ប្រទេសជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនខ្លាំងលើផ្នែកបច្ចេកវិទ្យានិងសេដ្ឋកិច្ច។ ចំណែកឯប្រជាជនជប៉ុនវិញ គឺជាជាតិសាសន៍មួយដែលពិភពលោកមានការគោរពស្រលាញ់ជាខ្លាំង ដោយសារជាតិសាសន៍មួយនេះមានសីលធម៌ល្អ ស្មោះត្រង់ ម៉ត់ចត់ និងការគោរព។ តើជប៉ុនមានចំណុចល្អអ្វីខ្លះដែលធ្វើឲ្យពិភពលោកកោតសរសើរខ្លាំងបែបនេះ?

ទាក់ទឹននឹងរឿងនេះ Business Cambodia សូមលើកយក ចំណុចជោគជ័យ៥យ៉ាង របស់ប្រទេសជប៉ុន ដែលធ្វើឲ្យពិភពលោកកោតស្ញប់ស្ញែង មានដូចខាងក្រោម៖

១.ការអត់ធ្មត់

ប្រជាជនជប៉ុនតែងតែបង្ហាញនូវទឹកមុខក្លាហាន និងមឹងម៉ាតសូម្បីតែពេលដ៏អាក្រក់បំផុតក៏ដោយ។ ដូចជា នៅពេលដែលទម្លាក់គ្រាប់បែកអាតូម ឬគ្រោះមហន្តរាយនុយគ្លេអ៊ែហ្វូគូស៊ីម៉ា និងការឡើងចុះខ្លាំងនៃហាងឆេងលុយ ដែលបណ្តាលមកពីកត្តាមនុស្ស និងគ្រោះធម្មជាតិជាដើម។ ជប៉ុននៅតែមានស្មារតីនឹងធឹងអង់អាចក្លាហានប្រឈមមុខនឹងបញ្ហា ព្យាយាមស្វែងរកដំណោះស្រាយហើយបន្តដំណើរទៅមុខទៀត។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ជប៉ុនមានសេចក្តីអត់ធ្មត់ និងមានការតស៊ូខ្ពស់ ដែលពិភពលោកគួរយកតម្រាប់តាម។

២. ភាពច្បាស់លាស់    

ប្រទេសជប៉ុនមានភាពល្បីល្បាញខ្លាំងអំពីការគ្រប់គ្រង និងការឲ្យតម្លៃខ្ពស់នៃពេលវេលា ប្រកបដោយភាពវាងវៃ និងប្រសិទ្ធភាពខ្ពស់។ ប្រជាជនជប៉ុនគ្រប់រូប មិនថាវយ័ចាស់ឬក្មេងនោះទេ ពួកគេតែងមានកំណត់ហេតុប្រចាំថ្ងៃ ដើម្បីរៀបចំគម្រោងនិងព្រឹត្តិការណ៍ប្រចាំថ្ងៃ ក្នុងការធ្វើឲ្យប្រាកដថាសម្រេចកិច្ចការទទួលបានលទ្ធផលទាំងអស់ និងតាមពេលកំណត់។ ជាក់ស្តែង ការពន្យាពេលប្រចាំឆ្នាំនៃរថភ្លើងក្នុងប្រទេសជប៉ុនជាមធ្យមប្រហែល ៧វិនាទី។ នេះគឺជាភសត្តុតាងបង្ហាញពីភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃប្រទេសនិងប្រជាជនរបស់ខ្លួន។

៣.វិន័យ

យើងដឹងរួចមកហើយថាប្រទេសជប៉ុនជាប្រទេសដែលមានវិន័យ ដោយពលរដ្ឋជប៉ុនគ្រប់រូបមានការគោរពគួសម គោរពច្បាប់ និងអនុវត្តន៍តាមបទបញ្ជានិងបទបញ្ញត្តិនានាដែលបានចែង។ ដូចជា មិននិយាយទូរស័ព្ទក្នុងរថភ្លើង ជួយមនុស្សដែលមានការលំបាកជាងខ្លួនជាមុន ហើយមិនត្រូវចោលសំរាមនៅទីសាធារណៈជាដើម។ ករណីទាំងនេះបានឆ្លុះបញ្ចាំងអំពីមូលដ្ឋានគ្រឹះនៃភាពស្មោះត្រង់ និងវិន័យរបស់ប្រជាជនជប៉ុន។  ហើយវាបានបង្ហាញឲ្យឃើញថាអ្វីដែលជាតិសាសន៍នេះត្រូវការសម្រាប់ប្រទេសជាតិ និងការរីកចម្រើននោះគឺកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋខ្លួនក្នុងការរក្សាប្រទេសឱ្យមានភាពស្អាតស្អំដំណើរការដោយរលូន និងមានប្រសិទ្ធភាព។

៤. ការគោរព

រាល់ពេលដែលឳនសួរសុខទុក្ខអ្នកដទៃ និយាយទន់ភ្លន់ប្រកបដោយសប្បុរសធម៌ចំពោះអ្នកដទៃ  ការជួយនិងស្រលាញ់ធម្មជាតិទាំងអស់នេះបានបង្ហាញថាប្រជាជនជប៉ុនមានចរិតគួរសមនិងមានទឹកចិត្តល្អ។ សកម្មភាពទាំងនេះមានដូចជា ការជួយអ្នកទេសចរណ៍ដោយប្រើភាសាឬទិសដៅ ជួយមនុស្សមានឥរិយាបទខុសគ្នា គោរពមនុស្សដទៃទៀតនិងការប្រើពាក្យ ស្វាគមន៍ រួមទាំងបង្ហាញស្នាមញញឹមនៅលើមុខនិងសំលេងដ៏ស្រទន់របស់ពួកគេ ប្រកបដោយភាពកក់ក្តៅ។

៥. ភាពល្អឥតខ្ចោះនិងគុណភាព

ប្រសិទ្ធភាពខ្ពស់ មានភាពឆាប់រហ័ស និងគ្មានកំហុសឆ្គង នេះគឺជាចរិតលក្ខណៈក្នុងការបំពេញការងាររបស់ជនជាតិជប៉ុន។ ហើយរាល់ដំណើរការនិងប្រព័ន្ធទាំងអស់នៅក្នុងប្រទេសជប៉ុនពិតជារលូននិងគ្មានការរំខាននោះទេ។ ចំណែកឯមនុស្សនិងបច្ចេកវិទ្យាដើរទន្ទឹមគ្នាដើម្បីធានាបាននូវកម្រិតនៃភាពល្អឥតខ្ចោះនិងភាពជាក់លាក់លើគ្រប់វិស័យ។


ប្រភព: Business Cambodia 

上一篇:Cambodia’s Digital Economic Plans 下一篇:Best Cryptocurrency to Buy – Which Is Best?