ពាក្យចាស់តែងពោលថា “ប្រទេសមានច្បាប់ គ្រួសារមានវិន័យ” នៅក្នុងនាមជាយើងអាណាព្យាបាលម្នាក់ គឺយើងមានតួនាទីសំខាន់ណាស់ ក្នុងការគ្រប់គ្រង និងណែនាំកូនឱ្យដើរតាមគន្លងធម៌ ឬនិយាយមួយបែប ឱ្យកូនធំឡើងមានអនាគតល្អ ក្លាយជាបុគ្គលឆ្នើម អ្នករកស៊ីពូកែ ឬក៏ជាអ្នកដឹកនាំស្ថាប័នធំៗ ជាដើម។

ភ្ញាប់ជាមួយនឹងការគ្រប់គ្រង និងការណែនាំកូនខាងលើនេះដែរ សូមលើកយក ទិកនិកចិញ្ចឹមកូនសំខាន់១ សម្រាប់មាតាបិតា ដែលចង់ឱ្យកូនធំឡើងមានគំនិតនៅក្នុងការរកស៊ីច្រើន។ ទិកនិកសំខាន់មួយនោះគឺ ការនាំកូនទៅកន្លែងសំខាន់ៗឱ្យបានច្រើន នៅក្នុងវិស័យរកស៊ីផ្សេងៗគ្នា។

តាមការសម្ភាសន៍ជាច្រើន ជាមួយនឹងឪពុកម្តាយដែលមានកូនពូកែខាងរកស៊ីនោះ យើងសង្កេតឃើញថា អ្វីដែលឪពុកម្តាយគាត់បានធ្វើសម្រាប់កូនគាត់ ក្នុងការបណ្តុះគំនិតរកស៊ីនោះគឺ ពួកគាត់ចំណាយពេល នាំកូនចូលហាង ឬទៅក្រុមហ៊ុនមួយចំនួន ដែលមានភាពពិសេសខុសៗគ្នាច្រើន។ ដូច្នេះ នៅពេលកូនក្មេង គាត់បានចូលទៅក្នុងហាងមួយ ដែលមានអ្នកភ្ញៀវទិញច្រើន កូនក្មេងនោះ នឹងចាប់សួរឪពុកម្តាយគេថា “ហេតុអ្វីបានជាហាងមួយនេះ លក់ដាច់ខ្លាំងម្ល៉េះ ឬក៏ហេតុអ្វីក្រុមហ៊ុននេះ មានភ្ញៀវចេញចូលច្រើនម្ល៉េះ?” ។ ចំណុចនេះហើយ ដែលធ្វើឱ្យក្មេងៗចាប់ផ្តើមគិត និងសង្កេតមើលពីរបៀបដែលគេទទួលភ្ញៀវ របៀបដែល គេលក់ដូររកស៊ីផ្សេងៗ ដែលកត្តាទាំងអស់នេះ នឹងធ្វើឱ្យពួកគេ ចាប់ផ្តើមមានគំនិតរកស៊ីច្រើន។

បន្ថែមពីនេះ ឪពុកម្តាយអាចនាំកូនៗទៅដើរលេង នៅក្រៅប្រទេស ដើម្បីដើរមើលពីគំនិតរកស៊ីផ្សេងៗ ពីបណ្តាប្រទេសដទៃ ដែលមានការអភិវឌ្ឍលឿនជាងយើង ១០ឆ្នាំ ឬ២០ ទៅ៣០ឆ្នាំបន្ថែមទៀត កាន់តែល្អ ព្រោះនឹងធ្វើឱ្យក្មេងអាចមើលឃើញពីអនាគតរបររកស៊ីកាន់តែច្រើន។ ប៉ុន្តែបើសិនជាឪពុកម្តាយ ពុំសូវមានលទ្ធិភាពទេ ក៏អាចឱ្យកូនៗមើលវីដេអូដែលគេនិយាយអំពីការរកស៊ី ការបង្កើតគំនិតដោះស្រាយ បញ្ហាមនុស្ស ឬក៏បុគ្គលល្បីៗដែលបានផ្លាស់ប្តូរពិភពលោក ដូចជា Bill Gates Steve Jobs ផ្សេងៗដើម។

សរុបមកវិញ ដើម្បីឱ្យកូនៗរបស់អ្នកមានគំនិតរកស៊ីច្រើន អ្នកត្រូវនាំគេទៅមើលពីអាជីវកម្មឱ្យបានច្រើន ឬស្គាល់ពីអាជីវកម្មឱ្យបានច្រើន ហើយអ្នកអាចចាប់ផ្តើមពន្យល់ពួកគេថា ហេតុអ្វីហាងមួយនេះលក់ដាច់ ឬក៏អាចឱ្យគេស្វែងយល់ដោយខ្លួនឯង។ លើសពីនេះ អ្នកអាចនាំពួកគេទៅដើរលេងក្រៅប្រទេស ដើម្បីមើលពីការអភិវឌ្ឍ ការរកស៊ី ការធ្វើការ របស់ជាតិសាសន៍ដទៃបន្ថែម កាន់តែល្អថែមទៀត។ ព្រោះការនាំឱ្យក្មេងទៅស្គាល់គេស្គាល់ឯង ទៅកន្លែងដែលប្លែក ថ្មីៗ ល្អៗ នឹងឱ្យពួកគេកាន់តែមានភាពក្លាហានផងដែរ ៕ 


ប្រភព: Business Cambodia



上一篇:10 Business Tips for New Entrepreneurs in 2021 下一篇:商业的目的是合理的盈利