ជាទូទៅដើម្បីរកលុយឱ្យបានច្រើនពីការផលិតផលអ្វីមួយ មនុស្សភាគច្រើនតែងតែស្រមៃដល់ការបង្កើតផលិតផលដែលចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជាឡានម៉ូតតូ ឬក៏គ្រឿងអេឡិចត្រូនិចជាផ្សេងៗជាដើម។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលបុរសម្នាក់ដែលមានឈ្មោះថា Nimrod Back វិញ គាត់បែរជាចំណាយពេលវេលាទៅស្រាវជ្រាវនឹងច្នៃប្រដាប់បង្វិលលេង ដែលភាសាអង់គ្លេសហៅថា Spinning Top (សូមមើលរូបភាពរបស់លេងនោះនៅខាងក្រោម) ហើយមើលទៅវាហាក់ដូចជាគាត់ចំណាយពេលទៅកែច្នៃរបស់លេងឥតបានការមួយអីចឹង ប៉ុន្ដែគាត់បែរជាអាចរកលុយបានរាប់លានដុល្លារ ពីរបស់លេង Spinning Topដែលគាត់ច្នៃនោះ។

Spinning-4

យោងតាមការបង្ហោះជាវីដេអូរបស់គេហទំព័រ Nas Daily លោក Nimrod Back បានឱ្យដឹងថា ដោយសារតែ ប្រដាប់បង្វិល Spinning Topដែលលោកបានទិញមកលេងឆាប់ដួលពេក លោកក៏នឹកឃើញនូវគំនិតមួយ គឺចង់កែច្នៃនឹងផលិត Spinning Top ឱ្យបង្វិលបានយូរនិងមិនឆាប់ដួលដូចរបស់ដែលមានលក់នៅលើទីផ្សារ។ ហើយក្រោយមក លោកក៏បានចាប់ដៃគ្នាជាមួយមិត្តភក្ដិរបស់លោកម្នាក់ទៀត ដើម្បីធ្វើរឿងមួយនេះ។ 
ដោយលោក បានញ៉ាត់បញ្ចូលគ្រឿងអេឡិតត្រូនិកមួយចំនួនចូលទៅក្នុង Spinning Top មានដូចជាបន្ទះឈីប និងថ្មតូចមួយ ហើយក្រោយពីចំណាយពេលជាង២ឆ្នាំ ពួកគេក៏អាចផលិត Spinning Top ថ្មីបានយ៉ាងជោគជ័យ។


ហើយនៅក្នុងឆ្នាំ២០១៨ លោក Nimrod Back និងមិត្តភក្ដិរបស់លោក ក៏បានទទួលពានរង្វាន់បំបែកឯកតកម្មពិភពលោកពីកម្មវិធី GuinnessWorldRecords ដោយ Spinning Top របស់ពួកគេអាចបង្វិលបានយូរបំផុតលើលោក ដោយអាចបង្វិលឱ្យឈររហូតដល់ទៅ ២៧ម៉ោងឯណោះ។ ហើយ Spinning Top របស់ពួកគេក៏បានផ្ទុះនូវភាពល្បីល្បាញយ៉ាងខ្លាំង។

spinning-2

ជាមួយគ្នានេះដែរ ក្រោយពីផ្ទុះភាពល្បីល្បាញ Nimrod ក៏អាចរកទុនពីវិនិយោគគិនបានជាង៥០ម៉ឺនដុល្លារ ពីគេហទំព័រ Kickstarter។ ហើយបន្ទាប់មក គាត់ក៏បានយកលុយដែលបានពីវិនិយោគគិនទាំងនោះ ទៅផលិត Spinning Top ដើម្បីដាក់លក់នៅលើទីផ្សារ។ ដោយសារតែភាពល្បីល្បាញនិងភាពអស្ចារ្យនៃផលិតផងនោះ ជាហេតុធ្វើឱ្យ Spinning Top របស់លោកអាចលក់ដាច់យ៉ាងខ្លាំង និងអាចកើបចំណូលបានខ្ទង់លានដុល្លារថែមទៀតផង។ 

គួរបញ្ជាក់ផងដែរថា ក្រៅពី Spinning Top បានយ៉ាងជោគជ័យ លោក Nimrod Back ក៏បានសហការជាមួយដៃគូរផ្សេងៗទៀតកែច្នៃរបស់ធម្មតាផ្សេងៗឱ្យក្លាយជារបស់ថ្មីនិងអស្ចារ្យផ្សេងទៀតផងដែរ ដូចជាផលិតគ្រាប់ឡូកឡាក់ឱ្យឡូតដោយខ្លួនឯងបាន ដោយគ្រាន់តែយើងទះដៃឬគោះតុ ហើយផលិតផលនេះក៏លក់ដាច់យ៉ាងខ្លាំងផងដែរ។

មេរៀនដែលអាចរៀនសូត្របានពីលោក Nimrod Back នោះគឺ ប្រសិនបើឃើញផលិតផលអ្វីមួយ មានដាក់លក់នៅលើទីផ្សារច្រើនក៏ដោយ មិនប្រាកដថាយើងមិនអាចរកស៊ីលើផលិតផលនោះដូចគេកើតទេ ប៉ុន្ដែយើងគួរតែព្យាយាមច្នៃប្រឌិតឬបញ្ជូលអ្វីដែលអស្ចារ្យបន្ថែមចូលទៅក្នុងផលិតផលនោះ ពោលគឺធ្វើឱ្យមានចំណុចពិសេសលើសពីអ្នកដទៃ។ ជាក់ស្ដែង ក្រោយពី Nimrod Back អាចច្នៃផលិត Spinning Top ដែលអាចវិលមិនដួលរយៈពេល២៧ម៉ោង មនុស្សម្នាជាច្រើនបាននាំគ្នាងាកមកទិញផលិតផលរបស់គាត់ ហើយស្ទើរតែភ្លេចឬលែងចង់ទិញ Spinning Top ធម្មតាៗទៀតហើយ៕

ប្រភព: Business Cambodia

上一篇:How to Improve Employee Development 下一篇:如何进行你的初次低成本创业?