្ជាក់ថា មិនចាំបាច់ទាល់តែមានលុយរាប់ម៉ឺនដុល្លារទើបអាចចាប់ផ្ដើមចេញរកស៊ីបាននោះទេ។ ដោយលោក បានចាប់ផ្ដើមរកស៊ីពីទុន២០០ដុល្លារ រហូតអាចបង្កើតក្រុមហ៊ុនតម្លៃ១០លានដុល្លារ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺលោកចាយពេលត្រឹមតែ៣ខែប៉ុណ្ណោះ។

ត្រឡប់ទៅមើលការងារចុងក្រោយរបស់លោក Chapman មុនពេលដែលោកក្លាយជាងអ្នករកស៊ីវិញ លោកគឺជាអតីតបុគ្គលិកក្នុងក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ដោយលោកមានតួនាទីជាអ្នកបាញ់ថ្នាំសម្លាប់សត្វល្អិតនៅតាមផ្ទះ។ ហើយបុព្វហេតុដែលធ្វើឱ្យលោក ចាប់ផ្ដើមមានគំនិតចង់ចេញរកស៊ីទៀតនោះ គឺដោយសារតែការងារដែលលោកកំពុងតែធ្វើនៅក្នុងអំឡុងពេលនោះបានប្រាក់ខែតិចពេក។ ហើយបន្ថែមពីនេះទៀត គឺដោយសារតែលោកបានអានពាក្យមួយឃ្លារបស់មហាសសេដ្ឋី Warren Buffett ថា “ប្រសិនបើអ្នកមិនអាចរកលុយនៅក្នុងអំឡុងពេលអ្នកដេកទេ អ្នកនឹងត្រូវធ្វើការឱ្យគេរហូតដល់ស្លាប់”“If you don’t find a way to make money while you sleep, you will work until you die.” ចាប់តាំងពីពេលនោះមក Trevor Chapman ក៏បានចាប់ផ្ដើមគិតពីការបង្កើតចំណូលឱ្យបានមួយប្រភពទៀត។

ក្រោយពីដេកគិតអស់ជាច្រើនថ្ងៃ Chapman ក៏បានសម្រេចចិត្តចាប់យករបរនៅក្នុងវិស័យ E-Commerce ដើម្បីរកចំណូលបន្ថែម។ ប៉ុន្ដែកាលចាប់ផ្ដើមរកស៊ីដំបូងលោកមិនបានឈប់ពីការងារបាញ់ថ្នាំសម្លាប់សត្វល្អិតភ្លាមៗនោះទេ ដោយលោកបានឆ្លៀតចេញរកស៊ីក្រៅម៉ោង ដោយលោកចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃនៅពេលយប់ ដើម្បីរកស៊ីរបរថ្មីរបស់លោក។

ចាប់ផ្ដើមដំបូងលោកបានចាយទុនតែ២០០ដុល្លារប៉ុណ្ណោះ ដោយលោកបានចំណាយ $2.99 ដើម្បីទិញ Domain សម្រាប់ហាងដែលមានឈ្មោះថា LDSman.com ចំណាយ $14 ដើម្បីទិញ Platform Shopify និងចំណាយ $100 សម្រាប់ធ្វើផ្សព្វផ្សាយលក់នៅលើ Facebook។ ដោយឡែកសម្រាប់ទំនិញគឺលោកយកប្រភពមកពីប្រទេសចិន ហើយយកមកផ្សព្វផ្សាយលក់នៅក្នុងប្រទេសអាមេរិក។ 

ចាប់ផ្ដើមផ្សព្វផ្សាយលក់នៅលើ Facebook បានតែពីរថ្ងៃសោះគាត់អាចរកចំណូលបានរហូទដល់ទៅជាង១ម៉ឺនដុល្លារឯណោះ។ ហើយក្រោយពីរកស៊ីរបរ E-Commerce បានមួយខែ ដោយមើលឃើញថាវាអាចរកចំណូលបានច្រើននឹងកាប់កបផងនោះ លោកក៏បានសម្រេចចិត្តលាឈប់ពីការងារបាញ់ថ្នាំសម្លាប់សត្វល្អិត ដោយងាកមកផ្ដោតលើការរកស៊ីវិញ ដោយលោកជួលបុគ្គលិក៥នាក់បន្ថែមទៀតឱ្យមកជួយការងារ ហើយលោកក៏បានទិញឃ្លាំងនិងបានបើកក្រុមហ៊ុនផ្ដល់សេវាកម្មនាំចូលទំនិញទូទាំងពិភពលោកមួយផងដែរ។

បន្ទាប់ពីស៊ីបាន៣ខែ លោក Chapman អាចរកចំណូលពីការលក់ទំនិញនៅលើវេបសាយ LDSman.com សរុបរហូតដល់ទៅ ១លានដុល្លារ។ ហើយក្រោយមកលោកក៏បានសម្រេចចិត្តលក់ក្រុមហ៊ុននាំចូលទំនិញនិងវេបសាយ LDSman.com របស់លោកនៅក្នុងតម្លៃខ្ពស់រហូតដល់ទៅ១០លានដុល្លារសហរដ្ឋអាមេរិកឯណោះ៕

គួរបញ្ញាក់ផងដែរថា សម្រាប់អ្នកចង់បង្កើតចំណូលឱ្យបានច្រើនប្រភព ទាំងអស់គ្នាអាចយកគំរូតាម Chapman បាន ដោយគាត់បានចាប់ផ្ដើមរកស៊ីក្រៅម៉ោង និងចាប់យករបរណាដែលមានសក្ដានុពលនិងចំណាយដើមទុនតិចបំផុត ពោលគឺអាជីវកម្មដើមទុនតិចនឹងឯង។ ហើយក្រោយពីរបរក្រៅម៉ោងរបស់គាត់រីកចម្រើនបន្ដិចហើយ ទើបគាត់ឈប់ពីការងារ ហើយងាកមករកស៊ីពេញម៉ោងវិញ៕


ប្រភព: Business Cambodia

上一篇:CEOs share their best advice for college graduates 下一篇:商品类目&属性&属性值体系和电商商品的组织方式