នៅពេលអ្នកមានបំណងចង់ធ្វើអាជីវកម្មឬចង់ក្លាយខ្លួនជាសហគ្រិនម្នាក់ អ្នកប្រាកដណាស់ថា ត្រូវផ្លាស់ប្តូរការគិតខ្លះៗ ដែលអ្នកមិនធ្លាប់មាន ភាពជាសហគ្រិនមិនអាចធ្វើចិត្តធម្មតាដូចមនុស្សធម្មតាបានទេ សហគ្រិន គឹឺជាមនុស្សពុះពារឧបសគ្គជាងមនុស្សធម្មតា រីឯចិត្តវិញមិនមែនចេះតែខឹងនោះទេ ។ ដូចខាងក្រោមនេះជាចំណុចមួយចំនួនដែលសហគ្រិនខ្នាតតូច មធ្យម អាចអនុវត្តបាន ៖

១. ត្រូវមានភាពច្បាស់លាស់លើចក្ខុវិស័យរបស់អ្នក ៖ ការទទួលបានភាពច្បាស់លាស់ មានន័យថា ការយល់ដឹងច្បាស់ អំពីអ្វីដែលអ្នកចង់បាន និងចង់ធ្វើ ។ មនុស្សភាគច្រើនរញ៉េរញ៉ៃ វិលវល់ នៅពេលជួបឧបសគ្គដំបូង ក៏ព្រោះថា ពួកគេមិនដឹងថា អ្វីដែលពួកគេចង់បាន ហើយអ្វីដែលជាអាទិភាពត្រូវផ្តោតអារម្មណ៍លើ ។ អ្នកត្រូវមានចក្ខុវិស័យច្បាស់លាស់ និងជាក់លាក់នូវអ្វីដែលអ្នកចង់បាន មុនពេលអ្នកអាចឈានទៅមុខបាន ។

២. ដកអ្វីដែលជាការរាំស្ទះចេញ ៖ មនុស្សភាគច្រើនតែងតែមានគំនិត និងការជឿជាក់លើខ្លួនឯងរៀងៗខ្លួន ប៉ុន្តែប្រសិនបើការជឿជាក់របស់អ្នក មើល ទៅមិនអាចបន្តបាន អ្នកក៏គួរតែគិតពិចារណាលើការជឿជាក់អ្វីមួយផ្សេងទៀតផងដែរ ។ ប៉ុន្តែប្រសិនបើអ្នកមានភាពប្រាកដប្រជា ជាមួយវា អ្នកគួរធ្វើវាហើយចាប់ផ្តើមឈានជំហានម្តងមួយៗ ។ ធ្វើយ៉ាងត្រូវប្រាកដថាផ្លូវដែលអ្នកនឹងដើរមិនមានភាពសង្ស័យ ។

៣. ជំនឿរបស់អ្នកដែលធ្លាប់មាន គួរតែជំនួសមកវិញនូវជំនឿថ្មី ៖ មានមនុស្សខ្លះមានភាពជឿជាក់លើខ្លួនឯងខ្លាំងណាស់ (មិនសូវទទួលយកមតិពីអ្នកដទៃ) គិតថា ខ្លួនឯងគិតត្រូវជានិច្ច ក្នុងភាពជាសហគ្រិនគេត្រូវមានភាពបត់បែន ដោយការទុកគំនិតចាស់ហើយបូកជាមួយគំនិតថ្មី គំនិតថ្មីភាគច្រើននៃអ្នកអាជីវកម្មច្រើនតែគិតលើភាពវិជ្ជមានរហូត (គេគិតថាគេធ្វើបានរហូត បើទោះបីដួលប៉ុន្មានដងមកហើយ) ។ នៅពេលអ្នកធ្វើបែបនេះ នោះមានន័យថាអ្នកកំពុងលាងសម្អាតខួរក្បាលរបស់អ្នក និងបញ្ចូលអ្វីមួយថ្មី ដែលអាចឱ្យអ្នកទទួលបានជោគជ័យនិងលទ្ធភាពថ្មី ។ ភាពជាសហគ្រិន អ្នកត្រូវចាកចេញពីកំហឹង ការឈឺចាប់ ការខកចិត្ត ភាពសោកសៅ និងអារម្មណ៍អស់សង្ឃឹម ដែលអ្នកធ្លាប់មាន ដោយជំនួសមកវិញនូវអារម្មណ៍ដែលមានក្តីសង្ឃឹម ភាពវិជ្ជមាន ការអាណិតអាសូរ និងសេចក្តីសប្បុរស ចំពោះខ្លួនឯង និងអ្នកដទៃ ។

៤. ពង្រីកចក្ខុវិស័យវែងឆ្ងាយរបស់អ្នក ៖ ក្នុងភាពជាសហគ្រិន អ្នកគួរប្រើតិកនិច បច្ចេកទេស ការបង្ហាញ ការអះអាងពីចក្ខុវិស័យវែងឆ្ងាយរបស់អ្នក ទៅដល់មនុស្សនៅជុំវិញអ្នក ដើម្បីទាក់ទាញពួកគេនូវអ្វីដែលអ្នកចង់បាន ឱ្យចូលមកក្នុងជីវិតនិងការងាររបស់អ្នក ។ ជាមួយនឹងជំនឿដែលមានដែនកំណត់អ្នកគួរចាកចេញពីផ្លូវនេះ និងចូរចាប់ផ្តើមសុបិន្តរបស់អ្នកឱ្យកាន់តែធំ នៅពេលអ្នកមានសុបិន្តកាន់តែធំ នោះអ្នកនឹងមានចក្ខុវិស័យកាន់តែវែងឆ្ងាយដោយស្វ័យប្រវត្តិ ។

៥. អ្នកត្រូវមានសកម្មភាព ដើម្បីបំផុសគំនិតរបស់អ្នក ៖ សហគ្រិន មិនអាចចាំតែអង្គុយរង់ចាំភាពជោគជ័យមករកអ្នកបានទេ អ្នកត្រូវតែចាត់វិធានការ និងធ្វើឱ្យវាកើតឡើង មានន័យថាអ្នកជាអ្នកដើរទៅរកភាពជោគជ័យ ។ នៅពេលអ្នកកាន់តែធ្វើ កាន់តែមានសកម្មភាពច្រើន នោះអ្នកកាន់តែមានគំនិតច្រើន អ្នកដឹងច្រើន ដូចនេះមានតែការធ្វើសកម្មភាពទេ អាចជួយអ្នកឱ្យទទួលបានជោគជ័យធំធេងបំផុត ៕ 


ប្រភព៖ Forbes

上一篇:Young Money: How To Fund A Startup 下一篇:三种方法判断一个产品该不该做?